ប្រវត្តិសាស្ត្រសម័យទំនើបនៃប្រទេសសិង្ហបុរីៈ វត្តមានមកដល់ពួកអាណានិគម និងបើកផ្លូវឯករាជ្យចេញពីម៉ាឡេស៊ី

យោងទៅតាមភូមិសាស្ត្រយើងក៏អាចសន្និដ្ឋានបានផងដែលថា កោះសឹង្ហបុរីជាតំបន់មួយដែលស្ថិតចំណុចកណ្ដាលនៃចន្លោះកោះតូចៗជុំវិញ និងជាពិសេសនោះកោះដីគោកធំៗចំនួន៣ ដែលមានដូចជា ដែនដីប្រទេសម៉ាឡេស៊ី ទាំងខាងជើង និងខាងកើត ព្រមទាំងដែនដីកោះឥណ្ឌូនេស៊ីគៀបពីខាងត្បូង និងខាងលិច។

ហេតុដូច្នេះហើយ នៅសតវត្សទី១៣  ដដែលនោះ កោះសឹង្ហបុរីបានក្លាយទៅជាកំពង់ផែ ឬជាតំបន់ជំនួញមួយដ៏មមាញឹក ជាហេតុនាំអោយឥទ្ធិពលរបស់ព្រះរាជា Sang Nila Utama កាន់តែថយចុះ ជាពិសេសនៅចុងសតវត្សទី១៤។ នៅក្នុងសតវត្សទី១៧ ដែនកោះមួយនេះចាប់ផ្តើមមានការរុករាញពីពួកជនជាតិមកពីតំបន់អឺរ៉ុប ជាក់ស្តែងក្នុងគ.ស. ១៥១១ ជនជាតិព័រទុយហ្គាល់ បានបង្ហាញវត្តមានជាដំបូងនៅលើកោះមួយនេះ។ បន្ទាប់ពីព័រទូយហ្គាល់ ជនជាតិហូឡុង ក៏បានបានបង្ហាញវត្តមានបន្ថែមទៀតនៅលើកោះមួយនេះ ព្រមទាំងមានចម្បាំងជាមួយម្ចាស់ស្រុកទៀតផង។

នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ១៨១៩ លោក Sir Thomas Stamford Raffles បានធ្វើដំណើរនិងចុះចតនៅកោះសឹង្ហបុរី ហើយក៏បានធ្វើការសិក្សាថាជាកន្លែងមួយដែលមានសក្តានុពលភាពខាងផ្នែកសេដ្ឋកិច្ច និងជំនួញផ្លូវទឹកប្រចាំតំបន់អាស៊ី។ បន្ទាប់ពីនោះមកលោកបានចុះសន្ឋិសញ្ញាជាមួយ ព្រះចៅស៊ុលតង់ ហ៊ូលសេន (ព្រះរាជានៃតំបន់ Johor នាអតីតកាល) នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំដដែលនោះ ដែលរូបលោកតំណាងអោយក្រុមហ៊ុនអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស ក្នុងគោលបំណងអភិវឌ្ឍន៍កំពុងផែអន្តរជាតិនាភាគខាងត្បូងនៃកោះនោះ។

រហូតមកទល់សម័យសង្គ្រាមលោកលើកទី២ មិនខុសពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើងនោះទេ ពួកជប៉ុនបានចូលកាន់កាប់កោះសឹង្ហបុរី ប៉ុន្តែក្រោយចាញ់សង្គ្រាមលោកមកបានប្រមាណមួយខែតែប៉ុណ្ណោះ ពួកអាណានិគមអង់គ្លេសក៏បានវិលត្រលប់មកវិញ ពោលគឺចុងឆ្នាំ១៩៤៥។ ការវិលត្រឡប់មកវិញនោះ អង់គ្លេសបានផ្តល់សិទ្ធិអោយប្រទេសសឹង្ហបុរីមានការបោះឆ្នោតថ្នាក់ជាតិជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពោលគឺប្រព្រឹត្តិឡើងដំបូងនៅឆ្នាំ១៩៥៥។

ជាចុងក្រោយការបោះឆ្នោតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥៩ គណបក្សសកម្មភាពប្រជាជន ដែលដឹកនាំដោយរដ្ឋបុរស លី ខ្វាន់យូ (Lee Kuan Yew) បានឈ្នះសន្លឹកឆ្នោតលើសលុប និងចូលមកដឹកនាំរដ្ឋាភិបាលសឹង្ហបុរី។ មិនបង្អង់យូរ រដ្ឋាភិបាលរបស់លោក លី ខ្វាន់យូ បានប្រកាសឯករាជ្យពីអង់គ្លេសជាឯកត្តោភាគីនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៦៣ ដោយបង្រួមខ្លួនចូលជាមួយរដ្ឋសហព័ន្ធម៉ាឡេស៊ី។

ក្រោយតែ២ឆ្នាំប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ១៩៦៥ សឹង្ហបុរីបានប្រកាសខ្លួនជារដ្ឋឯករាជ្យជាផ្លូវការ។ លោក លី ខ្វាន់យូ ត្រូវបានមនុស្សជុំវិញពិភពលោកមើលឃើញ និងទទួលស្គាល់ថារូបលោកគឺជាវិរៈបុរស ឬជាបិតាស្ថាបនិកនៃប្រទេសសឹង្ហបុរី ដែលគាត់បានជួយអោយប្រទេសផ្ទៃដីតូចជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះមានមុខមាត់លើឆាកអន្តរជាតិទល់បច្ចុប្បន្ននេះ៕

ក្នុងស្រុករក្សាសិទ្ធ