មនុស្សស្រីគ្រប់រូប សុទ្ធតែខ្លាចរអានឹងពាក្យថា ស្រីមេម៉ាយ តែមិនមែនមានន័យថា ឱ្យតែស្រីមេម៉ាយ សុទ្ធតែមិនល្អនោះឡើយ គ្រាន់តែពាក្យនេះ មនុស្សភាគច្រើនក្នុងសង្គម សុទ្ធតែរើសអើង និងមិនឱ្យតម្លៃ តែជាក់ស្ដែង មនុស្សស្រីមេម៉ាយ គួរឱ្យអាណិតទៅវិញទេ។
មនុស្សស្រីខ្លះ មេម៉ាយព្រោះប្ដីស្លាប់ អ្នកខ្លះ មេម៉ាយព្រោះលែងប្ដី អ្នកខ្លះ មេម៉ាយព្រោះប្ដីគ្មានកំណើត តែមិនថាមេម៉ាយដោយសារអ្វីទេ តែស្រីមេម៉ាយគឺត្រូវរ៉ាប់រងចិញ្ចឹមកូនយ៉ាងលំបាកដោយខ្លួនឯង ធ្វើការត្រុកៗដើម្បីជីវិត ពេលខ្លះ មិនមែននាងរឹងមាំអីណាស់ណាទេ តែមកពីនាងមិនអាចទន់ជ្រាយ ព្រោះនាងជាម្ដាយ ហើយនាងក៏ជាឪពុកផងដែរ ដូច្នេះ គឺមានតែខំប្រឹង មិនអាចបោះបង់បានឡើយ តេយ៉ាងណាក៏ដោយ ស្រីមេម៉ាយ មិនមែនអាក្រក់នោះទេ ឈប់រើសអើង ឈប់មាក់ងាយនាងទៅ ព្រោះនាងមិនបានមកសុំលុយអ្នកចាយ សុំបាយអ្នកហូបនោះឡើយ ហើយនាងក៏មិនបានកាប់សម្លាប់អ្នកណាដែរ ផ្ទុយទៅវិញ ស្រីមេម៉ាយខ្លះ គឺត្រូវប្ដីធ្វើបាបចិត្ត បំផ្លាញជីវិតនាងច្រើនណាស់ហើយ។
មានញាតិជិតខាងខ្លះ រើសអើងនាង ពេបជ្រាយនាង សើចចំអកនាង មានតែគមនិតអាក្រក់ៗ និយាយតែរឿងមិនល្អរបស់នាង សួរថា បើភាពជាមេម៉ាយ កើតលើកូនចៅ សាច់ញាតិបងប្អូនរបស់អ្នក ឬមនុស្សដែលអ្នកស្រឡាញ់ តើអ្នកមានអារម្មណ៍បែបណា? មនុស្សខ្លះ ញាតិជិតខាងខ្លះ បានត្រឹមតែនិយាយមិនល្អ មានតែគំនិតស្មោគគ្រោកតេប៉ុណ្ណោះ ម្ល៉ោះហើយ! មិនបាច់ទៅគិតខ្វល់ពីសម្ដីអ្នកណាទេ សំខាន់ ខ្លួនឯងត្រូវតែរឹងមាំ ធ្វើខ្លួនឯងឱ្យមានតម្លៃ ធ្វើចិត្តឱ្យសប្បាយៗ ខិតខំធ្វើការរកលុយ ចិញ្ចឹម និងមើលថែកូនឱ្យល្អ កុំទៅឈឺក្បាលហាលថ្ងៃព្រោះតែសម្ដីអ្នកណា៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ