ក៏មានពិតមែន មនុស្សប្រុសដែលស្រឡាញ់ ថ្នាក់ថ្នមប្រពន្ធ មិនចង់ឱ្យប្រពន្ធលំបាក ហត់នឿយ ព្រោះតែការធ្វើការ រកស៊ី សុខចិត្តលំបាកនឹងរកលុយតែម្នាក់ឯង។ តែក៏មានដែរ មនុស្សប្រុសដែលមិនឱ្យប្រពន្ធចេញធ្វើការរកស៊ី ក៏ព្រោះតែហួងហែងហួសហេតុ បង្កើតជាការប្រចណ្ឌ មិនចង់ឱ្យប្រពន្ធមានទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសគឺ ប្រុសៗដទៃ។
មនុស្សស្រី បានប្ដីល្អចេញថ្នាក់ថ្នម ចិញ្ចឹម បីបាច់ រកស៊ីចិញ្ចឹម ហៅថាសំណាងធំហើយ តែកុំដោយសារតែពាក្យប្ដីនិយាយថា " អូនមិនបាច់ធ្វើការរកស៊ីទេ បងធានាចិញ្ចឹម " ក៏ស្រាប់តែបោះបង់ចោលការងារខាងក្រៅ ហើយនៅតែផ្ទះ ធ្វើការងារផ្ទះ ដាំតែបាយធ្វើម្ហូបមើលកូននោះ។
ក្នុងនាមជាមនុស្សស្រី ទោះបីបានប្ដីល្អយ៉ាងណាក៏ដោយ ទោះប្ដីរកស៊ីចិញ្ចឹមយើងក៏ដោយ ដាច់ខាត យើងក៏ត្រូវតែមានមុខរបរ មានការងារធ្វើខ្លួនឯង អាចរកលុយបានខ្លះៗដែរ គេមិនចង់ឱ្យយើងលំបាកហត់នៀយ ទើបមិនឱ្យយើងធ្វើការ រកស៊ី ប៉ុន្តែយើងខ្លួនឯង បើមិនចង់លំបាកវេទនាទៅថ្ងៃមុខ យើងត្រូវតែចេះរកទុកដាក់ រកលុយកាក់ខ្លះផង ព្រោះយើងមិនដឹងទេថា គេនឹងរកចិញ្ចឹមយើងមួយជីវិតឬក៏អត់ គេនឹងគោរពឱ្យតម្លៃយើងឬក៏អត់ បើយើងនៅតែផ្ទះ ចាំតែលាដៃសុំលុយគេចាយនោះ។
ចិត្តមនុស្សប្រុសណា តែងតែប្រែប្រួល អារម្មណ៍គេតែងតែផ្លាស់ប្ដូរ ពេលខ្លះ ចូលដល់ផ្ទះ ក៏អាចរករឿងឈ្លោះនឹងយើងបានដែរ បើគេហត់នឿយ ឬមានរឿងមកពីក្រៅ ដូច្នេះ បើយើងនៅតែផ្ទះ ចាំតែចាយលុយគេ យើងនឹងចាំតែរងសម្ពាធ ការមើលងាយពីគេតែប៉ុណ្ណោះ មិនហ៊ាន មិនមានសិទ្ធប្រកែកតវ៉ានឹងគេទេ ដូច្នេះហើយ ទោះយ៉ាងណាក៏ដោយ សុខចិត្តលំបាក ហត់នឿយនឹងធ្វើការរកលុយ កុំឱ្យគ្រាំគ្រាវេទនាផ្លូវចិត្ត ព្រោះតែចាំចាយលុយគេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុកសូមរក្សាសិទ្ធ