ចម្រៀងមួយបទដែលគេច្រៀងថា "កាលគ្រាក្រ ស្រីល្អនោះនៅឯណា ... " ត្រង់ឃ្លានេះគឺមានន័យថា កាលនៅក្រលំបាក វេទនា រួមសុខរួមទុក្ខជាមួយគ្នា ជូរចត់ក៏មិនទៅណា ដល់ពេលមានបាន ម៉េចក៏ចាប់ផ្ដើមសាវា មានស្រីខាងក្រៅ ធ្វើបាបចិត្តប្រពន្ធដែលធ្លាប់រួមទុក្ខជាមួយបែបនេះ?
ដែលពាក្យមួយឃ្លាគេនិយាយថា "ពេលក្រខ្សត់ដឹកដៃគ្នាចូលធនាគារ ដល់ពេលមានបានធូរធារ បែរជាដឹកដៃគ្នាឡើងតុលាការ" នេះវាក៏មានពិតមែន ដល់ពេលមានគំនិតមិនស្មោះត្រង់នឹងគ្នា មិនយូរមិនឆាប់ ប្រាកដជាបែកចែកផ្លូវ ដឹកដៃគ្នាទៅតុលាការ ធ្វើលិខិតលែងលះ ចែកទ្រព្យសម្បត្តិគ្នា ពីប្ដីប្រពន្ធដែលធ្លាប់តែក្រខ្សត់ លំបាកជាមួយគ្នា តស៊ូ កសាងគ្រប់យ៉ាងមកជាមួយគ្នា ចុងក្រោយ ក៏បែរជាឈ្លោះទាស់ បែងចែកទ្រព្យសម្បត្តិចែកកូនគ្នា នេះឬប្ដីប្រពន្ធ? អ្វីៗគឺមកពីចិត្តគំនិតរបស់មនុស្ស មិនចេះថែរក្សាអ្វីដែលខ្លួនមាន បែរជាជ្រើមជ្រួល ភ្លើតភ្លើន ចង់បានតែអ្វីដែលថ្មី អ្វីដែលបានតែមួយឆាវ សួរថា បើលែងប្ដី លែងប្រពន្ធ ដែលធ្លាប់កម្សត់កម្រជាមួយគ្នាហើយ គិតថា អ្នកក្រោយគេអាចរស់នៅល្អល្អូកល្អើននឹងយើងបានយូរអង្វែងមែនទេ? មិនអាចទេ វាតិចណាស់ ដែលអាចបានល្អ ព្រោះយើងបានបោះចោលដុំពេជ្រ មកស្រវាដុំថ្មទៅហើយ ចុងក្រោយនឹងត្រូវសោកស្ដាយ មានវិប្បដិសារីពេញមួយជីវិត៕
អត្ថបទ ៖ ភី អេកក / ក្នុងស្រុករក្សាសិទ្ធ