ថ្ងៃមួយម្ដាយបាននិយាយទៅកាន់កូនស្រីរបស់គាត់ថាមនុស្សយើងមានប្រុសមានស្រីកើតមកសម្រាប់ធ្វើជាគូនឹងគ្នា។ ជាក់ស្ដែងមានមនុស្សប្រុសច្រើនណាស់ ដែលកូនស្គាល់ ក្នុងចំណោមនោះក៏ប្រហែលជាមានមនុស្សម្នាក់ដែលកូនមានចិត្តស្រលាញ់ តែមិនសក្ដិសមនឹងកូន និងអ្នកខ្លះសក្ដិសមតែកូនមិនស្រលាញ់ឬគេមិនស្រលាញ់កូន។
តើកូនចង់ដឹងទេបុរសបែបណាទើបសក្ដិសមនឹងកូន?បុរសដែលសក្ដិសមនឹងកូនជាបុរសដែលស្រលាញ់អ្វីដែលជាកូនពិតហ៊ានលះបង់ដើម្បីកូនដល់កម្រិតណា ផ្ដល់តម្លៃកូនក្នុងឋានៈជាភរិយា។
បើកូនចង់ដឹងថា គេស្រលាញ់កូនពិតឬទេ ចូរកូនកុំប្រើត្រចៀកស្ដាប់ កុំប្រើភ្នែកមើលអ្វីដែលគេគ្រាន់តែធ្វើនឹងមុខកូន តែកូនប្រើបេះដូងនិងអារម្មណ៍របស់កូនមើលពីទំហំនៃក្ដីស្រលាញ់នោះ។
បើកូនចង់ដឹងថាគេសក្ដិសមឲ្យកូនផ្ញើអនាគតឬទេ?ចូរកូនកុំសម្រេចចិត្តទៅលើរបស់ទ្រព្យអ្វីដែលគេមានតែត្រូវសម្រេចចិត្តដោយផ្អែកទៅលើស្នាមញញឹមនិងទឹកភ្នែករបស់កូនដែលកើតឡើងដោយសារគេ។
ប្រសិនកូនស្រក់ទឹកភ្នែកគ្រប់ពេលដោយសារគេ នោះមានន័យថាកូនស្រលាញ់គេខ្លាំងតែគេមិនបានស្រលាញ់កូនវិញឡើយព្រោះបើគេស្រលាញ់កូនគេនឹងមិនឲ្យកូនយំដោយសារគេទេទោះបើគេមានវណ្ណៈស្ដុកស្ដម្ភប៉ុណ្ណាក៏គេគ្មានលក្ខណៈសមជាបុរសដែលកូនគួរផ្ញើអនាគតដែរ។
បើគេជាមនុស្សម្នាក់ដែលធ្វើឲ្យកូនញញឹមរាល់ពេលនិងគិតដល់កូននោះទើបជាមនុស្សដែលអាចផ្ដល់សុភមង្គលនិងភាពកក់ក្ដៅដល់កូនបានទោះបើគេមានវណ្ណៈមិនស្ដុកស្ដម្ភរូបសម្បត្តិមិនល្អប្រណីតក៏កូនគួរផ្ញើចិត្តជាមួយព្រោះគេជាមនុស្សដែលអាចមើលថែការពារបារម្ភនិងស្រលាញ់កូនពិតប្រាកដ។
ចូរកូនកុំជ្រើសរើសភាពស្រណុកសុខស្រួលតែផ្លូវកាយហើយទឹកភ្នែកវេទនាផ្លូវចិត្តតែកូនគួរជ្រើសរើសភាពនឿយហត់នឹងការងារការសប្បាយរីករាយមានសេរីភាពនិងការឲ្យតម្លៃជាមួយគ្រួសារកក់ក្ដៅតូចមួយ។
រើសយកមនុស្សម្នាក់ដែលហ៊ានបង្ហាញអ្នកដទៃ ថាកូនជាមនុស្សស្រីដែលគេស្រលាញ់ ហ៊ានបង្ហាញសាច់ញាតិគ្រួសារគេ ហ៊ានប្រាប់នូវគ្រប់រឿងរ៉ាវរបស់គេ គេជាមនុស្សដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីកូន។
គេទើបសក្ដិសមនឹងកូន ម៉ាក់ក៏ជឿជាក់ថា កូននឹងរើសផ្លូវដ៏ល្អបំផុតសម្រាប់វីថិជីវិតកូន ហើយត្រូវចាំថា អ្វីដែលយើងមានរាល់ថ្ងៃនេះ គឺគ្រប់គ្រាន់ហើយសប្បាយចិត្តទទួលយកលទ្ធផលដែលយើងធ្វើ៕
អត្ថបទដកស្រងពី៖ 村上 ソクサンポア (Samphors S Korm)