មើលទៅពួកគេបានសុខអស់ហើយ អ្នកធ្លាប់ស្រឡាញ់ខ្ញុំក៏សុខ អ្នកខ្ញុំធ្លាប់ស្រឡាញ់ក៏សុខ សូម្បីអ្នកធ្លាប់ក្បត់ខ្ញុំក៏គេបានសុខដែរ តែខ្ញុំវិញដូចមិនដឹងឯណាឯណីទេ ហេតុអ្វី?

ជីវិតគេបានសុខអស់ហើយ មិនថាអ្នកធ្លាប់ស្រឡាញ់យើង ឬអ្នកយើងធ្លាប់ស្រឡាញ់ ទាំងអ្នកធ្លាប់ស្អប់ ធ្លាប់ច្រណែន ធ្លាប់ធ្វើអាក្រក់ដាក់យើងក៏ដោយ មើលទៅពួកគេមានក្ដីសុខ គ្រប់គ្រាន់ហើយ មើលទៅគេដូចជាមិនខ្វល់ មិនកើតទុក្ខអ្វីសោះ នៅឡើយតែយើងដែលនៅតែគិត នៅមិនទាន់អស់ចិត្តនៅឡើយ។

ធ្លាប់គិតថា ខ្លួនឯងល្អប៉ុណ្ណឹងដែរ មិនដែលមានគំនិត គិតអាក្រក់ ធ្វើបាបអ្នកណាទេ សមណាស់តែមានក្ដីសុខ សប្បាយចិត្តជាងនេះ តែគ្រប់យ៉ាងវាផ្ទុយខុសពីការពិត មិនដឹងថា ខ្លួនឯងជាប់កម្មពៀរអ្វី ហេតុអ្វីជីវិតនេះជួបតែបញ្ហា ប៉ះតែមនុស្សក្បត់ មនុស្សអាក្រក់ចូលមកក្នុងជិវិត ប៉ះតែមនុស្សបោកប្រាស់បែបហ្នឹងទៅវិញ ពេលខ្លះ ក៏គិត ហើយតូចចិត្តតែម្នាក់ឯង ហត់នឿយគ្រប់យ៉ាង ពិបាកតែម្នាក់ឯង ធ្លាប់តែជួយអ្នកនេះ ជួយអ្នកនោះ មិនដែលរំពឹងចង់បានអ្វីមកវិញទេ តែពេលនេះ បែរជាមិនអាចជួយខ្លួនឯងបានទៅវិញ ហេតុអ្វីក៏កម្មក្រាស់យ៉ាងហ្នឹង? មិនយល់សោះឡើយ ...។

75580310_2458910874322516_6543992556517064704_o

តើមានមនុស្សប៉ុន្មាននាក់ដូចខ្ញុំក្នុងពេលនេះ ទទួលស្គាល់ថា​ការពិតទៅ ខ្ញុំរស់នៅគ្មានក្ដីសុខ ក៏ព្រោះតែចិត្តខ្ញុំមិនស្ងប់ ចិត្តនេះ ចេះតែគិត តូចចិត្ត អន់ចិត្ត គិតច្រើនតែម្នាក់ឯង ខ្ញុំចិត្តចង្អៀតណាស់មែនទេ? តែពួកគេទាំងនោះ សុទ្ធតែជាមនុស្សដែលខ្ញុំធ្លាប់ជួយ ធ្លាប់អាណិតអាសូរ តែពួកគេបែរជាក្បត់ខ្ញុំ មើលងាយខ្ញុំក្នុងពេលនេះទៅវិញ ហេតុអ្វី? សំណួរសួរថា ហេតុអ្វី ចាក់ដោតពេញខួររបស់ខ្ញុំ ហេតុអ្វីខ្ញុំជួបតែមនុស្សចរិតដដែលៗ ជួបតែមនុស្សដែលអាក្រក់ៗបែបហ្នឹង? ឬមកពីខ្ញុំដែលនៅតែជាមនុស្ស ចរិតដដែលៗ មិនព្រមកែប្រែនូវទម្លាប់ខ្លួនឯង? ខ្ញុំមិនចង់ធ្វើជាមនុស្សអាត្មានិយមទេ ក៏មិនចង់ក្បត់គេ ធ្វើបាបគេដូចដែលគេធ្លាប់ធ្វើដាក់ខ្ញុំបានឡើយ ព្រោះវាមិនមែនជាចរិតរបស់ខ្ញុំ ឬខ្ញុំត្រូវទ្រាំរស់នៅឱបទុក្ខតែម្នាក់ឯងបែបហ្នឹងរហូតមែនទេ? តើជីវិតមួយនេះ ពេលណាបានស្ងប់សុខដូចគេទៅ?

76646829_2458884387658498_5169894538407313408_o

78159905_2458884014325202_2955550082243493888_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ