តាមការស្រាវជ្រាវ និងឯកសារពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអោយដឹង ថា កីឡាប្រភេទនេះត្រូវបានមនុស្សជាតិបង្កើតឡើងជាយូរលង់ណាស់មកហើយ។ កីឡាបាល់ទាត់បានចាប់កំណើតលើភពផែនដីយើងនេះ ដែលមានអាយុប្រមាណ ៣០០០ឆ្នាំហើយ។
កីឡាបាល់ទាត់មានប្រភពកំណើតដំបូងនាតំបន់អាស៊ីរបស់យើង ពោលគឺនៅទឹកដីនៃប្រទេសចិនបុរាណ។ នាសម័យបុរាណកាល គេឃើញកីឡាប្រភេទនេះគ្មានបែបបទត្រឹមត្រូវ និងលក្ខណៈច្បាស់លាស់នោះឡើយ ពោលគឺនាសម័យបុរាណនៃប្រទេស ចិន ប្រជាជនចិនបានសំលៀងថ្មអោយមានរាងមូល និងធ្វើការគប់ ទាត់ បោះអោយគ្នាលេងតែប៉ុណ្ណោះ មានន័យថាគឺអាចប្រើប្រាស់វិធីគ្រប់បែបយ៉ាងដោយសេរី។
ក្នុងការបញ្ជាក់ កីឡាប្រភេទនេះនាសម័យកាលនោះមិនត្រូវបានគេហៅថាកីឡាបាល់ទាត់ពេញលេញនោះទេ ប៉ុន្តែគេអាចហៅថាកីឡាបាល់។ រហូតមកចន្លោះ ២០០ មុន គ.ស ក្នុងរជ្ជកាលហាន នៃប្រទេសចិនបច្ចុប្បន្ន មានមនុស្សចាប់ផ្តើមទាមទារអោយមានការលេងជាលក្ខណៈប្រើប្រាស់ជើង (ទាត់) ជាផ្លូវការទើបគេអាចនិយាយបានថា កីឡាបាល់ទាត់ ដែលប្រជាជនចិនផ្ទាល់ហៅថា Cuju (蹴鞠)។
មិនយូរប៉ុន្មានកីឡាបាល់ទាត់ក៏ត្រូវបានសាយភាយទៅដល់ប្រជាជនក្នុងតំបន់នោះរួមមាន ជនជាតិជប៉ុន ជនជាតិកូរ៉េ...ជាដើម។ ប៉ុន្តែកីឡាបាល់ទាត់នេះត្រូវបានគេហៅឈ្មោះទៅតាមតំបន់ និងជាតិសាសន៍នីមួយៗ ពោលគឺមិនមានពាក្យជាគោលរួមដូចសព្វថ្ងៃនេះឡើយ ដែលឧទាហរណ៍កាលដើមឡើយនោះជនជាតិជប៉ុនបុរាណបានហៅថា Kemari ចំណែកឯជនជាតិកូរ៉ហៅថា Chuk-Guk ឯនៅអូស្ត្រាលីបានហៅថា Woggabaliri រីឯជនជាតិមួយក្រុមរបស់ប្រទេសញ៉ូស្សេឡែនហៅថា Ki-O-Rahi។ល។
ក្រឡេកមកមើលតំបន់អឺរ៉ុប ដែលត្រូវបានគេចាត់ទុកជាតំបន់ស្តេចបាល់ទាត់បច្ចុប្បន្នភាពនេះវិញ កីឡាបាល់ទាត់ក៏មានប្រវត្តិកកើតជាភ័ស្តុតាងតាមសិលាចារឹកនៃវិហារ ឬប្រាសាទបុរាណក្នុងប្រទេសក្រិកផងដែរ។
យោងទៅតាមសិលាចារិកមួយ ដែលមានអាយុ២៨៨ឆ្នាំមុនគ.ស បានបកស្រាយថាកីឡាបាល់ទាត់របស់ប្រជាជនក្រិក មានការកែច្នៃដោយប្រើប្រាស់គ្រាប់បាល់ផលិតចេញពីអំបោសសូត្រ ឬរោមសត្វប្រមូលផ្តុំគ្នាទៅវិញ។
មិនយូរប៉ុន្មានកីឡាបាល់ទាត់ពីអំបោស ឬរោមសត្វនេះបានធ្លាយទៅដល់ប្រជាជននៃអាណាចក្ររ៉ូមដែរ។ នៅតំបន់អឺរ៉ុប វិស័យកីឡាបាលនេះបានច្នៃប្រឌិតឡើងទៅជាប្រភេទកីឡាផ្សេងៗដទៃទៀតដូចជា បាល់អោប បាល់បោះ បាល់ទះ...ជាដើម។
ក្នុងសម័យបុរាណដូចដែលបានរៀបរាប់ពីខាងលើ កីឡាប្រភេទដែលមានគ្រាប់បាល់សម្រាប់លេងនេះ មិនមានច្បាប់ចែង ឬរៀបចំអោយបានលម្អិតត្រឹមត្រូវដូចបច្ចុប្បន្នឡើយ។
ការលេងក៏មិនសូវមានលក្ខណៈមនុស្សច្រើនដែរ ពោលចំនួនមនុស្សក្នុងក្រុមអាស្រ័យលើការពេញនិយមរបស់មនុស្សជាតិតាមតំបន់នីមួយៗផ្ទាល់។ ចំណែកឯទីលានវិញនោះ ក្នុងសម័យបុរាណកាលមនុស្សជាតិមិនមានការទាមទារទីលាននោះឡើយ មានន័យថាទីលានមិនមែនជាបញ្ហាចោទសម្រាប់កីឡាបាល់នេះឡើយក្នុងសម័យបុរាណកាល។
នាសម័យនោះ កីឡាបាល់អាចលេងបានអោយតែមានទីលាន ឬទីតាំងទូលាយអាចអោយមានមនុស្សលេងកើតចាប់ពី ៣ ឬ៤នាក់ឡើងទៅ។ ឯគ្រាប់ បាល់ទៀតសោត ក៏មិនបានកំណត់អោយជាក់លាក់ណាមួយដែរ វាអាស្រ័យតាមទីកន្លែង ដែលតំបន់ខ្លះធ្វើគ្រាប់បាល់ពីដីឥដ្ឋ តំបន់ខ្លះធ្វើគ្រាប់បាល់ពីថ្ម (ប្រទេសចិនបុរាណ) តំបន់ខ្លះធ្វើគ្រាប់បាល់ពីរោមសត្វ ឬអំបោស...ជាដើម។ គ្រាប់បាល់ទាំងនោះមិនមានលក្ខណៈកំណត់ពីទំហំ និងទម្ងន់ឡើយ សូម្បីតែរូបរាងក៏មានលក្ខណៈខុសប្លែកពីគ្នាដែរ មានន័យថាមិនមានលក្ខណៈមូលទាំងស្រុងនោះទេ។
ក្រោយឆ្លងកាត់រាប់សត្សវត្សមក កីឡាបាល់បានបន្តដំណើរវិវត្តន៍ក្លាយជាកីឡាបាល់ទាត់កាន់តែច្បាស់ ជាពិសេសការចាប់ផ្តើមមានចំណាប់អារម្មណ៍ជាលក្ខណៈសកលរបស់មនុស្សជាតិ។
ចំណុចរបត់មួយ ដែលមានការចាប់អារម្មណ៍នេះកើតឡើងនៅក្នុងប្រទេសអង់គ្លេស នាស.វទី៩ និងភាគខាងជើងប្រទេសបារាំង នាស.វទី១២។ នាសម័យកាលនោះ ចាប់ផ្តើមមានការប្រមូលផ្តុំគ្នាបង្កើតជាក្រុមកីឡាបាល់ទាត់ សម្រាប់ធ្វើការប្រកួតកម្សាន្តដូចល្បែងប្រជាប្រិយរបស់ពួកគេ ជាពិសេសក្នុងពិធីបុណ្យប្រពៃណីធំៗ តែងតែសង្កេតឃើញក្រុមមនុស្សប្រុសៗ គ្រប់វ័យចាប់ដៃគូគ្នាជាក្រុមប្រកួតប្រជែងគ្នាលក្ខណៈសប្បាយតែប៉ុណ្ណោះ។
ក្នុងសម័យកាលនោះហើយ ដែលការប្រកួតកីឡានេះចាប់ផ្តើមមានអាជ្ញាកណ្តាល ប៉ុន្តែពួកគាត់គ្រាន់តែឈរពីខាងក្រៅ និងបញ្ជាកំណត់អោយលេង ឬផ្អាកការប្រកួត ពេលមានបញ្ហារបួសស្នាម ឬបញ្ហាអ្វីមួយតែប៉ុណ្ណោះ។
ទោះយ៉ាងណាក្តីពាក្យថា បាល់ទាត់ (Football ) ត្រូវបានគេទទួលស្គាល់ជាថាបានចាប់កំណើតពាក្យនេះឡើងនៅក្នុងប្រទេសស្កុនឡែន នាដើមស.វទី១៥។ ហើយវិស័យកីឡាបាល់ទាត់នេះក៏បានរីកសាយភាយជាខ្លាំងទៅកាន់តំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) នាសម័យកាលនោះផងដែរ តាមរយៈការដាក់អណានិគម និងការដោះដូរពាណិជ្ជកម្ម៕