កន្លងមកនេះ ដូចដែលបានដឹង និងឃើញច្រើនហើយថា ភាគច្រើននៃអ្នកដែលពូកែទ្រឹស្ដី វោហាសព្ទ ឬអាចហៅបានថា ជាអ្នកនិពន្ធ អ្នកដែលចូលចិត្តការតាក់តែងសរសេរ គឺសុទ្ធតែមានចរិតផ្ទុយពីធម្មជាតិ ដូចជា មនុស្សប្រុស ច្រើនតែមានចរិតដូចមនុស្សស្រី ចំណែកមនុស្សស្រី ច្រើនតែមានចិត្តគំនិត ចរិតដូចមនុស្សប្រុស រហូតដល់អ្នកខ្លះ តែងតែនិយាយ ឬTrollលេងទៀតថា " អ្នកនិពន្ធភាគច្រើនគឺសុទ្ធតែជាខ្ទើយ "។
យ៉ាងណាមិញ យើងក៏មិនដឹងថា ហេតុពិតប្រាកដវាយ៉ាងណានោះដែរ តើវាមកពីមនុស្សដែលមានអត្តចរិតផ្ទុយទាំងអស់ សុទ្ធតែចូលចិត្តការសរសេរ ឬនិពន្ធ? ឬមកពីអ្នកនិពន្ធ ឬអ្នកសរសេរទាំងអស់ សុទ្ធតែចូលចិត្តផ្លាស់ប្ដូរអត្តចរិត? ឬវាជាធម្មជាតិដែលតម្រូវឱ្យបែបហ្នឹងមែនទេ?
មិនដឹងថាហេតុផលពិតប្រាកដបែបណានោះទេ តែបើតាមការប៉ាន់ស្មាន វាក៏អាចមកពី អ្នកដែលចូលចិត្តការសរសេរ ឬជាអ្នកនិពន្ធ គាត់មានដំណើរជីវិត ធ្លាប់ជួប ធ្លាប់ឆ្លងកាត់បញ្ហា ការស្មុគស្មាញជាច្រើន។ ជួនកាល គាត់អាចនឹងសិក្សា ឈ្វេងយល់ពីសភាពផ្ទុយគ្នារវាងភេទផ្ទុយ ទើបអាចឱ្យគាត់សាកល្បងចង់ប្រើជីវិតបែបផ្ទុយពីធម្មជាតិ។ ប៉ុន្តែជួនកាលទៀត ក៏មានអ្នកខ្លះ គាត់ហាក់ជួបប្រទះនូវជីវិតគ្រួសារមួយដែលមិនសមបំណង ទើបគាត់ចង់ផ្លាស់ប្ដូរដំណើរជីវិតខ្លួនឯង ឱ្យខុសប្លែក។
ប៉ុន្តែជាក់ស្ដែង ភាគច្រើននៃអ្នកនិពន្ធ គឺសុទ្ធតែុមានអត្តចរិតផ្ទុយពីធម្មជាតិពិតមែន តែមិនមែនគ្របអ្នកនិពន្ធ សុទ្ធតែជាខ្តើយ ឬស្បៀននោះឡើយ។ តែជីវិតអ្នកនិពន្ធ សុទ្ធតែស្គាល់ពីរសជាតិជីវិត និងសិក្សា ឈ្វេងយល់បានច្រើន បើទោះជាមានរឿងខ្លះ មិនបានជួប ឬឆ្លងកាត់ផ្ទាល់ក៏ពិតមែន ក៏អាចដឹង និងយល់បានតាមអារម្មណ៍ និងទស្សនៈរបស់ខ្លួនគាត់ផ្ទាល់ ដែលបានដឹងពីមនុស្សជុំវិញខ្លួន អ្នកខ្លះទៀត អាចដឹងច្បាស់ពីចិត្តអ្នកដទៃ មើលធ្លុះចិត្តគេបានទៀតផង។
អ្នកនិពន្ធប្រុស ច្រើនតែមានចរិតដូចមនុស្សស្រី ក៏ព្រោះតែគាត់អាចឈ្វេងយល់ ឬព្យាយាមចង់យល់ ចង់ស្គាល់ពីមនុស្សស្រី និងគាត់តែងតែមានមិត្តភក្តិស្រីៗច្រើនទៀតផង។ ចំណែកអ្នកនិពន្ធស្រី ដែលមានចរិតដូចមនុស្សប្រុសនោះ ក៏ព្រោះតែគាត់ ធ្លាប់ឆ្លងកាត់ ឬជួបបញ្ហាជីវិតច្រើន ទើបគាត់ត្រុវតែរឹងមាំ នឹងធឹង និងត្រូវតស៊ូជម្នះរាល់បញ្ហាគ្រប់យ៉ាងនៅក្នុងជីវិត។ ដំណើរជីវិតរបស់អ្នកនិពន្ធ គឺត្រូវតែដើរតួគ្រប់មនុស្ស ត្រូវស្គាល់គ្រប់រសជាតិឱ្យជីវិតមួយនេះ ទើបអាចសរសេរពីអារម្មណ៍ និងជីវិតរបស់មនុស្សម្នាក់ៗបាន។ យ៉ាងណាក្ដី ការសន្និដ្ឋានរបស់ខ្ញុំ ក៏មិនមែនត្រូវនោះដែរ អ្វីៗប្រហែលមកពីព្រហ្មលិខិតកំណត់ ឬធម្មជាតិតម្រូវឱ្យបែបហ្នឹងហើយមើលទៅ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ