ចង់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសអឺរ៉ុប ពិតជាក្តីស្រមៃមួយរបស់មនុស្សរាល់គ្នា ទាស់តែពិបាកទៅ ឯថ្លៃចំណាយក៏អស់មិនស្ទើរដែរ តែពេលនេះអស់បារម្ភហើយ «ក្នុងស្រុក » សូមណែនាំសួនកម្សាន្តបើកថ្មី ល្បីថាស្រស់ស្អាតមិនធម្មតា អាចធ្វើឱ្យអ្នកទទួលអារម្មណ៍ថាបានទៅលេងប្រទេសអឺរ៉ុបដែរ នោះគឺ « យូរ៉ូផាក (Euro Park) »។
« យូរ៉ូផាក (Euro Park) » គឺសួនកម្សាន្តដែលពោរពេញទៅដោយអគារ និងរចនាបថចម្លងពីកន្លែងកម្សាន្តសប្បាយៗល្បីៗប្រចាំប្រទេសអឺរ៉ុប ដែលអាចឱ្យអ្នកមកកម្សាន្តថតរូបបានយ៉ាងសប្បាយ និងម៉ាអេម ដែលអាចមកលេងជាលក្ខណៈក្រុមគ្រួសារ មិត្តភក្តិ ថតរូប Pre-Wedding ឬថតរូបទទួលសញ្ញាបត្រក៏បាន ដែលអមនឹងទេសភាពដើមឈើតូចធំយ៉ាងខៀវស្រងាត់ខ្យល់អាកាសល្អថ្លាល្អផងដែរ។
សួនកម្សាន្តនេះត្រូវបានគេដឹងថា មិនទាន់បើកសម្ពោធជាផ្លូវការនៅឡើយទេ តែមានអ្នកកម្សាន្តរាល់ថ្ងៃមិនចេះដាច់សោះ ដោយទីនេះនឹងត្រូវអភិវឌ្ឍន៍ជាហាងអាហារ និងភោជនីយដ្ឋានល្បីៗនាពេលខាងមុខផងដែរ។
គួរឱ្យដឹងផងដែរថា « យូរ៉ូផាក (Euro Park) » មានទីតាំងនៅក្នុងសង្កាត់និរោធ ស្ថិតនៅក្នុងបុរីប៉េងហួត ដឺហ្គ្រេនស្តាផ្លាទីនីម តែម្តងដោយអាចធ្វើដំណើរតាមផ្លូវជាតិលេខ១ មានចម្ងាយពីស្ពានមុនីវង្ស ឬស្ពានច្បារអំពៅប្រមាណជា ២គីឡូម៉ែត្រ ដែលមិនត្រឹមតែមានសួនកម្សាន្តបែបអឺរ៉ុបដ៏អស្ចារ្យនោះទេ តែក៏មានគម្រោងលំនៅដ្ឋានដ៏ប្រណីត អគារពាណិជ្ជកម្ម ខនខូ ផ្សារទំនើប និងកន្លែងទំនើបៗជាច្រើនផ្សេងទៀត៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Cambodia Property Report