ជាការពិត មានដៃគូជាច្រើនដែលសម្រេចចិត្តបែកចែកផ្លូវគ្នាហើយ គឺគ្មានចិត្ត ឬគ្មានថ្ងៃនឹងត្រឡប់មកជួបគ្នាវិញជាថ្មីឡើយ ហើយក៏គ្មានសង្ឃឹម ថានឹងបានត្រឡប់មកចាប់ផ្ដើមម្ដងទៀតដែរ ទាំងដែលអ្នកខ្លះ នៅមានចិត្តស្រឡាញ់ និងនឹកនាដល់គា្ននៅឡើយ។
អ្នកណាថា បែកគ្នាហើយមិនអាចជួបគ្នាវិញនោះ តាមពិតមិនមែនគ្រប់គូដែលបែក សុទ្ធតែមិនអាចត្រឡប់នោះទេ សំខាន់ឱ្យតែមានចិត្តនឹកនា សំខាន់ឱ្យតែមានចិត្តនៅស្រឡាញ់គ្នា ទោះជាបែកគ្នាទៅឆ្ងាយយ៉ាងណា ទោះឃ្លាតគ្នាយូរឆ្នាំប៉ុនណា ក៏នៅតែអាចត្រឡប់មករកគ្នាវិញបានដដែល អាចនិយាយបានថា ព្រោះតែនៅមាននិស្ស័យ ឬនៅជំពាក់កម្មគ្នាក៏ថាបាន។
ត្រូវហើយ ឱ្យតែនៅមានចិត្តឱ្យគ្នា ឱ្យតែនៅស្រឡាញ់គ្នា អ្នកខ្លះ បែកគ្នាទៅមានដៃគូរៀងៗខ្លួនទៅហើយ ក៏នៅតែអាចវិលត្រឡប់មករកគ្នាវិញបាន កសាងជីវិតគូសាជាថ្មី យ៉ាងមានក្ដីសុខ និងសុភមង្គលទៅវិញ។ ជឿទៅថា បើជាគូ ទោះបែកយូរ ឬឆ្ងាយយ៉ាងណាក៏អាចជួបគ្នាវិញ តែបើមិនមែនជាគូ ទោះតស៊ូដើម្បីគ្នាប៉ុនណា ក៏នៅតែបែកចែកផ្លូវគ្នាដដែល៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ