«ខ្ញុំខុសគេ» ពីអ្នកនិពន្ធ Soth Bopha គឺជាវណ្ណកម្មថ្មី ក្រោយពីបានបញ្ចេញស្នាដៃសៀវភៅជាច្រើនក្បាលយ៉ាងជោគជ័យកន្លងមក។
សម្រាប់អ្នកគាំទ្រប្រហែលជាដឹងត្រឹមថា អ្នកនិពន្ធ Soth Bopha ពូកែនិពន្ធ និងសរសេរឃ្លាឃ្លោងប្រយោគគួរឱ្យចង់អាន និងប្រកបដោយអត្ថន័យ អត្ថរសដ៏ល្អ តែការពិតសម្រាប់ជីវិតពិតរបស់អ្នកនិពន្ធបែរជាមានភាពកម្សត់ និងវេទនាខ្លាំង រហូតគ្រប់គ្នាគិតថា តើនាងអាចក្លាយជាអ្នកនិពន្ធដ៏ពូកែនេះដោយរបៀបណា?
ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមរ៉ាយរ៉ាប់ពីប្រវត្តិដ៏កម្សត់ត្រួសៗពីអ្នកនិពន្ធ Soth Bopha ដោយសំណេរនេះសរសេរដោយអ្នកអាន លឹម វីរីយ៉ា ដូចខាងក្រោម៖
ខ្ញុំបានអានសៀវភៅនេះចប់តាំងពីសប្ដាហ៍មុន ហេីយចាយពេលអានត្រឹមតែជាង ៣ម៉ោងប៉ុណ្ណោះ ក្នុងអំឡុងធ្វេីដំណេីរពីសៀមរាប មកភ្នំពេញ។ ក្រោយអានសៀវភៅមួយក្បាលនេះចប់ ខ្ញុំនឹកស្រពោនដួងចិត្ត គិតហេីយគិតទៀត ស្ទេីរមិនជឿថា លេីលោកនេះ មានអ្នកនិពន្ធចម្លែកអស្ចារ្យដល់ម្លឹង។
"ខ្ញុំខុសគេ" ជាចំណងជេីងស្នាដៃទី៤ របស់ក្មេងស្រីល្អិត ស្គមកំប្រឹងដូចកញ្ចាញ់ចេកខែប្រាំង និងពាក់វ៉ែនតាម្ញ៉ូប ដូចរូបគំនូរលេីក្របសៀវភៅនេះអីចឹង។ ខ្ញុំធ្លាប់គិតថា មុននឹងក្លាយជាអ្នកនិពន្ធសៀវភៅ ដ៏ល្អម្នាក់ ស្មេរនោះ ច្បាស់ជាមនុស្សដែលត្រូវបានចិញ្ចឹមបីបាច់ ថែរក្សា យ៉ាងគត់មត់ ក្នុងគ្រួសារល្អមួយ ហេីយមានការសិក្សាអប់រំ ប្រកបដោយ គុណភាព ឬ អាចបណ្ដាលពីខ្សែស្រឡាយឪពុកម្ដាយ បងប្អូន ជាអ្នកនិពន្ធដូចគ្នា។ ព្រះជាម្ចាស់!!! តែនេះ មិនមែនទេ....
បូផា ជាក្មេងស្រីដែលកេីតក្នុងដេីម ទសវត្សរ៍ ១៩៩០ ពីផ្ទៃរបស់ស្ត្រីម្នាក់ដែលមានជំងឺវិកលចរិតរ៉ាំរ៉ៃ។ កំណើតរបស់នាង មកទេីសថ្ងៃនេះ គ្មានចម្លេីយថា តេីនរណាជាឪពុករបស់នាង ព្រោះជីវិតមួយនេះ ត្រូវបានគេបង្កេីតចេញមក ដោយគ្មានទំនួលខុសត្រូវទាល់តែសោះ។ តេីប្រុសណាទៅ អីក៏អាក្រក់ម្ល៉េះ?!!
ខ្ញុំលួចស្រក់ទឹកភ្នែកតិចៗដែរ ពេលអានដល់ សេចក្តីបរិយាយមួយ ដែលនាងសរសេរពីអារម្មណ៍កាលនៅតូច ថា "តេីព្រោះតែម្ដាយខ្ញុំវិកលចរិត ទេីបមានគេលួចចាប់រំលោភគាត់ ហេីយរត់បាត់? ឬក៏ ឪពុកខ្ញុំជាអ្នកធំក្នុងសង្គមដែលមានប្រពន្ធដេីមរួច មកយកម្ដាយខ្ញុំលួចលាក់កម្សាន្ត បន្ទាប់មកដោះដៃមិនទទួលខុសត្រូវ បានជាម៉ែខ្ញុំឆ្កួត? ឬមួយខ្ញុំយោងកំណេីតជាព្រះ? ព្រោះព្រះយេស៊ូ ត្រូវបានកេីតក្នុងផ្ទៃស្ត្រីបរិសុទ្ធ"
ភាពអស្ចារ្យ ដែលខ្ញុំអត់ទ្រាំមិនសរសេីរមិនបាន គឺអ្នកនិពន្ធភ្នែកលឹបតូចៗនេះ រស់ក្នុងសំណង់អាណាធិបតេយ្យតាំងពីកូនង៉ាដល់ធំ។ បរិស្ថានដែលនាងរស់នៅ សុទ្ធតែស្រីពេស្យា ក្រុមជក់ថ្នាំញៀន ពួកអ្នកស្មូមទាន... នាងដេីររេីសអេតចាយតាមផ្សារផ្សោរ មួយថ្ងៃបាន ៥០០រៀល ជាលុយដែលច្រេីនមហិមា។ ដេីរដេកតាមសំយ៉ាបផ្ទះគេ ក្នុងឋាន:ជាកុមារតូច ដែលមានម្ដាយវិកលចរិត គ្មានប្ដី និងគ្មានសាច់ញាតិបងប្អូន។ ស្ទេីរមិនលស់ថ្ងៃ ដែលម្ដាយនាង ជួនកាល ចាប់នាងគប់ ចាប់បោក វាយទម្លាក់ពីលេីផ្ទះ។ នាងធ្លាប់ទាំងត្រូវកាំបិតហោះមកបុកចំក្បាល រយៈឈាមហូរស្រោច... ។ ល។ និង ។ ល។
អ្នកប្រហែលជាអាចលបគិតថា អ្នកនិពន្ធនេះ ប្រឌិតរឿង ដេីម្បីឱ្យវាកម្សត់ ដេីម្បីលក់សៀវភៅដាច់។ មែនទេ? អ្នកប្រហែលអាចមិនជឿថា ជីវិតតាំងពីកេីតមកអាក្រក់ដូចឋាននរក ហេតុអ្វីនាងអាចក្លាយជាអ្នកនិពន្ធដ៏ឆ្នេីម១រូបបាន? ទោះជាអ្នកគិតអ្វី ជឿឬមិនជឿ ប៉ុន្ដែ នេះជារឿងពិត។
សូម្បីតែ ស្ថានភាពក្រោយបោះពុម្ពសៀវភៅនេះ ក៏បូផា មិនទាន់ក្លាយជាមនុស្សមានភ័ព្វសំណាងល្អប្រសេីរនៅឡេីយទេ។ នាងនៅជំពាក់លុយរោងពុម្ពច្រេីនណាស់ ដែលចេញពីវណ្ណកម្មទី៤នេះ។
បូផា មិនបានជួលខ្ញុំឱ្យផ្សព្វផ្សាយទេ។ ប៉ុន្ដែក្នុងបេះដូងនៃគ្រូម្នាក់ ដែលស្រឡាញ់ការតែងនិពន្ធ ស្នេហាវិស័យអប់រំ ខ្ញុំពិតជាចង់ឃេីញសៀវភៅនេះលក់ដាច់ឱ្យបានច្រេីនបំផុត។ ទី១ ជួយអ្នកអាន ឱ្យទទួលបានចំណេះដឹងជីវិតដ៏មហាអស្ចារ្យនឹកស្មានមិនដល់ ហេីយទី២ ជួយអ្នកនិពន្ធ ឱ្យបានធូរស្បេីយផ្នែកស្ថានភាពហិរញ្ញវត្ថុដ៏យ៉ាប់យ៉ឺននាគ្រានេះ។
ពី អ្នកអាន លឹម វីរីយ៉ា🌸
២៥ សីហា ២០១៩
(បញ្ជាក់៖ សម្រាប់លោកអ្នកដែលចាប់អារម្មណ៍រឿង « ខ្ញុំខុសគេ » លោកអ្នកអាចទាក់ទងទិញតាមរយៈលេខទូរស័ព្ទ ០៧០ ៧៧៨ ១៥៣/០១២ ៧៧៨១៥៣ ដោយសៀវភៅនេះមានតម្លៃ 9$ )៕
ប្រភពអត្ថបទទាំងស្រុងពី៖ លឹម វីរីយ៉ា
ប្រភពរូបភាព៖ អ្នកនិពន្ធ និងអ្នកគាំទ្រ