តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងបាត់ដំបងបានឲ្យដឹងថាប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ ១ ស្ថិតនៅភូមិកំពង់ក្របី ភូមិកម្មករ សង្កាត់ស្វាយប៉ោ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ១៥៩D ស្ថិតនៅភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចាប់ពីចំណុចស្ពានសម្តេចក្រឡាហោម ស ខេង រហូតមកដល់ ស្ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រាបថា៖ "ក្នុងកំឡុងខែមករា ឆ្នាំ ១៩៧៩ ទីតាំងវត្តសង្កែត្រូវបានដាក់ជាឃ្លាំងស្តុកអាវុធ និងគ្រាប់ហើយបានផ្ទុះធ្វើឲ្យគ្រាប់រប៉ាត់រប៉ាយតាមបណ្តោយច្រាំងស្ទឹងសង្កែ កន្លងមកអង្គភាពកំចាត់មីនបានធ្វើការប្រមូលមួយចំនួនហើយ។
ដោយបច្ចុប្បន្នការអភិវឌ្ឍនិងការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនជាលំដាប់ ជាពិសេសថ្មីៗនេះរដ្ឋបាលខេត្តបាត់ដំបងបានរៀបចំការកែលម្អរច្រាំងស្ទឹងសង្កែ និងបានស្នើសុំឲ្យក្រុមការងារអង្គភាពកំចាត់មីនធ្វើការចុះពិនិត្យទីតាំង បានឃើញថាមានគ្រាប់មិនទាន់ផ្ទុះជាច្រើន ដោយមួយចំនួនក្រុមការងារបានធ្វើការបោសសំអាតនិងប្រមូលចេញបាន ដោយឡែកគ្រាប់មួយចំនួនទៀតតម្រូវឲ្យធ្វើការបំផ្ទុះនៅនឹងកន្លែង។
ដូចនេះរដ្ឋបាលក្រុងបាត់ដំបង សូមជូនដំណឹងដល់បងប្អូនដែលរស់នៅទីតាំងខាងលើនិងបងប្អូនប្រជាពលរដ្ឋទូទៅជ្រាបថា ក្រុមការងារនឹងអនុវត្តការងារនេះនាថ្ងៃទី ៣០ មករា ឆ្នាំ ២០២០ វេលាម៉ោង ០៨៖០០ នាទីព្រឹក សូមបងប្អូនមេត្តាកុំចេញពីផ្ទះ ឬធ្វើដំណើរឆ្លងកាត់តាមផ្លូវ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ៕
ប្រភព៖ រដ្ឋបាលក្រុងបាត់ដំបង | រូបភាព៖ ទំព័របាត់ដំបង-Battambang