ភ្នំពេញ៖ កម្មវិធី «មួយម៉ឺនអាល័យ» ដែលជាកម្មវិធីផ្សព្វផ្សាយភាពយន្តខ្មែរសម័យមុនក្នុងខ្ទង់ឆ្នាំទសវត្សឆ្នាំ៦០ និង៧០ តែងតែព្យាយាមស្រាវជ្រាវស្វែងរកភាពយន្តខ្មែរសម័យមុនដែលបានបាត់បង់មកចាក់បញ្ចាំងឱ្យមហាជន ជាពិសេសកូនខ្មែរបានទស្សនានិងធ្វើការយល់ដឹង ហើយកម្មវិធីនោះទៀតសោតក៏តែងតែបង្ហាញវត្តមានតារាជើងចាស់ជំនាន់មុនផងដែរ ដោយកម្មវិធីនេះបានរៀបចំដោយ «ក្រុមព្រះសូរិយា»។
ថ្មីៗនេះផងដែរ « ក្រុមព្រះសូរិយា » បានធ្វើការរៀបចំ កម្មវិធី «មួយម៉ឺនអាល័យលើកទី៥» ជាថ្មីម្តងទៀតហើយ ដោយលើកនេះកម្មវិធីនឹងលើកយកខ្សែភាពយន្តខ្មែរដ៏កម្រចំនួនបីដែលផលិតនៅសម័យសង្គមរាស្រ្តនិយម ដោយបើកឱ្យមហាជនជនទាំងជាតិ និងអន្តរជាតិអាចចូលរួមទស្សនាដោយឥតគិតថ្លៃទៀតផង។ ដោយខ្សែភាពយន្តទាំង៣ នេះមានដូចជា រឿងកាកី រឿងពិជ័យវង្សា និងរឿងខ្យងស័ង្ខ ដោយខ្សែភាពយន្តទាំង៣នេះផងដែរ ត្រូវបាន « ក្រុមព្រះសូរិយា» ធ្វើការទិញយកខ្សែភាពយន្តខ្មែរទាំងបីនេះ ដែលបានកប់ទុកអស់រយៈពេលជាង៤០ឆ្នាំមកហើយនៅក្នុងទឹកដីប្រទេសថៃ ដោយផ្ទាល់មកវិញ។
គួរឱ្យដឹងផងដែរថា « កម្មវិធីមួយម៉ឺនអាល័យ » ជាព្រឹត្តិការណ៍រំលឹកមរតកស្នាដៃភាពយន្តខ្មែរដ៏ធំប្រចាំប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយ «ក្រុមព្រះសុរិយា » តាំងពីឆ្នាំ២០១៦ ដែលកម្មវិធីនេះបានប្រព្រឹត្តឡើងបួនដងរួចមកហើយ ដោយមាន លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា និងលោកជំទាវ សុខ ស៊ីថន ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី ជាអនុប្រធានកិត្តិយសនៃក្រុមព្រះសុរិយា។
កម្មវិធីមួយម៉ឺនអាល័យលើកទី៥ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមហាជនអ្នកចូលរួមទស្សនាដោយឥតគិតថ្លៃទៅតាមកាលបរិច្ឆេទដែលបានកំណត់៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក