ដូចពាក្យគេថា " មនុស្សបើគេស្រឡាញ់យើង ទោះយើងមិនធ្វើអ្វីសោះ ក៏គេនៅតែស្រឡាញ់យើងដែរ "។
ជាការពិតណាស់ មនុស្សដែលស្រឡាញ់យើងពិតប្រាកដ មនុស្សដែលមានចិត្តស្មោះចំពោះយើង ចង់បានយើងជាគូអនាគត រួមដំណើរជីវិតជាមួយគេ គេនឹងដើរចូលមកក្នុងជីវិតយើងដោយខ្លួនឯង គេនឹងតាមរកយើងដោយខ្លួនឯង មិនបាច់យើងព្យាយាមតាមរកគេនោះទេ។
មនុស្សដែលគ្មានចិត្តឱ្យយើង គ្មាននិស្ស័យជាមួយនឹងយើង ឬមិនបានច្បាស់លាស់នឹងយើង ទោះយើងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគេច្រើនប៉ុនណា ទោះយើងខំលះបង់ឱ្យគេខ្លាំងប៉ុនណា ឬក៏យើងព្យាយាមអូសទាញ ឃុំឃាំងគេទុកទៀត ក៏គេនៅតែចាកចេញពីយើងដដែល គេនៅតែមិនព្រមនៅជាមួយយើងឡើយ។
ផ្ទុយពីមនុស្សដែលស្រឡាញ់យើងស្មោះអស់ពីចិត្ត ស្រឡាញ់យើងស្មើនឹងជីវិតរបស់គេ ទោះយើងស្អប់គេយ៉ាងណា ក៏គេនៅតែមិនចាកចេញ ទោះយើងខំដេញ ក៏គេមិនទៅ ទោះយើងនិយាយថា យើងមិនត្រូវការគេ ក៏គេនៅតែរង់ចាំ និងនៅពីក្រោយចាំមើលថែ និងជួយយើងគ្រប់គ្រា។
មនុស្សដែលស្រឡាញ់យើងបំផុត មិនបាច់យើងរត់ដេញតាមគេ មិនបាច់យើងស្វះស្វែងរកគេទេ ដល់ពេល ដល់វេលា គេក៏នឹងដើរចូលមកក្នុងជីវិតយើងដោយខ្លួនឯង គេក៏ស្ម័គ្រចិត្តរួមសុខ រួមទុក្ខជាមួយនឹងយើងមិនរាថយ ហើយមនុស្សនេះហើយ ដែលគ្មានថ្ងៃនឹងបោះបង់ ឬទុកយើងចោលឡើយ ព្រោះតែគេកើតមក ដើម្បីស្រឡាញ់យើង គេចូលមក ដើម្បីរួមដំណើរជីវិតជាមួយយើងទៅមុខរហូតទៅ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក