វីដេអូត្លុកកំប្លែងខ្លីៗជាច្រើនរបស់លោក Osita Iheme ត្រូវបានទំព័រហ្វេសប៊ុកមួយចំនួននៅក្នុងស្រុក បានយកមកច្នៃបញ្ចូលសំឡេង បង្កើតបានជាភាពអស់សំណើចសឹងតែគ្រប់វីដេអូ តាមរយៈសកម្មភាពនិងការបិនសម្តែង គួបផ្សំក្រុមអ្នកបញ្ចូលសំឡេងជាភាសាខ្មែរក៏ប្រសព្វថែមទៀតនោះ។
បុរសតឿដែលគ្រប់គ្នារមែងហៅថា 'អាក្លូ' តាមពិតលោកជាតារាសម្តែងអាជីពមួយរូបរបស់ប្រទេសនីហ្សេរីយ៉ា ដែលទូទាំងសកលលោកគេហៅរហ័សនាមលោកថា 'Pawpaw' ដែលក្រៅពីអាជីពជាតារាកំប្លែង ទៀតសោតក៏ដូចជាអ្នកនិយាយបំផុសលើកទឹកចិត្តមួយរូប សហគ្រិន និងអ្នកបម្រើការលើប៉ុស្តិ៍ទូរទស្សន៍មួយទៀតផង។
លោកកើតនៅថ្ងៃទី ២០ កុម្ភៈ ឆ្នាំ ១៩៨២ នៅទីក្រុង Mbaitoli ប្រទេសនីហ្សេរីយ៉ា ដោយមកទល់សព្វថ្ងៃលោកត្រូវឈានចូលវ័យ ៣៨ ឆ្នាំ នៅឆ្នាំ ២០២០ នេះហើយ។ លោកបានបញ្ចប់សិក្សាបរិញ្ញាប័ត្រផ្នែកសិល្បៈ ហើយបានប្រលូកក្នុងវិស័យខ្សែភាពយន្តដំបូងបង្អស់នៅឆ្នាំ ២០០១។
លោក Osita Iheme បានចូលរួមសម្តែងមិនក្រោម ១៥០ ខ្សែភាពយន្តនោះទេ ដោយក្នុងនោះក៏មានភាពយន្តល្បីៗដូចជា Aki na Ukawa, Jabon, Stubborn Flies, Boys from Holland, Forgive Me Father, The Billionaires ជាដើម។
បច្ចុប្បន្នលោកត្រូវបានរាប់បញ្ចូលជាតារាសម្តែងដែលមានទ្រព្យច្រើនបំផុតមួយរូបនៅក្នុងប្រទេស គឺសរុបដល់ទៅខ្ទង់ ៣.៥ លានដុល្លារអាមេរិកឯណោះ។ នេះគិតត្រឹមរបាយការណ៍ឆ្នាំ ២០១៩ ប៉ុណ្ណោះ៕
ប្រភព៖ Austinemedia.com