ស្នៀតពោតគឺជាពោតតូចៗដែលមិនទាន់ធំរូបរាងជាផ្លែពោតនៅឡើយដែលគេពេញនិយមបេះវាជាបន្លែទទួលទាន ថែមទាំងបានក្លាយទៅជាបន្លែដ៏ពេញនិយមមួយផងដែរ ដោយសារតែរសជាតិផ្អែមឆ្ងាញ់ ស្រួយៗ ដែលគេនិយមយកមកទទួលទានចំអិនជាអាហារស្ទើរតែគ្រប់មុខទាំងឆៅ និងឆ្អិន។
ក្រៅពីឆ្ងាញ់ ស្នៀតពោត ត្រូវបានគេដឹងថាមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពដូចជា៖
១. ជួយបន្ថយសម្ពាធឈាម
ស្នៀតពោតសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាធាតុដ៏សំខាន់មួយនៅក្នុងចំណោមសារធាតុសំខាន់ជាច្រើនផ្សេងទៀតដែលមាននៅក្នុងស្នៀតពោត។ ជាតិប៉ូតាស្យូមនេះ មានសារសំខាន់ណាស់សម្រាប់អ្នកដែលមានសម្ពាធឈាមឡើងខ្ពស់។
ដូច្នេះប្រសិនជាអ្នកមានជំងឺលើសឈាម និងចង់គ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតប្រក្រតីចៀសវាងហានិភ័យគ្រោះថ្នាក់ផ្សេងៗ អ្នកគ្រាន់តែទទួលទានស្នៀតពោតជារបបអាហារប្រចាំថ្ងៃឱ្យបានច្រើនតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។
២. ជំនួយសុខភាពភ្នែក
វីតាមីន A ដែលមាននៅក្នុងស្នៀតពោត អាចជួយពង្រឹងដល់សុខភាពកែវភ្នែក ធ្វើឱ្យកែវភ្នែកភ្លឺថ្លាស្រឡះល្អ ការពារអាការស្រវាំងភ្នែកបានផងដែរ។ ម្យ៉ាងវិញទៀតស្នៀតពោត ថែមទាំងអាចការពារសុខភាពភ្នែកពីជំងឺភ្នែកផ្សេងៗជាច្រើន ជាពិសេសជំងឺងងឹតភ្នែកតែម្តង។
៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
វីតាមីន C នៅក្នុងស្នៀតពោតអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំការពារពីជំងឺតម្កាត់ផ្សេងៗ ថែមទាំងអាចធ្វើឱ្យរាងកាយអាចស្រូបសារធាតុវីតាមីន C បានល្អមកចិញ្ចឹមរាងកាយផងដែរ។
៤. ការពារ និងព្យាបាលជំងឺទល់លាមក
ស្នៀតពោតសម្បូរទៅដោយជាតិកាកសសៃ ដែលអាចជំនួយដល់ប្រព័ន្ធរំលាយអាហារ សម្រួលដល់សុខភាពក្រពះពោះវៀន ធ្វើឱ្យការរំលាយអាហារដំណើរការល្អ ជាពិសេសបំលែងកាប្រូអ៊ីដ្រាតទៅជាថាមពលបានល្អ កម្ចាត់ជាតិពុលពីក្នុងខ្លួន ថែមទាំងអាចការពារ និងព្យាបាលអាការទល់លាមកបានផងដែរ។
៥. ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
ជាតិកាកសសៃដ៏ច្រើនលើសលប់នៅក្នុងស្នៀតពោត ដើរតួនាទីសំខាន់ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ ជាពិសេសពន្យារពេលនៃការវិវឌ្ឍន៍នៃជំងឺមហារីកដំណាក់កាលចុងក្រោយគ្រោះថ្នាក់តែម្តង។ ដូច្នេះដើម្បីការពារពីការកើតជំងឺមហារីកអ្នកគួរតែទទួលទានស្នៀតពោតជាប្រចាំ។
៦. ជួយដល់ការសម្រកទម្ងន់
ស្នៀតពោតមានកាឡូរីតិចបំផុត ជាពិសេសគឺជាតិកាកសសៃហ្វៃបឺតែម្តង ដែល ថែមទាំងអាចធ្វើឱ្យអ្នកឆ្អែតបានយូរផងដែររាល់ពេលទទួលទាន។ ដូច្នេះដើម្បីសម្រកទម្ងន់ និងមិនចង់ឱ្យមាត់ចេះតែឃ្លានមិនឈប់នោះទេ អ្នកអាចយកស្នៀតពោតជារបបអាហារទទួលទានបានផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក