តម្លៃជីវិត
ទោះបីជាដឹងថាជីវិតនេះ ត្រូវធន់ទ្រាំតស៊ូប្រឈមជាមួយនឹងច្បាប់ធម្មជាតិ គឺការស្រេកឃ្លាន កង្វះខាត ស្រលាញ់ស្អប់ សើចយំទ្រាំនឹងសេចក្ដីទុក្ខលំបាក ដែលជាបញ្ហាចោទឡើងនៅជុំវិញផង និងចាស់ផង ឈឺ ស្លាប់ផងយ៉ាងណា ក៏មិនអាចនៅស្ងៀមព្រងើយបណ្ដោយឲ្យជីវិតធ្លាក់ចុះ កាន់ភាពមហន្តរាយ បានដោយងាយនោះទេ។កុំថាឡើយចំពោះអ្នកដែលដើតមក មានកាយសម្បទាគ្រប់គ្រាន់ សូម្បីតែអ្នកពិកលពិការ ក៏ខំត្រដរដើរសំទានគេ ដើម្បីរក្សាការពារជីវិតឲ្យបានរស់នៅ ទោះបីជាបានព្រឹកខ្វះល្ងាចក៏ដោយ។
គ្រឿងសម្ភារៈទាំងឡាយ ដែលមនុស្សសាងសង់បង្កើតឡើង គឺសម្រាប់បម្រើសម្រួលដល់ជីវភាពរបស់មនុស្ស។ គ្រឿងជំនិះមានយន្ត យាន ទីជម្រកជ្រកអាស្រ័យនៅគ្រឿងអលង្ការទាំងឡាយមានមាសពេជ្រកែវកងពិនទូរ្យសូរិកានទាំងអម្បាលម៉ានដែលគេបានរតនាច្នៃ ឲ្យបានទៅជាខ្សែក ខ្សែដៃ ចិញ្ជៀន ទំហ៊ូមានពន្លឺឆ្លុះចាំងឡើងចិញ្ចាចចិញ្ចែង។
គេបានឲ្យតម្លៃទៅលើវត្ថុទាំងអស់នោះ ទោះជាតម្លៃខ្ពស់ទាប តិចច្រើនយ៉ាងណា តែកុំភ្លេចថារបស់ទាំងនោះ គេអាចដាក់លក់លើទីផ្សារ អាចកាត់ថ្លៃលក់ចេញទិញចូល ទៅតាមចំណូលចំណង់របស់មនុស្សនិងគ្រាន់តែជារបស់សម្រាប់បម្រើការ ឬសម្រាប់ជាលំអរតាក់តែងប្រដាប់រាងកាយរបស់បុរសស្ត្រីទាំងឡាយហ្នឹងឯង ឃើញថាមិនអាចយកមកប្រៀបផ្ទឹមនឹងជីវិតបានដែរ ព្រោះជីវិតនេះគេមិនអាចដាក់លក់តាមទីផ្សារ លក់ចេញទិញចូល ផ្លាស់ប្ដូរគ្នាបានឡើយ។
ទោះបីជាការរស់នៅដោយទ័លច្រកខកចិត្ត ដោយប្រការណាមួយក៏តាមចុះ ម្ចាស់ជីវិតនៅតែខំការពារ ព្យាយាមរហូតដល់អស់សមត្ថភាព ព្រោះហេតុដូច្នេះហើយ ទើបមនុស្សនាំគ្នាឲ្យតម្លៃទៅលើជីវិត។
ការឲ្យតម្លៃទៅលើជីវិត ដោយការស្រលាញ់ប្រកាន់ជាប់ជំពាក់យ៉ាងនេះ រមែងធ្លាក់ចុះក្នុងសេចក្ដីវង្វេង ងងឹតរហូតធ្វើឲ្យចិត្តលែងដឹងយល់នៅអ្វីជាសភាវពិតរបស់ជីវិត។
ទើបមានមនុស្សច្រើនណាស់ បានក្លាយទៅជាអាត្មានិយមគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអ្វីៗទៅតាមចំណូលចំណង់របស់ខ្លួន ដោយឥតបានគិតអំពីចិត្តអ្នកដទៃឡើយ សូម្បីតែទង្វើនៃខ្លួនប៉ះពាល់សង្កត់សង្កិន បៀតបៀន ធ្វើទុក្ខបុកម្នេញ ឲ្យដល់អ្នកដទៃសោកសៅ កន្ទក់កន្ទេញយ៉ាងណា ក៏មិនអើពើយកភ្នែកមើលដែរ។
បើដូច្នេះ ពាក្យថាស្រលាញ់ខ្លួន ការឲ្យតម្លៃទៅលើជីវិតតើត្រឹមត្រូវតាមផ្លូវព្រះពុទ្ធសាសនាដែររឺទេ? គឺពិតជាមិនត្រឹមត្រូវទេ ព្រោះការស្រលាញ់ខ្លួនក្ដី ការឲ្យតម្លៃទៅលើជីវិតក្ដី គឺត្រឹមតែជាការស្រលាញ់ ប្រកាន់ជាប់ជំពាក់ហួងហែងការពារ ធ្វើអ្វីៗទៅតាមសេចក្ដីប្រាថ្នា ឥតគិតពិចារណា ថាជាអំពើអាក្រក់ល្អ បាបបុណ្យគុណទោសខុសត្រូវទេនោះ ឃើញថាខុសផ្ទុយស្រឡះ ប្រាសចាកពីព្រះពុទ្ធដីការ។
ដកស្រង់ចេញពីសៀវភៅ៖ ជីវិតកថា