លទ្ធផល ដែលរៀបការជាមួយមនុស្ស​ ដែលមិនធ្លាប់ស្គាល់គ្នាសោះ

មិត្តភក្តិសួរខ្ញុំថា ហើយអ្ហែងការជាមួយមនុស្ស ដែលអ្ហែងមិនដែលស្គាល់សោះ អ្ហែងគិតថា មានក្ដីសុខ មានសុភមង្គលអត់ មនុស្សមិនដែលនឹងស្គាល់គ្នាសោះ រស់នៅជាមួយគ្នាម៉េចនឹងកើតទៅ?

ត្រូវហើយ ឮគេសួរបែបហ្នឹងភ្លាម មានអារម្មណ៍ថា គិតច្រើន ខ្វល់ច្រើន មនុស្សស្គាល់គ្នាម៉េច នៅមើលមិនដឹងចិត្តគ្នា មិនចុះសម្រុងគ្នា ចុះទម្រាំអត់ស្គាល់គ្នាសោះ ធ្វើម៉េចនឹងនៅជាមួយគ្នាបានទៅ យើងមិនដឹងចិត្តគេ គេមិនស្គាល់ចិត្តយើង គិតទៅ ប្រឈមនឹងបញ្ហា ការលែងលះគ្នាណាស់។

តែការពិត វាមិនដូចការគិតទេ បើយើងចេះប្រើពេលវេលាដែលនៅជាមួយគ្នា យើងព្យាយាមឈ្វេងយល់ពីគ្នា យើងចេះសម្រប ឱ្យចុះសម្រុងនឹងគ្នា វាគ្មានអ្វីដែលពិបាកនឹងប្រើជីវិតរស់នៅជាមួយគ្នាឡើយ។

ខ្ញុំឃើញហើយ មិត្តខ្ញុំដែលស្រឡាញ់គ្នា តាំងពីនៅរៀន ទាក់ទងគ្នារាប់ឆ្នាំ​ រកាំរកូសម៉េចក៏មិនបែកគ្នា តែដល់ពេលបែក មកបែកអាពេលការហើយ ការមិនបានប៉ុន្មាន ក៏និយាយថា រស់នៅជាមួយគ្នាមិនកើត នេះហើយស្គាល់គ្នាយូរឆ្នាំ តែចុងក្រោយមកប្រេះស្រាំឱ្យទាល់តែបាន។

ចំណែកខ្ញុំ ខ្ញុំជ្រើសគូតាមគ្រួសារ ក៏មិនមែនតាមគ្រួសារទាំងស្រុងទេ តែក៏ខ្លួនឯង ចេះគិត អាចសម្រេចចិត្តបានដែរថា មនុស្សណាគួរទទួលយក។

មើលទៅគាត់មិនមែនអាក្រក់ឡើយ គាត់ក៏ដូចខ្ញុំ គឺតាមគ្រួសារជាអ្នករៀបចំឱ្យ។

តែដំបូង ខ្ញុំបារម្ភគឺ បារម្ភខ្លាចគាត់ធ្លាប់ទាក់ទងអ្នកណា ធ្លាប់មានសង្សារ ធ្លាប់ស្រឡាញ់គ្នាជាមួយអ្នកផ្សេងពីមុនមក ខ្លាចគាត់នៅអាឡោះអាល័យ ហើយត្រឡប់ទៅរកសង្សារចាស់ នេះជាហេតុចម្បង ដែលធ្វើឱ្យខ្ញុំ ចេះតែខ្លាចក្នុងការជ្រើសយកគាត់។ តែខ្ញុំរំពឹង និងសង្ឃឹមទៅលើព្រេងសំណាង ផលបុណ្យ បើខ្ញុំមានបុណ្យល្អ គូជីវិតដែលខ្ញុំបានជ្រើស គាត់នឹងជាមនុស្សល្អហើយ តែបើខ្ញុំអត់បុណ្យ ទោះខ្ញុំរៀបការជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់រាប់ឆ្នាំ ក៏វានៅតែព្រាត់ប្រាស់គ្នាដដែល។

ត្រូវហើយ គាត់ធ្លាប់មានសង្សារ គាត់ធ្លាប់ស្រឡាញ់មនុស្សម្នាក់ខ្លាំង តែសំខាន់ ជីវិតប្ដីប្រពន្ធយើង គឺគាត់អត់មានលាក់បាំងខ្ញុំទេ គាត់ប្រាប់ខ្ញុំគ្រប់រឿង គាត់ស្មោះត្រង់ គាត់អាចចុះសម្រុងជាមួយខ្ញុំនិងគ្រួសារខ្ញុំ គាត់ចេះបត់បែន គាត់អាចកែប្រែគ្រប់យ៉ាងបានតាមខ្ញុំ ចំណែកខ្ញុំក៏ដូចគ្នា ខ្ញុំអាចទទួលយកគ្រប់ចំណុចរបស់គាត់បាន ទោះយើងចាប់ផ្ដើមឡើងដោយមិនបានស្គាល់គ្នា​ យើងមិនបានស្រឡាញ់គ្នា តែជីវិតអាពាហ៍ពិពាហ៍ ជីវិតស្វាមីភរិយា គឺវាស្ថិតនៅលើការចេះប្រើជីវិតគូរួមគ្នា បន្ទាប់ពីយើងរៀបការ ក្លាយជាគ្រួសារតែមួយ។

កុំថាជាសង្សារស្រឡាញ់គ្នាយូរប៉ុនណា ស្រឡាញ់គ្នាខ្លាំងប៉ុនណា តែបើមិនចេះប្រើការស្រឡាញ់ មិនចេះប្រើជីវិតរួមគ្នា​ វាក៏នៅតែបែកបាក់គ្នាដដែលហ្នឹង។

រក្សាសិទ្ធ : knongsrok