រថក្រោះមានដើមកំណើត​មក​ពី​ណា? ប្រទេសណាផលិតមុន​គេ?

ក្នុងសង្គ្រាមសម័យទំនើបនេះ ពិភពលោកប្រាកដជាមិនអាចខ្វះបាននូវសម្ភារៈសឹកសំខាន់ៗ ព្រមទាំងគ្រឿងយាន្តជំនិះសំខាន់ៗ ក្នុងការធ្វើចេញច្បាំងជារួមផង។ ក្នុងនោះរថក្រោះ ក៏ជាផ្នែកសំខាន់មួយចំបាច់ ក្នុងជួរកងទ័ពជុំវិញពិភពលោក។

រថក្រោះ ត្រូវបានលេចរូបរាងឡើងដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នាសម័យសង្គ្រាមលោកលើកទី១។ ហើយរថក្រោះដែលផលិតដំបូងគឺមានប្រភពចេញមកពី ចក្រភពអង់គ្លេស ដែលមានឈ្មោះថា Little Wille ។ ការផលិតថរក្រោះនេះ ដើមឡើយ​ក្នុងគោលបំណងជាយាន្តដាក់នៅពីមុខទាហាន ដើម្បីទប់គ្រាប់ងាយស្រួលក្នុងការធ្វើសង្គ្រាមវាយចូលបន្ទាយសត្រូវ ឬធ្វើសង្គ្រាមលក្ខណៈសត្រូវនៅក្នុងត្រង់សេ។

Little Wille

តែក្រោយមក ចូលដល់សម័យសង្គ្រាមលោកលើកទី២ រថក្រោះ ត្រូវបានកែច្នៃឲ្យកាន់តែមានឥទ្ធិពល និងគ្រោះថ្នាក់កាន់តែខ្លាំងលើសត្រូវថែមទៀត។  Little Wille  ដែលផលិតនៅចក្រភពអង់គ្លេស នាគ្រាដំបូងបានតែធ្វើដំណើរតាមគន្លងផ្លូវដែល​រៀបស្មើរប៉ុណ្ណោះ ពោលគឺមានល្បឿនយឺតជាខ្លាំង ដោយអាចបរបានត្រឹម​៣​គីឡូ​ម៉ែត្រ ក្នុងមួយម៉ោង ខណៈប្រៀបធៀបនឹងបច្ចុប្បន្នរថក្រោះអាចបរបានល្បឿនរាប់​សិបគីឡូម៉ែត្រក្នុងម៉ោង ហើយអាចបើកបានក្នុងស្ថានភាពផ្លូវពិបាកចុះចោត ឬឡើងភ្នំក្តី។

តែរឿងគួរឲ្យអស់សំណើចក៏ថាបាន នោះគឺគំនិតបង្កើតរថក្រោះនេះឡើង ដោយឧត្តមសេនីយ៍ជនជាតិអង់គ្លេស២រូប ឈ្មោះ Ernest Swinton និងឧត្តមសេនីយ៍ William Hankey ។ ខណៈដើមឡើយពួកគាត់ទាំងពីររូបគិតថា ចង់បង្កើតយាន្តជំនិះមួយពោល​គឺមានលក្ខណៈ និងគំនិតចេញមកពីនាវាលើទឹក ប៉ុន្តែក្នុងគោលដៅអាចបើកបរបាននៅលើគោក ដើម្បីធ្វើសង្គ្រាមដូចលើទឹកដែរ ពីព្រោះពួកគាត់ទាំងពីររូប គឺសុទ្ធតែជាអ្នកជំនាញខាងកងទ័ពទឹករបស់ចក្រភពអង់គ្លេស។

Ernest Swinton

ក្រោយសិក្សាស្រាវជ្រាវមួយរយៈពេលមក ពួកគាត់ទាំងពីរក៏បានសរសេររូបមន្ត និង​ចងក្រងក្បួនគម្រោងនៃការបង្កើតនាវាបើកបរលើគោកនេះឡើយ ហើយក៏បញ្ជូនទៅកាន់រដ្ឋាភិបាលអង់គ្លេស ហើយទីបំផុតនាយករដ្ឋមន្ត្រីអង់គ្លេសសម័យនោះក៏អនុម័តថវិកាឲ្យបង្កើតគម្រោងផែនការផលិតនាវាបើកបរលើកគោកនេះឡើងតែម្តង។

ទីបំផុត Little Wille ត្រូវបានចាប់កំណើតឡើងលើពិភពលោកជាផ្លូវការណ៍ នៅក្នុងឆ្នាំ១៩១៥ ប៉ុន្តែរថក្រោះជំនាន់ទី២ ឈ្មោះ Big Wille គឺជាអ្នកលេចមុខលេចមាត់ខ្លាំងព្រោះបានចូលប្រឡូក និងបញ្ចេញសមត្ថភាពក្នុងសង្គ្រាមលោកលើកទី១ ទល់អាល្លឺម៉ង់ជាង Little Wille ដែលជាការផលិតលើកដំបូងពុំសូវទំនើប។

ដោយសារតែឥទ្ធិពល​អស្ចារ្យ និងប្លែកនាសម័យកាលនោះ បានធ្វើឲ្យបណ្តាប្រទេសជាច្រើនចាប់អារម្មណ៍នឹងវត្តមានយាន្តជំនិះក្នុងសង្គ្រាមនេះខ្លាំង មិនយូរមិនឆាប់ ត្រឹមតែឆ្នាំ១៩១៧ឡើងទៅ ប្រទេសផ្សេងៗទៀតក៏បានបង្កើតរថក្រោះ ដែលមានលក្ខណៈសម្បត្តិស្រដៀងផលិតផលដើមរបស់ចក្រភពអង់គ្លេសដូចគ្នា ពោលរួមមាន  អាល្លឺម៉ង់ អ៊ីតាលី រូស្សី បារាំង... ជាដើម។ ឆ្លងកាត់ការវិវត្ត១០០ឆ្នាំមកនេះ ពេលនេះរថក្រោះបានអភិវឌ្ឍន៍ខ្លួនលើសពីការស្មានជាច្រើន បូកផ្សំដោយសម្ភារៈទំនើបៗពីខាងក្នុង កម្លាំងម៉ាស៊ីន ក៏ខ្លាំងជាងមុនៗ... ជាពិសេសមានបច្ចេកវិទ្យាទំនើបៗដូចជា រថក្រោះបំបាំងកាយ (ការពារខ្លួនពីប្រព័ន្ធផ្កាយរណប) រថក្រោះអត់មនុស្សបើក រថក្រោះការពារកាំភ្លើងធំៗ (កម្រិតធន់) រថក្រោះបាញ់គ្រាប់ដេញតាម...៕