មនុស្សមួយចំនួន រើសអើង និងមើលងាយដល់ស្រ្តីមេម៉ាយ និងស្រ្តីមានកូន ត្រូវមើលថែកូនតែម្នាក់ឯងខ្លាំងណាស់ កុំថាតែមនុស្សប្រុសមួយចំនួនដែលមើលងាយស្រីមេម៉ាយ សូម្បីតែមនុស្សស្រីដូចគ្នាខ្លះ ក៏មើលងាយស្រីដូចគ្នាដែរ ជាពិសេសចាស់ៗមួយចំនួនធំ ឃើញកូនគេមេម៉ាយ ឃើញកូនគេលែងលះគ្នា ក៏សើចចំអក ពេបជ្រាយគេណាស់។
ជីវិតខ្ញុំជួបរឿងច្រើនយ៉ាងនេះ លំបាក វេទនា ហត់នឿយច្រើនរាប់មិនអស់ រឿងការងារ រឿងរកស៊ី រឿងជីវិតគូក៏មិនសមប្រកប់ ហើយបើគ្រាន់តែខ្ញុំតែងខ្លួនឯងឱ្យស្អាត ស្លៀកពាក់ឱ្យមានភាពជឿជាក់លើខ្លួនឯង វាខុសដែរមែនទេ? ជីវិតខ្ញុំ ខ្ញុំប្រើដើម្បីខ្ញុំ និងដើម្បីមនុស្សដែលស្រឡាញ់ខ្ញុំ មិនមែនសម្រាប់អ្នកឯងមកមើលងាយ ពេបជ្រាយ មើលលើក្រោមនោះទេ។
ទោះជាស្រីមេម៉ាយ ជា Single Mommy តែខ្ញុំចេះធ្វើការ ខ្ញុំចេះរកស៊ី អាចរកលុយចិញ្ចឹមខ្លួនឯង និងមើលថែកូនរបស់ខ្ញុំបានដោយខ្លួនឯង មិនបានទៅសុំទានមេត្តា សុំលុយអ្នកណាយកមកដើម្បីរស់នោះឡើយ ដូច្នេះហើយ សូមកុំមើលងាយ កុំចង់ជាន់ក្បាលរបស់ខ្ញុំ ស្រីមេម៉ាយឥឡូវ មិនមែនទន់ជ្រាយឱ្យអ្នកណាមកមើលងាយ ធ្វើបាប សើចចំអកស្រួលៗទេ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ