គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសសម្រាប់កម្ពុជា គឺរួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
ដោយឡែកកាលពីពេលកន្លងទៅនេះ ដំណឹងល្អមួយក៏បានលេចចេញមុនគេសម្រាប់ខេត្តសៀមរាប ដោយកាលពីរសៀលថ្ងៃទី ៨ មករា ឆ្នាំ ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏មានសារសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។
បន្ថែមពីនេះ លោក តាណាកា កូតារ៉ុ ក៏បានសុំយោបល់ពីអាជ្ញាធរជាតិអប្សរាលើគោលការណ៍រៀបចំឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជប៉ុនដែលកំពុងចូលរួមកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ជប៉ុនចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយមួយកម្រិតទៀត។
ឆ្លើយតបចំពោះការលើកឡើងខាងលើនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍ និងកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ ឯកឧត្តមអគ្គនាយកយល់ថា នេះជាកិច្ចការដែលអាជ្ញាធរជាតិអប្សរាចង់បាននាពេលអនាគតដូចជារៀបចំ Smart Cities រួមនិងការចង់ក្រងឯកសារនានាពីកិច្ចការអភិរក្សជាដើម។ ឯកឧត្តមអគ្គនាយក ជំរុញឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីឱ្យគម្រោងនេះពន្លឿនការអនុវត្តនាពេលឆាប់ខាងមុខ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយ |អាជ្ញាធរជាតិអប្សរា Apsara Authority