សំណកដែកមួយត្រូវបានបញ្ចូនទៅកាន់គ្រួសារនៃសពទាហានជប៉ុនម្នាក់វិញ ក្រោយត្រូវបានរកឃើញ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅ៧៤ឆ្នាំ

សំណកដែករាងត្រីកោណមួយ ដែលបានចារ្យឈ្មោះទាហានជនជាតិជប៉ុនមួយរូប ក្នុងសម័យសង្គ្រាមលោកលើកទី២ ត្រូវបានគេរកឃើញនៅក្នុងផ្លូវរូងក្រោមដីរបស់យោធាមួយកន្លែងឈ្មោះថា Arakaki ដែលស្ថិតនៅខេត្ត Itoman ប្រទេសជប៉ុន ហើយត្រូវបានបញ្ចូនទៅប្រគល់ឲ្យគ្រួសារនៃទាហាននោះវិញ។

សំណកដែករាងត្រីកោណនោះ ត្រូវបានគេកំណត់អត្តសញ្ញាណថាជារបស់នាយទាហានឈ្មោះ Koichi Konishi ដែលបានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៤៥ ត្រឹមអាយុ​២៧ឆ្នាំប៉ុណ្ណោះនាគ្រានោះ។ ទីបំផុតសំណកដែកនោះ ត្រូវបានរដ្ឋាភិបាលជប៉ុន បានដឹកនាំយកទៅប្រគល់ឲ្យលោកស្រី Noriko Yamaguchi ដែលជាកូនស្រីរបស់ជនរងគ្រោះខាងលើ ដែលមានទីលំនៅភាគខាងលិចប្រទេសជប៉ុន។

គួរឲ្យដឹងថា សំណកដែកមួយនេះត្រូវបានគេរកឃើញតាំងអំឡុងខែមេសា ឆ្នាំ២០១៧ មកម្ល៉េះដោយលោក​ Yasuo Minamino ដែលមានភារកិច្ចក្នុងការស្វែងរក និងប្រមូលវត្ថុ ឬអដ្ឋិធាតុផ្សេងៗទាំងឡាយរបស់ជនដែលបានស្លាប់នៅតំបន់ Okinawa ក្នុងសម័យ​សង្គ្រាមលោក។ សំណកដែកមួយនេះត្រូវបានគេសន្និដ្ឋានថា ជាឧបករណ៍ភ្ជាប់នឹងវត្ថុដើមផ្សេង ប៉ុន្តែត្រូវបានបែកចេញពីគ្នា តែយ៉ាងណាលើសំណកដែកមួយនេះបានបន្សល់ទុកឈ្មោះ Koichi Konishi តាមរយៈការឆូតដោយដែកគោល។ យោងតាមឈ្មោះខាងលើ ត្រូវបានគេស្រាវជ្រាវឃើញថារូបគាត់គឺជាទាហានរបស់កងទ័ពជប៉ុន ដែលបានស្លាប់នៅអំឡុងសម័យសង្គ្រាម Battle of Okinawa ។

ផ្អែកតាមឈ្មោះទាហាន និងរបាយការណ៍ស្រាវជ្រាវទីបំផុតគេបានរកឃើញថា លោក Koichi Konishi កាលនៅមានជីវិតធ្លាប់រស់នៅសង្កាត់ Yurugi នៅតំបន់ Nara ដែលជាទីកន្លែងរបស់លោកស្រី Noriko Yamaguchi  រស់នៅបច្ចុប្បន្ន។ ដូច្នេះហើយសំណកដែកមានចារ្យឈ្មោះមួយនេះត្រូវបានគេបញ្ចូនត្រឡប់ទៅដល់គ្រួសារវិញតែម្តង។

តាមការថ្លែងប្រាប់ពីលោកស្រីខាងលើឲ្យដឹងថា ម្តាយរបស់គាត់ (ត្រូវជាប្រពន្ធរបស់លោក Koichi Konishi) ទើបតែទទួលអនិច្ចកម្មក្នុងឆ្នាំ២០១៣ កន្លងទៅប៉ុណ្ណោះ​។​ ខណៈរូបគាត់គឺបច្ចុប្បន្នមានអាយុ៧៤ឆ្នាំតែម្តង ព្រោះនៅពេលដែលរូបគាត់បានចាប់កំណើត ពោលអំឡុងខែកុម្ភៈ ឆ្នាំ១៩៤៥ ឪពុករបស់នាងត្រូវបានរដ្ឋាភិបាលចាត់ឲ្យធ្វើជាទាហាន ចេញទៅធ្វើសង្គ្រាម ប៉ុន្តែចាប់តាំងពីចាកចេញគ្រានោះទៅ ក៏បាត់ដំណឹងសូន្យឈឹង ដោយបានផ្តាច់ការទាក់ទងគ្នាតែម្តង៕

ក្នុងស្រុករក្សាសិទ្ធ