មនុស្សធំពេញវ័យ ច្បាស់ណាស់ថា ប្រាកដជាត្រូវមានស្នេហា ប៉ុន្តែមិនមែនមានន័យថា អ្នកដែលមានស្នេហាទាំងអស់ សុទ្ធតែមានការយល់ដឹង និងចាស់ទុំក្នុងរឿងស្នេហានោះឡើយ។
តើស្រឡាញ់បែបឆ្លាតបែបណា ស្រឡាញ់បែបចាស់ទុំបែបណា?
ស្រឡាញ់បែបឆ្លាត មិនមែនមានន័យថា ឱ្យអ្នកឆ្លាតខ្សែលើដៃគូ ឬមនុស្សដែលអ្នកស្រឡាញ់នោះទេ តែការដែលឆ្លាតគឺមានន័យថា អ្នកត្រូវឆ្លាត វាងវៃ ដឹងថាក្ដីស្រឡាញ់ៗនន័យបែបណា?
- កុំបែកបាក់គ្នាព្រោះមានអារម្មណ៍ថាធុញ អផ្សុក ត្រឹមមួយគ្រាពីរគ្រា។
- កុំបែកបាក់គ្នាព្រោះតែភាពល្ងង់ខ្លៅ ខឹងច្រឡោតមួយពេល។
- កុំបែកបាក់គ្នាព្រោះតែអារម្មណ៍មិនល្អ ដោយសារតែបញ្ហាមកពីក្រៅ។
- កុំបែកគ្នាព្រោះតែចិត្តប្រចណ្ឌ ហួងហែងខុសទំនង។
- កុំបែកបាក់គ្នាព្រោះការយកចិត្តទុកដាក់ជ្រុលខ្លាំងពេក។
- កុំបែកបាក់គ្នាព្រោះតែបេះដូងអ្នក ឬមានអ្នកទីបីចូលមកជ្រៀតជ្រែក។
- កុំបែកបាក់គ្នាព្រោះតែរឿងចាស់ រឿងអតីត ឬសង្សារចាស់។
- កុំបែកបាក់គ្នាព្រោះតែរឿងមិនសមហេតុផល រឿងដែលមិនយល់ចិត្តគ្នាមួយចំនួន។
- កុំបណ្ដោយឱ្យចិត្តស្រឡាញ់ទាំងងងឹតងងល់ រហូតដល់មើលមិនដឹងដៃគូខុស ឬត្រូវ នៅតែព្រមតាមចិត្តគេ ទាំងមិនដឹងទិសតំបន់។
- កុំស្រឡាញ់ទាំងល្ងង់ខ្លៅ រហូតដល់ថ្នាក់ដៃគូក្បត់ ធ្វើបាបហើយនៅតែទ្រាំឱ្យសោះ។
- មនុស្សឆ្លាត ប្រើការស្រឡាញ់ដោយទំនុកចិត្ត និងជឿជាក់ ចេះឱ្យតម្លៃ និងថែរក្សាកិត្តិយសជូនដៃគូ មិនមែនចេះតែប្រចណ្ឌហួងហែង បិទសិទ្ធិដៃគូគ្រប់ពេលវេលានោះឡើយ។
ចូរស្រឡាញ់គ្នាបែបចាស់ទុំ អ្នកខ្លះអាយុតិចក៏ពិតមែន អ្នកក៏អាចស្រឡាញ់បានដែរ ឱ្យតែអ្នកមានចិត្តគំនិតចាស់ទុំ មានការយល់ដឹងចំពោះរឿងស្នេហា និងការស្រឡាញ់បានច្បាស់ ចេះបែងចែកចំពោះស្នេហា ការងារ ចេះរំលែកពេលវេលាដាច់ពីគ្នា កុំដោយសារតែស្នេហា ធ្វើឱ្យបាត់បង់ការងារ ហើយក៏កុំដោយសារតែការងារ បែរជាទុកមនុស្សជាទីស្រឡាញ់ចោល។
ស្រឡាញ់បែបចាស់ទុំ ត្រូវចិត្តធ្ងន់ មានការអំណត់ឱ្យបានខ្ពស់ ចេះអនុគ្រោះ អធ្យាស្រ័យឱ្យគ្នា ចេះជួយកែលំអគ្នាទៅវិញទៅមក អត់ឱន យោគយល់ដល់គ្នា យល់ចិត្តគ្នាឱ្យបានច្រើន កុំយល់តែចិត្តខ្លួនឯង កុំងរងក់ច្រើនពេក កុំខឹងរករឿងឈ្លោះប្រកែក ប្រចណ្ឌហួងហែង ធ្វើដូចកូនក្មេងឱ្យសោះ មនុស្សធំៗងស់ហើយ ចូរស្រឡាញ់គ្នា គោរព ឱ្យតម្លៃ រក្សាកិត្តិយសឱ្យគ្នា ទើបជីវិតស្នេហារបស់អ្នក មានសុភមង្គល និងបានខិតថេរជាមួយគ្នារហូតទៅ...៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ