ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០
ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណា ក្រុមហ៊ុន Facebook កំពុងតែជួយគាំទ្រដល់ការងាររបស់ សហគមន៍សុខភាពសាធារណៈទូទាំងសកល ដើម្បីរក្សាធ្វើឲ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងទទួលបានព័ត៌មានថ្មីៗ។ ចាប់តាំងពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នពីសុខភាពសាធារណៈជុំវិញវីរុសកូរ៉ូណា កាលពីខែមករា ក្រុមហ៊ុនបានចាត់វិធានការជាច្រើន រួមមាន៖
● ទប់ស្កាត់ព័ត៌មានមិនពិត និងអត្ថបទដែលបង្ករគ្រោះថ្នាក់ អំពីជំងឺកូវីដ-១៩
● ភ្ជាប់ប្រជាពលរដ្ឋឲ្យទទួលបានព័ត៌មានពិត និងប្រភពច្បាស់លាស់ដូចជា WHO និងក្រសួងសុខាភិបាលប្រចាំប្រទេសនីមួយៗ
● ទប់ស្កាត់ការផ្សាយពាណិជ្ជកម្មដែលមានបំណងបង្កើតឲ្យមានការភ័យស្លន់ស្លោ ឬ ក្លែងបន្លំថា មានផលិតផលដែលមានការធានាជាក់លាក់ក្នុងការព្យាបាល ឬការពារវីរុសកូរ៉ូណា
● ហាមឃាត់ជាបណ្តោះអាសន្នលើការផ្សាយពាណិជ្ជកម្ម ឬការផ្សាយតារាងបញ្ជីពាណិជ្ជកម្ម ដែលលក់ម៉ាសការពារ (ម៉ាសពេទ្យ)
● ចូលរួមវិភាគទានក្នុងទឹកប្រាក់២០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់ ជំងឺកូវីដ-១៩ និងផ្តល់សិទ្ធិឲ្យ WHO ផ្សាយពាណិជ្ជដោយឥតគិតប្រាក់ តាមដែលពួកគេត្រូវការដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ
● អ្នកដែលស្វែងរកព័ត៌មានដែលទាក់ទងនឹងវីរុសនេះនៅលើបណ្តាញសង្គម Facebook នឹងទទួលបានការបង្ហាញឲ្យឃើញនូវព័ត៌មានបែបអប់រំ នៅលើប្រអប់លទ្ធផលដែលមានគេចូលមើលច្រើន ជាងគេ ដើម្បីភ្ជាប់ពួកគាត់ទៅនឹងអង្គការសុខភាពដែលជំនាញ ក្នុងនោះរាប់បញ្ចូលទាំង អង្គការសុខភាពពិភពលោក (WHO) ផងដែរ។ យើងបានដាក់ឲ្យដំណើរការនូវកម្មវិធីនេះ ក្នុងរយៈពេល៣ ទៅ៤សប្តាហ៍ចុងក្រោយនេះ ក្នុងគ្រប់ភាសាទាំងអស់ នៅលើ Facebook ដើម្បីណែនាំឲ្យប្រជាពលរដ្ឋ តាមដានព័ត៌មានរបស់ WHO។ ក្នុងប្រទេសជាច្រើន ក្រុមហ៊ុនកំពុងតែណែនាំឲ្យប្រជាពលរដ្ឋតាមដានព័ត៌មាន ពីក្រសួងសុខាភិបាលប្រចាំតំបន់របស់ពួកគាត់។ ឧទាហរណ៍ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនកំពុងតែណែនាំឲ្យ ប្រជាពលរដ្ឋតាមដានព័ត៌មានក្រសួងសុខាភិបាលកម្ពុជា។
● ល្បិចកេងប្រវ័ញ្ញលើការផ្សាយពាណិជ្ជកម្ម
កាលពីម្សិលមិញ ក្រុមហ៊ុនបានដាក់គោលនយោបាយមួយចូលជាធរមាន ដើម្បីទប់ស្កាត់អ្នកដែលព្យាយាមឆ្លៀតឱកាសគ្រាមានអាសន្ននេះ ជាថ្នូរនឹងការចំណេញផ្នែកហិរញ្ញវត្ថុ។ នេះមានន័យថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែទប់ស្កាត់ការផ្សាយពាណិជ្ជកម្មលើផលិតផល ដែលទាក់ទងនឹងវីរុសកូរ៉ូណា តាមមធ្យោបាយជាច្រើន ក្នុងចេទនាបង្កើតឲ្យមានការភិតភ័យ ឬក្លែងបន្លំថា ផលិតផលរបស់ពួកគេអាចព្យាបាល ឬទប់ស្កាត់មិនឲ្យឆ្លងមេរោគកូរ៉ូណាបាន។ ឧទាហរណ៍ ពាណិជ្ជកម្មសម្រាប់ការលក់ម៉ាស ដែលបញ្ជាក់ថា ជាម៉ាសពិសេសដែលមានក្នុងស្តុកស្រាប់ និងមានការអះអាងថា ជាម៉ាសដែលត្រូវបានធានាថា អាចទប់ស្កាត់មេរោគកូរ៉ូណា មិនឲ្យឆ្លងបាននោះ នឹងមិនត្រូវបានអនុញ្ញាតឲ្យបង្ហាញ និងបង្ហោះលើផ្លាតហ្វមរបស់យើងឡើយ។
● ទប់ស្កាត់ព័ត៌មានមិនពិត និងអត្ថបទដែលបង្ករគ្រោះថ្នាក់
បណ្តាញជាសកលនៃក្រុមត្រួតពិនិត្យព័ត៌មានពិតរបស់យើង កំពុងតែធ្វើការរបស់ពួកគេដើម្បីត្រួតពិនិត្យ លើមាតិការផ្សេងៗ និងលុបចោលព័ត៌មានមិនពិតដែលកំពុងតែចែករំលែកទាក់ទងនឹងវីរុសកូរ៉ូណា។ នៅពេលដែលក្រុមការងារចាត់ទុកថា ជាព័ត៌មានមិនពិត យើងនឹងទប់ស្កាត់ការចែករំលែកព័ត៌មាននេះ នៅលើ Facebook និង Instagram និងបង្ហាញឲ្យប្រជាពលរដ្ឋឃើញនូវព័ត៌មានពិតពីដៃគូរបស់យើង។ ក្រុមហ៊ុនក៏ផ្ញើរសារបញ្ជាក់ប្រាប់ឲ្យដឹងមុន ទៅកាន់ប្រជាពលរដ្ឋដែលបានចែករំលែក ឬក៏កំពុងតែព្យាយាម ចែករំលែកព័ត៌មាននេះដើម្បីប្រាប់ឲ្យដឹងថា ព័ត៌មាននេះត្រូវបានត្រួតពិនិត្យរួចរាល់ហើយ។
យើងក៏នឹងចាប់ផ្តើមលុបចោលនូវមាតិការដែលមានព័ត៌មានមិនពិត ឬទ្រីស្តីមិនត្រឹមត្រូវ ផ្ទុយពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយដោយអង្គការសុខភាពសកលឈានមុខគេ និងអាជ្ញាធរសុខាភិបាលប្រចាំតំបន់ ខណៈដែលទង្វើរនេះអាចនឹងបង្ករផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលជឿជាក់លើអង្គភាពទាំងនោះ។
យើងកំពុងតែចាត់វិធានការបែបនេះដែលជាការពង្រីកបន្ថែមទៅលើគោលនរយោបាយដែលមានស្រាប់របស់យើង ក្នុងការលុបចោលមាតិការព័ត៌មានដែលអាចបង្ករគ្រោះថ្នាក់ដល់រាងកាយ។ យើងកំពុងតែផ្តោតលើព័ត៌មាន មិនពិតផ្សេងៗដែលត្រូវបានចាត់ទុកថា ជាការព្យាយាមទប់ស្កាត់ការព្យាបាល ឬការទទួលយកវេជ្ជបញ្ជា ដែលសមរម្យ។ ទាំងនេះរាប់បញ្ចូលទាំងព័ត៌មានដែលទាក់ទងនឹងការព្យាបាល ឬវិធីការពារដែលមិនត្រឹមត្រូវ ដូចជាការផឹកទឹកសាប៊ូ អាចព្យាបាលជំងឺកូរ៉ូណាបាន ឬក៏ព័ត៌មានផ្សេងៗទៀតដែលបង្កើតឲ្យមានការភ័ណ្ឌច្រឡំ អំពីប្រភពផលិតផល ដែលអាចរកជាវបាន។ យើងក៏នឹងប្លុក ឬទប់ស្កាត់ Hashtag (ពាក្យ ឬឃ្លាដែលមានសញ្ញា # នាំមុខ) ដែលត្រូវបានប្រើប្រាស់ដើម្បីចែកចាយព័ត៌មានមិនពិតនៅលើ Instagram ហើយយើងកំពុងតែចាត់ វិធានការផ្សេងៗដើម្បីស្វែងរក និងលុបចោលព័ត៌មានក្លែងក្លាយបែបនេះឲ្យ បានច្រើនតាមដែលយើងអាច។
ផ្លាតហ្វមរបស់យើង កំពុងតែត្រូវបានប្រើប្រាស់រួចជាស្រេចដើម្បីជួយឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត អំពីស្ថានភាពនេះ ក្នុងនោះរាប់បញ្ចូលទាំងអង្គភាពសុខភាពជាសកល និងប្រចាំតំបន់ផងដែរ។ ក្រុមហ៊ុន បានកំពុងតែសហការយ៉ាងជិតស្និទ្ធិជាមួយនឹងអង្គការសុខភាពឈានមុខគេនានា ដើម្បីផ្តល់ភាពងាយស្រួល បន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋដែលកំពុងតែប្រើប្រាស់ Facebook និង Instagram។
ជាឧទាហរណ៍ យើងនឹងជួយឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានថ្មីៗដែលទាក់ទងនឹងជំងឺកូវីដ-១៩ ពីដៃគូនានា តាមរយៈការការបញ្ចេញសារផ្សេងៗ នៅលើ News Feed របស់ Facebook ខណៈដែល ព័ត៌មាននេះ នឹងត្រូវបញ្ចេញឲ្យដោយផ្អែកទៅតាមការណែនាំរបស់ WHO។ នៅពេលដែលប្រជាពលរដ្ឋ ស្វែងរកព័ត៌មាន ដែលទាក់ទងនឹងជំងឺកូរ៉ូណានៅលើ Facebook ឬចុចលើនិមិត្តសញ្ញាដែលជាប់ទាក់ទង លើ Instagram យើងនឹងបង្ហាញសារបែបអប់រំជាមួយនឹងព័ត៌មានដែលជឿទុកចិត្តបាន។ យើងក៏បានផ្តល់ឥណទាន ផ្សាយពាណិជ្ជកម្មដោយឥតគិតប្រាក់ ដើម្បីអាចឲ្យអង្គការនានា រៀបចំយុទ្ធនាការនៃការអប់រំពីវីរុសកូរ៉ូណា នៅលើបណ្តាញសង្គម Facebook និង Instagram នៅក្នុងតំបន់ដែលឆ្លងមេរោគ ផងដែរ ហើយយើងកំពុង តែពិភាក្សាលើវិធីសាស្ត្រផ្សេងៗក្នុងការផ្តល់ជំនួយ និងការគាំទ្របន្ថែមទៀត ដល់អាជ្ញាធរសុខាភិបាល។
● ផ្តល់អំណាចដល់ដៃគូ ជាមួយនឹងឧបករណ៍ទិន្នន័យនានា
ក្រុមហ៊ុនកំពុងតែលើកស្ទួយដល់ក្រុមអ្នកស្រាវជ្រាវឈានមុខគេផ្នែកសុខភាពសាធារណៈរបស់សាកលវិទ្យាល័យ Harvard និងសាកលវិទ្យាល័យជាតិ Tsing Hua នៅតៃវ៉ាន់ តាមរយៈការចែករំលែកទិន្នន័យចល័ត ដែលត្រូវបានរួមបញ្ចូលគ្នា និងត្រូវបានរក្សាការសម្ងាត់ ក៏ដូចជាផែនទីដង់ស៊ីតេប្រជាជនដែលមានរូបភាព ច្បាស់លាស់ ដើម្បីជួយផ្តល់ព័ត៌មានពីគំរូនៃការព្យាកររបស់ពួកគេសម្រាប់ការរាតត្បាតជំងឺកូរ៉ូណា ដែលជាផ្នែកនៃកម្មវិធីរបស់យើងដែលមានឈ្មោះថា Data for Good។ ក្រុមហ៊ុនអាចនឹងពង្រីកការខិតខំ ព្យាយាមទាំងនេះឲ្យកាន់តែទូលំទូលាយបន្ថែមជាមួយនឹងដៃគូនានា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ក្រុមហ៊ុនក៏កំពុងតែជួយដល់ដៃគូទាំងអស់ ឲ្យយល់ច្បាស់ពីរបៀបដែលប្រជាពលរដ្ឋកំពុងតែជជែក លើបញ្ហានេះលើអនឡាញ តាមរយៈឧបករណ៍ផ្សេងៗ ដូចជា CrowdTangle ដើម្បីផ្តល់ព័ត៌មានឲ្យកាន់ តែច្បាស់។
រាល់ជំហាន់ទាំងអស់នេះ មិនទាន់ត្រូវបានអនុវត្តន៍ទាំងស្រុងនៅឡើយទេ។ វានឹងត្រូវការពេលវេលាខ្លះ ដើម្បីដាក់ឲ្យដំណើរការលើផ្លាតហ្វមរបស់យើង និងចាប់ផ្តើមវិធានការពង្រឹងរបស់យើង។ យើងនឹងរក្សាផ្តល់ព័ត៌មានថ្មីៗទៅលើជំហានបន្ថែមផ្សេងៗដែលយើងនឹងធ្វើក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូក្នុងតំបន់ និងជាសកល ស្របពេលដែលស្ថានភាពនេះនៅតែបន្តវិវឌ្ឍ។