មិនថាក្រុមគ្រួសារ ​ឬបងប្អូនមិត្តភក្តិ បើទៅលេង ឬទទួលទានអាហារជុំគ្នាក្នុងថ្ងៃចូលឆ្នាំចិន គួរតែមានរបស់ទាំងនេះជាប់ដៃជាអំណោយ

ចូលឆ្នាំថ្មីប្រពៃណីចិន កាន់តែឈានខិតជិតមកដល់ហើយ ហើយជាធម្មតាតាមប្រពៃណីទំនៀមទំលាប់ ជនជាតិចិន តែងតែអញ្ជើញបងប្អូន ញាតិមិត្ត និងមិត្តភក្តិដើម្បីចូលរួមប្រារព្វពិធីអបអរបុណ្យចូលឆ្នាំថ្មី ដូចជាការទទួលទានអាហារជុំគ្នា ឬមានកម្មវិធីជប់លៀងជាដើម។

នៅក្នុងនោះអំណោយ គឺជារបស់ដែលចៀសមិនផុតឡើយសម្រាប់ពិធីជួបជុំគ្នាទាំងអស់នោះ សម្រាប់ជូនគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី ទៅកាន់ក្រុមគ្រួសារ ឪពុកម្តាយ សាច់ថ្លៃ បងប្អូន និងមិត្តភក្តិជាដើម ដែលការជូនអំណោយ ត្រូវតែចេះជ្រើសរើសឱ្យស័ក្តិសម និងត្រូវតាមទំនៀមទម្លាប់ជនជាតិចិនជាពណ៌ក្រហម និងពណ៌មាស ដើម្បីតំណាងឱ្យលាភសំណាងល្អ និងសុខសប្បាយផងដែរ។

Cover 1

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកយក អំណោយមួយចំនួនដែលអ្នកអាចជូនទៅកាន់ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់អ្នកឱ្យស័ក្តសមបំផុតដូចខាងក្រោមនេះ៖

១. អាំងប៉ាវ ឬហុងប៉ាវ

ប្រសិនជាភ្ញៀវ ឬម្ចាស់ផ្ទះ មានកូនតូចៗ ក្មេងៗ ឬអ្នកដែលមានអាយុតិចជាងអ្នកនោះ អំណោយដែលល្អបំផុតនោះគឺអាំងប៉ាវ ( 红包 ហុងប៉ាវ) ដែលប្រែថាកញ្ចប់ ឬថង់ក្រហមដែលនាំលាភ និងសំណាងល្អ។

លោកអ្នកអាចដាក់ទឹកប្រាក់ចំនួនប៉ុន្មានក៏បានទៅតាមលទ្ធភាព ដូចជាទឹកប្រាក់ចំនួនគត់ ឬកន្ទុយលេខ ៨ ក៏បាន តែចៀសវាងដាច់ខាតគឺលេខ៤ ព្រោះលេខ៤ មានសំនៀងជាភាសាចិនស្រដៀងនឹងការស្លាប់ ( 四 sì , four) មានសំលេងដូចជា 死 sǐ ស្លាប់) ដែលជនជាតិចិនប្រកាន់ខ្លាំងបំផុត។

Chinese Bride Giving Red Pocket Lucky Money 692876656 12b59b9ea99c416da92d17b7c249bea8

២. ផ្លែឈើ

អ្នកអាចជូនអំណោយជាផ្លែឈើស្រស់ៗដូចជាក្រូចក្រហម និងផ្លែប៉ោម ព្រោះវាមើលទៅសមរម្យ ស្រស់ស្អាត និងថ្លៃថ្នូរទៀត ហើយការជូនជាកន្ត្រកផ្លែឈើគឺល្អបំផុត ដោយអ្នកអាចលាយផ្លែឈើចម្រុះក៏បាន ឬអាចលាយផ្លែឈើល្អបរទេសក៏បានដែរ ហើយចងបូរក្រហម ឬពណ៌មាសបន្ថែម គឺរឹតតែពិសេសទៅទៀត។

2 (4)

៣. នំចំណីផ្អែមៗ/ស្ករគ្រាប់

ពិសេសណាស់ការជូនអំណោយគ្នាជានំចំណីផ្អែមៗ ឬជាស្ករគ្រាប់ ព្រោះវាមើលទៅស្រស់ស្អាត និងអាចទុកទទួលទានបានយូរផងដែរ។ យកល្អគួរតែជ្រើសរើសនំល្អៗមានគុណភាពបន្តិច ដោយអាចធ្វើខ្លួនឯង ឬទិញនៅតាមទីផ្សារក៏បាន ដោយអាចជ្រើសរើសប្រអប់ស្អាតៗពណ៌ក្រហម ឬខ្ចប់ក្រដាសក្រហម និងចងបូរពណ៌មាសគឺរឹតតែប្រសើរ។

MG_0283

៤. ផ្កា/ដើមក្រូចក្រហម

ការជូនអំណោយជាបាច់ផ្កា ឬផ្កាដែលកាត់រួចមិនមែនជាជម្រើសល្អនោះទេ ។ សម្រាប់ថ្ងៃពិសេសបែបនេះអ្នកអាចរកទិញផ្កាស្រស់ៗដាំនៅក្នុងថូ ឬផើង ដែលមានផ្កាពណ៌លឿង(មាស) ឬក្រហម ហើយការជ្រើសរើសដើមប្ញស្សីសំណាង ឬដើមក្រូចក្រហម ជាអំណោយគឺកាន់តែល្អ។

4 (9)

៥. តែ

ជនជាតិចិនចូលចិត្តទទួលទានតែខ្លាំងណាស់ ហើយវាក៏ជាអំណោយដ៏ស័ក្តសមបំផុតផងដែរ។ ដូច្នេះការជូនកញ្ចប់តែ គឺជាអំណោយដ៏ល្អមួយ ដោយអ្នកអាចជ្រើសរើសកញ្ចប់តែធំៗមួយគូ ហើយអាចខ្ចប់ជាក្រដាសក្រហម និងចងបូរពណ៌មាសទៀតក៏បាន។

5 (2)

៦. សំលៀកបំពាក់ និងគ្រឿងប្រើប្រាស់

សម្រាប់ក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិ ការជូនអំណោយជាសំលៀកបំពាក់ និងរបស់ប្រើប្រាស់ថ្មីៗក៏ជាគំនិតល្អផងដែរ ព្រោះវាបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញក្តីស្រលាញ់ទៅកាន់ពួកគេផងដែរ។ យកល្អគួរតែទិញសំលៀកបំពាក់ថ្មីៗ ហើយបើបានពណ៌ក្រហម ឬលាយពណ៌មាសរឹតតែល្អ។

Chinese New Year Clothes Family In Tang Suit

៧. គ្រឿងភេសជ្ជៈ

ការប្រារព្ធពិធីជប់លៀង ឬការពិសាអាហារជួបជុំគ្នាពិតជាចៀសមិនផុតពីការទទួលទានគ្រឿងភេសជ្ជៈនោះទេ ព្រោះវាអាចធ្វើឱ្យបរិយាកាសរឹតតែសប្បាយរីករាយទ្វេផង ជាពិសេសគឺភេសជ្ជៈដែលមានកំប៉ុង ឬសម្បកពណ៌មាស ព្រោះមិនត្រឹមតែអាចទទួលទានប៉ុណ្ណោះទេ គ្រឿងភេសជ្ជៈទាំងនោះក៏អាចយកដាក់សែនក្នុងពិធីចូលឆ្នាំចិនទៀតផង ដោយគេជឿថាពណ៌ទាំងពីរនេះនាំមកនូវលាភសំណាងល្អ។

លោកអ្នកអាចរកទិញផលិតផលគ្រឿងភេសជ្ជៈដូចជាទឹកផ្លែឈើ ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈមានជាតិអាល់កុលជាស្រា ឬបៀរ ដែលមានកំប៉ុងពណ៌ក្រហម ឬពណ៌មាស ព្រមជាចំណូលចិត្តរបស់អ្នកដែលអ្នកចង់ជូនជាអំណោយ ៕

7 (1)

7 (4)

សម្គាល់៖ នៅក្នុងនោះ ​លោកអ្នកអាចខ្ចប់របស់ទាំងអស់ខាងលើលាយគ្នាក្នុងកន្ត្រកមួយរឹតតែពិសេស!

 

7 (5)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: