ព្រោះតែភាពឯកា ទើបខ្ញុំចេះតែចង់មានស្នេហា ចង់មានអ្នកនៅក្បែរ ចង់មានអ្នកកំដរ ចង់មានអ្នកលួងលោម ព្រោះខ្ញុំគិតថា ការដែលនៅម្នាក់ឯង ខ្ញុំពិតជាហេលហាលខ្លាំង ខ្ញុំពិតជាឯកាណាស់ ខ្ញុំគិតថា កាលបើមានមនុស្សម្នាក់នៅក្បែរ ខ្ញុំប្រាកដជាមានគេនៅកំដរ ទៅណាមកណាជាគ្នា ញាំអីជាមួយគ្នា តែអ្វីៗមិនដូចដែលខ្ញុំគិត និងចង់បានឡើយ នៅម្នាក់ឯងខ្ញុំឯកា តែការដែលខ្ញុំមានមនុស្សនៅក្បែរ ខ្ញុំរឹតតែឯកាជាងមុនទៅទៀត នេះក៏ព្រោះតែជ្រើសមនុស្សខុស។
មកដល់ពេលនេះទើបខ្ញុំដឹងថា ការដែលខ្ញុំនៅម្នាក់ឯង ខ្ញុំមានអារម្មណ៍ថាឯកា គឺមកពីខ្ញុំចេះតែប្រើអារម្មណ៍ត្រូវការអ្នកនេះ ត្រូវការអ្នកនោះ ចង់មានគ្នាជជែក ចង់មានអ្នកកំដរ ទើបខ្ញុំមិនមានក្ដីសុខ មិនមានអារម្មណ៍នៅនឹងខ្លួនឯងសោះ ដល់ឥឡូវ ខ្ញុំសាកល្បងរម្ងាប់ចិត្ត តាំងចិត្តជាថ្មីថា នឹងមិនត្រូវការអ្នកណាឡើយ ខ្ញុំចាប់ផ្ដើមគ្រប់យ៉ាងដោយខ្លួនឯង ខ្ញុំរស់នៅជាមួយខ្លួនឯងដោយភាពស្ងប់ស្ងាត់ ទើបខ្ញុំមិនឈឺចាប់ មិនឯកា ផ្ទុយទៅវិញ ទើបខ្ញុំដឹងថា ការដែលនៅម្នាក់ឯងគឺស្ងប់ចិត្តបំផុត ទើបជារឿងល្អ ខ្ញុំអាចរកខ្លួនឯងឃើញ ខ្ញុំបានរស់នៅជាមួយខ្លួនឯងបានច្រើន ម្យ៉ាងទៀត ខ្ញុំអាចមើលថែ ការពារខ្លួនឯងបាន ខ្ញុំចេះដឹង និងរឹងមាំជាងមុនឆ្ងាយណាស់ ទោះគ្មានអ្នកណានៅក្បែរ ក៏ខ្ញុំមិនអីដែរ អូខេ! ចុងក្រោយខ្ញុំគឺជាខ្ញុំ ទីបំផុត នៅតែជាខ្ញុំដែលអាចនៅក្បែរ និងកំដរខ្លួនឯងបានយ៉ាងល្អ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ