ប្រិយមិត្តស្គាល់មកហើយនូវវីរៈបុរសជាតិនិយមចិន ស៊ុន យ៉ាតសេន (Sun Yat Sen) ភាពល្បីល្បាញរបស់គាត់ ត្រូវបានពិភពលោកទទួលស្គាល់ និងជាពិសេសការគោរពទុកដូចជាអ្នកប្រាជ្ញពីសំណាក់ប្រជាជនចិនតែម្តង។
ការផ្តល់តម្លៃ និងគោរពទាំងនេះបានកើតឡើងដោយសារតែសេចក្តីក្លាហាន ជាអ្នកបណ្តុះគំនិតប្រឆាំងនឹងខ្សែរាជវង្សម៉ាន់ជូរី ដែលកាន់កាប់ប្រទេសចិន រហូតដល់បង្កើតជាចលនាតស៊ូបដិវត្តន៍ផ្តួលរំលំរបបរាជានិយម ដែលចាក់គ្រឹះនៅក្នុងផ្នត់គំនិតប្រជាជនចិនរាប់ពាន់ឆ្នាំមកហើយនោះបានសម្រេចទៀតផង។ បើនិយាយពីជំហានដំបូង ក្នុងការផ្តួលរំលំរបបរាជានិយម ដែលដឹកនាំដោយពួករាជវង្សម៉ាន់ជូរី ស៊ុន យ៉ាតសេន បានបញ្ចេញនូវគំនិតនៃគោលនយោបាយប្រជាជនគំនិត៣ ដែលក្នុងគោលដៅបង្រួបង្រួមសមាគម និងជនជាតិចិនជាច្រើន នៅក្នុងប្រទេសយក្សមួយនេះឲ្យដើរតាមទិសដៅតែមួយ ហើយនេះក៏មិនមែនជាកិច្ចការស្រួលនោះទេ សម្រាប់ប្រទេសដែលមានប្រជាជនច្រើនលើសគេលើពិភពលោក ព្រមទាំងប្រមូលផ្តុំដោយប្រពៃណី ទំនៀមទម្លាប់ ជំនឿខុសៗពីគ្នា។
ការប្រមូលផ្តុំលើកដំបូង ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩០៥ នាទីក្រុងតូក្យូ ប្រទេសជប៉ុន (គ្រាដែល ស៊ុន យ៉ាតសេន រត់ភៀសខ្លួនពីការតាមចាប់របស់ទាហានរាជវង្សម៉ាន់ជូរី)។ តែអ្វីអស្ចារ្យនាគ្រានោះគឺ ក្រោយការប្រកាសរបស់ ស៊ុន យ៉ាតសេន គឺមានការចូលរួមជាច្រើនពីពួកមានទំនោរទៅខាងរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្តី ពួកមានទំនោរទៅខាងប្រជាធិបតេយ្យក្តី រួមទាំងពួកគំនិតកុម្មុយនីស៍ក៏ដោយ ព្រោះពួកគេមានគំនិតតែមួយគឺការជួយស្រោចស្រង់ប្រទេសចិន និងប្រជាជនចិនឲ្យគេចផុតពីពួកដណ្តើមអំណាចម៉ាន់ជូរី ដែលពួកគេអះអាងថាមិនមែនជាជនជាតិដើមរបស់ចិន។
ក្រោយការមូលមតិរួមគ្នាជាសម្ព័ន្ធតែមួយក្នុងគោលដៅធ្វើបដិវត្តន៍នៅប្រទេសចិន ក្រុមពួកនេះបានធ្វើសកម្មភាពទាំងក្នុងប្រទេស និងក្រៅប្រទេសព្រមគ្នា។ ចំពោះកម្មវិធីសំខាន់បំផុតនៅក្នុងសម្ព័ន្ធបដិវត្តន៍នេះគឺ គោលនយោបាយប្រជាជនគំនិត៣ របស់លោក ស៊ុន យ៉ាតសេន នោះគឺ៖
១.ជាតិនិយម មានន័យថា ធ្វើយ៉ាងណាដើម្បីទាមទារឲ្យមានការផ្តួលរំលំអំណាចម៉ាន់ជូរី ដោយជំនួសមកវិញដោយអំណាចទាំងឡាយដែលកើតចេញពីជនជាតិចិនផ្ទាល់តែម្តង។
២.អំណាចប្រជាជន (ប្រជាធិបតេយ្យ) ពោលគឺធ្វើយ៉ាងណា លប់បំបាត់អំណាចរាជានិយម ដែលស្ថិតនៅក្នុងគំនិតប្រជាជនចិនរាប់ពាន់ឆ្នាំមកហើយនោះ។
៣.សុខដម្យនីយកម្មប្រជាជន មានន័យថា ធ្វើយ៉ាងណាបង្កើតច្បាប់សមភាពដីធ្លីក្នុងការគ្រប់គ្រងដី ដល់ប្រជាពលរដ្ឋឲ្យទៅតាមលទ្ធភាព និងមានប្រព័ន្ធពន្ធដារមួយឲ្យត្រឹមត្រូវ និងប្រឆាំងនឹងពួកគហបតី។
គោលនយោបាយទាំង៣ខាងលើនេះ ត្រូវបានទទួលស្គាល់ជាទូទៅ និងបានចាក់ចូលទៅក្នុងផ្នត់គំនិតប្រជាជនចិនភ្លាមៗ ហើយគោលនយោបាយនេះ ក៏ជាពន្លឺបើកផ្លូវឲ្យមានការធ្វើបដិវត្តជោគជ័យផងដែរ។ យ៉ាងណា គោលនយោបាយទី៣ (សុខដម្យនីយកម្មប្រជាជន) ក៏ត្រូវប្រឆាំងដោយពួកគហបតី ឬពួកអភិជនជាច្រើន ព្រោះបានធ្វើឲ្យពួកគេខាតបង់ប្រយោជន៍៕
ក្នុងស្រុករក្សាសិទ្ធ