ខេត្តឃ្លាំង-កម្ពុជាក្រោម៖ យើងបានដឹងរួចមកហើយថា ទឹកដីកម្ពុជាយើងត្រូវបានបាត់បង់អស់ស្ទើរពាក់កណ្តាល ដោយសារតែសម័យសង្គ្រាមឈ្លានពានពីប្រទេសជិតខាង ដោយទឹកដីដែលបានទៅលើប្រទេសថៃមានឈ្មោះថាខ្មែរលើ ឬខ្មែរសុរិន្ទ ឯទឹកដីដ៏ធំធេងបានទៅលើប្រទេសសវៀតណាម ត្រូវបានគេហៅថាកម្ពុជាក្រោម។
បើទោះបីជាស្ថិតនៅក្នុងប្រទេសដទៃ តែជនជាតិខ្មែរដែលជាម្ចាស់ទឹកដីកំណើត នៅតែខិតខំថែរក្សាអក្សរជាតិ និងវប្បធម៌របស់ខ្លួនយ៉ាងភ្ជាប់ផ្ជួនគួរឱ្យសរសើរខ្លាំងមែនទែន។
ដោយឡែកសម្រាប់ឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ វត្តអារាមនៅក្នុងខេត្តឃ្លាំងទឹកដីកម្ពុជាក្រោមក៏បានប្រារព្ធពិធីបុណ្យជាតិនេះដូចគ្នាមានទាំងការប្រណាំងទូក-ង និងការលយប្រទីបផងដែរ ដែលប្រទីបរបស់កម្ពុជាក្រោមពិតជាមានភាពប្លែកខ្លាំងម្យ៉ាងពីប្រទីបខ្មែរកណ្តាលយើង។
តាមរយៈគណនីហ្វេសប៊ុកផេក Ven Ly Phet ដែលជាព្រះតេជគុណមួយអង្គគង់នៅវត្តមួយកន្លែងនៅខេត្តឃ្លាំង បានបង្ហោះរូបភាពប្រទីបស្នាដៃព្រះសង្ឃខ្មែរក្រោមជាច្រើន ដែលប្រទីបនីមួយៗសុទ្ធតែមានភាពស្រស់ស្អាតប្លែក មានរចនាបថជាវត្តខ្មែរតែម្តង មើលទៅប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពប្រទីបកម្ពុជាក្រោមទាំងអស់គ្នា ៖