សត្វឆ្មាគឺជាសត្វចិញ្ចឹមដ៏ពេញនិយមមួយនៅក្នុងពិភពលោក ដែលអាចនិយាយថាបានអ្នកដែលចិញ្ចឹមសត្វឆ្មា និងឆ្កែក្នុងផ្ទះស្ទើរតែស្មើរគ្នា ដោយសត្វទាំងនេះមិនត្រឹមតែគួរឱ្យស្រលាញ់ តែក៏មានពូជផ្សេងៗស្រស់ស្អាតផងដែរ។
ជាក់ស្តែងនៅក្នុងប្រទេសមួយចំនួនបែរជាមានជំនឿជាច្រើនទាក់ទងនឹងសត្វឆ្មាដែលប្រហែលជាមានមនុស្សមួយចំនួនមិនទាន់បានដឹង។
ដូច្នេះថ្ងៃនេះ តោះ! យើងនឹងទៅដឹងជំនឿទាក់ទងនឹងសត្វឆ្មាដែលមានទាំងល្អ និងទាំងអាក្រក់ដូចខាងក្រោម៖
១. អេហ្ស៊ីបបុរាណ
សត្វឆ្មាត្រូវបានប្រទេសអេហ្ស៊ីបបុរាណគោរពបូជាដូចជាព្រះអទិទេព នោះក៏ដោយសារតែសម័យនោះមានព្រះដ៏ស័ក្ដិសិទ្ធមួយព្រះអង្គមានរូបរាងជាសត្វឆ្មាព្រះនាម Bast ត្រូវបានប្រជាជនគ្រប់គ្នាតែងតែគោរពបូជា ហើយគ្រប់គ្នាក៏យល់ថាសត្វឆ្មាទាំងអស់នោះហើយគឺជាសាវ័ករបស់ព្រះមួយអង្គនោះ។
តែជំនឿទៅលើសត្វឆ្មារបស់ប្រទេសអេហ្ស៊ីបត្រូវបានគេកែប្រែ និងបំភ្លេចចោលដោយសារតែសាវ័កនៃសាសនាគ្រឹស្តទៅវិញ។
២. ប្រទេសកាន់សាសនាគ្រឹស្ត
ដោយសារតែសម័យបុរាណជំនឿទៅលើព្រះដែលមានរូបរាងជាសត្វឆ្មានៃប្រទេសអេហ្ស៊ីបត្រូវបានគេល្បីគោរពបូជាគ្រប់ៗគ្នា បានជាក្រុមបរិស័ទនៃសាសនាគ្រិស្ត មិនចង់ឱ្យសាសនាដទៃមានឥទ្ធិពលជាងសាសនារបស់ខ្លួនទេ ដូច្នេះហើយពួកគេបាននាំគ្នាធ្វើការផ្សព្វផ្សាយថា ឆ្មាខ្មៅគឺជាសញ្ញាតំណាងឱ្យអពមង្គលទៅវិញ។
ជាពិសេសស្ត្រីណាដែលចិញ្ចឹម ឬថែរក្សាឆ្មាខ្មៅគេនឹងហៅស្ត្រីនោះថាជាមេធ្មប់។ ជំនឿមួយនេះបានចាប់ផ្តើមរាលដាលដំបូង និងល្បីសុះសាយនៅក្នុងយុគ្គសម័យម្ចាស់ក្សត្រីអេលីហ្សបេត (Elizabethan Era) រហូតដល់បច្ចុប្បន្ន។ ហេតុនេះហើយឆ្មា ជាពិសេសឆ្មារខ្មៅត្រូវបានគេខ្លាចរអារហូតបច្ចុប្បន្ន។
៣. ជប៉ុន
-នៅក្នុងប្រទេសជប៉ុនឆ្មានាំសំណាងមានឈ្មោះថា «ម៉ាណេគិ ណេកុ» ឬក៏ «ឆ្មាបោយដៃ» ដោយគេជឿថាសត្វឆ្មារនេះអាចនាំលាភសំណាង និងលុយកាក់បាន។
មានរឿងព្រេងល្បីបំផុតមួយបានដំណាលទាក់ទងនឹងជំនឿនៃសត្វឆ្មានេះថា ពីសម័យអេឌូថា អភិជនសក្ដិភូមិដ៏ស្ដុកម្នាក់មកពីក្រុងបុរាណហ៊ីកូណេបានមកជ្រកព្យុះភ្លៀងក្រោមឈើមួយដើមក្បែរព្រះវិហារហ្គូតូគូជិ។ អភិជនរូបនេះបានឃើញឆ្មារបស់ព្រះសង្ឃបោយដៃឲ្យចូលក្នុង ហើយក្រោយពីបានចូលក្នុងព្រះវិហារបានមួយសន្ទុះ ស្រាប់តែដើមឈើដែលជ្រកភ្លៀងមុននោះបាក់រលំដោយសារតែរន្ទះបាញ់។
ដោយយល់ថាឆ្មានេះជាសត្វនាំសំណាង និងជួយអាយុជីវិតរបស់ខ្លួន អភិជណមួយរូបនោះបានបរិច្ចាកប្រាក់ជាច្រើនជួយដល់ព្រះវិហារមួយនេះទៀតផង រហូតរឿងរ៉ាវរបស់ឆ្មាមួយក្បាលនេះមានភាពល្បីល្បាញខ្ទរខ្ទារ។
ក្រោយពេលដែលឆ្មានោះស្លាប់បាត់ គេក៏បានចាប់ផ្តើមសាងសង់រូបចម្លាក់ឆ្មា ម៉ាណេគិ ណេកុ នោះដើម្បីផ្ដល់កិត្ដិយស និងដឹងគុណដល់ឆ្មា តែក្រោយមកប្រជាជនក៏ចាប់ផ្តើមបង្កើតជាចម្លាក់ឆ្មាតូចៗរៀងខ្លួនដើម្បីគោរពបូជា និងដាក់តាំងកន្លែងរកស៊ីរបស់ពួកគេទៅវិញ។
ដោយបច្ចុប្បន្នឆ្មានាំសំណាងត្រូវបានគេផលិតពីសេរ៉ាមិក ឬប្លាស្ទិក ជារូបសត្វឆ្មាបោយដៃខាងស្ដាំឡើងដើម្បីទាក់ទាញភ្ញៀវ ដោយការបោយដៃមានន័យថា នាំភ្ញៀវចូល ខណៈដៃម្ខាងទៀតបង្ហាញពីសំណាង និងសុខភាពល្អ។
-ប៉ុន្តែសម្រាប់សត្វឆ្មាខ្មៅទៅវិញនោះ ប្រជាជនជប៉ុនបែរជាមានការខ្លាចរអាទៅវិញ ដោយពួកគេយល់ថាឆ្មាខ្មៅអពមង្គល ហើយប្រសិនជាដើរតាមផ្លូវសុខៗស្រាប់តែជួបឆ្មាខ្មៅ បុគ្គលនោះនឹងជួបរឿងស៊យ ឬសំណាងអាក្រក់ជាមិនខាន។
៤. ខ្មែរ
-ឆ្មាត្រូវបានប្រជាជនខ្មែរបុរាណមានជំនឿថានាំមកនូវសេចក្តីសុខ លាភសំណាង និងសុខសុភមង្គលសម្រាប់មនុស្សជាពិសេសស្ត្រីតែម្តង រហូតដល់ចាស់បុរាណរាល់ពេលឡើងគេហដ្ឋានថ្មីម្តងៗ ម្ចាស់ផ្ទះតែងតែបីសត្វឆ្មា ពិសេសឆ្មាសម្បុរ៣ ដើរព័ទ្ធ ប្រទក្សិណផ្ទះ៣ជុំទៀតផងដើម្បីនាំមកនូវសិរីសួស្តី។
តាមរឿងព្រេងដំណាលថា មានលោកតាឥសីមួយអង្គគង់ក្នុងព្រៃ ថ្ងៃមួយលោកបានគង់ចម្រើនមេត្ដាភាវនា ដោយញាណឃើញថាមានទេពអប្សរមួយអង្គចាប់ជាតិនៅក្នុងផ្កាឈូកក្បែរស្រះ លោកតាក៏រូតរះទៅឃើញទារកនៅក្នុងផ្កាឈូកធំមួយប្រាកដមែន ក៏យកមកអាស្រមចិញ្ចឹមបីបាច់ថែរក្សារហូតមក។
លុះធំពេញរូបពេញរាង ដោយមានចិត្តអាណិតចៅស្រីគ្មានអ្នកលេងកំដរ លោកតាឥសីក៏បានផ្តាំឱ្យចៅស្រីផ្តិតឈាមរដូវរបស់ខ្លួនដើម្បីឱ្យលោកតាជប់បានជាគ្នាលេង ព្រោះលោកតាយល់ថាការបង្កើតគ្នាកំដរជាជាតិដែលកើតចេញពីនាងផ្ទាល់វិញប្រសើរជាង។ លោកតាក៏ជប់បានជាឆ្មាញីមួយ សប្បុរបី អំពីលោហិតរដូវដែលនាងផ្ដិតឱ្យទៅនោះដោយដាក់ឈ្មោះថា «ឆាម៉ា» ។
លោកតាឥសីក៏បានបង្កើតច្បាប់ទូន្មានទៅចៅស្រី ក៏ដូចជាស្ត្រីទូទៅក្រោយមកដែរថា ជាតិជាស្រីទាំងអម្បាលម៉ាន មិនត្រូវទាត់ សត្វឆ្មានេះនឹងជើង ឬវាយនឹងអម្បោស ឬមួយនឹងត្របុតត្រីអាំងឡើយ កុំថាតែទាត់ធាក់ សូម្បីតែដើរកន្លងក៏មិនបានដែរ ត្បិតសត្វនេះកើតឡើងដោយលក្ខណ៍ស្រី។ បើស្រីណាទាត់ធាក់ឬដើរកន្លង សត្វនេះ ហៅថាស្រីហិនលក្ខណ៍ ហើយបើប្រព្រឹត្ដច្រើនដងទៅហៅថា ស្រីខាតលក្ខណ៍។ តមកប្រមាណ១៤ខែ សត្វឆាម៉ាក៏កើតបានកូនឈ្មោលមួយឡើងទៀត។ គឺថាឆាម៉ាទាំងពីរនេះហើយ ជាកំណើតឆ្មាទាំងអស់។
លុះចំណារក្រោយមកមានស្តេចមួយអង្គបានជួបនឹងចៅស្រីលោកតាដោយចៃដន្យក៏ចាប់ចិត្តប្រតិព័ទ្ធចង់លើកជាមហេសី លោកតាក៏បានយកផ្កាឈូកប្រសិទ្ធពរជ័យ និងផ្តាំផ្ញើចៅស្រីថាមុននឹងឡើងទៅកាន់ប្រាសាទព្រះរាជវាំង នាងត្រូវឱបសត្វឆាម៉ា ហើយដើរព័ទ្ធប្រទក្សិណប្រាសាទបីជុំ រួចសឹមឡើងទៅក្នុងប្រាសាទនោះ ទើបនាងបានសុខបានសិរីសួស្ដី។
ទំនងជាដោយសាររឿងនេះទេដឹង បានជាខ្មែរយើងមានទំនៀមមួយក្នុងពេលធ្វើពីធីឡើងផ្ទះថ្មីគឺគេនិយមឱបឆ្មាមួយ ហើយដើរប្រទក្សិណបីជុំហើយស្រេចទើបគេឡើងនៅ។
-ប៉ុន្តែសម្រាប់ជំនឿមួយទៀតរបស់ខ្មែរយើងចំពោះឆ្មាខ្មៅ គឺមិនខុសអីពីប្រទេសប៉ែកអឺរ៉ុបទេ នៅខ្មែរយើងតែងតែយល់ថាឆ្មាខ្មៅចង្រៃនាំមកនូវសំណាងមិនល្អ ឬតំណាងឱ្យព្រលឹងខ្មោចកាចសាហាវជាដើម ដែលជាហេតុធ្វើឱ្យប្រជាជនខ្មែរមិនដែលចិញ្ចឹមឆ្មាខ្មៅនៅក្នុងផ្ទះនោះទេ។ ហើយឆ្មាខ្មៅមាននៅក្នុងវត្តអារាមតែប៉ុណ្ណោះ ជាពិសេសរាល់ពេលមានពិធីបុណ្យសពម្តងៗ គេតែងតែការពារតឹងរ៉ឹងណាស់មិនឱ្យឆ្មាខ្មៅនៅក្បែរសពនោះទេ ព្រោះមានជំនឿថាធ្វើឱ្យសពក្លាយជាព្រលឹងកាចសាហាវ៕
រក្សាសិទ្ធ៖ Admin_កវីលាក់ស្នេហ៍ (Page: កវីលាក់ស្នេហ៍-ប្រលោមលោក)