គេថាកើតជាមនុស្សស្រីគឺ កម្ម ហើយមនុស្សស្រី ក៏ល្ងង់ខ្លាំងណាស់ដែរ។ មនុស្សស្រីតែងតែស្រលាញ់ប្តី ខ្លាំងជាងស្រលាញ់ខ្លួនឯង រហូតដល់មិនហ៊ានចំណាយលុយសម្រាប់ថែទាំរាងកាយ និងសម្រស់ខ្លួនឯង សុខចិត្តទុកលុយដើម្បីជីវភាពគ្រួសារ រហូតដល់ភ្លេចខ្លួនឡើងចាស់ ឡើងធាត់....ចំណែកខាងប្តីវិញ ឡូយឆាយ ហ៊ឺហា ស៊ីចាយសប្បាយខាងក្រៅ។
- មនុស្សស្រីល្ងង់ណាស់ ប្ដីខុសយ៉ាងណា ក៏នៅតែលើកលែងទោស អភ័យទោសឱ្យប្ដីម្ដងហើយម្ដងទៀត។
- មនុស្សស្រីល្ងង់ណាស់ ប្ដីចេញក្រៅ ផឹកស៊ីសប្បាយ មកផ្ទះស្រវឹងជោកជាំខឹងប្ដីដែរ តែមិនហ៊ានរអ៊ូទេ ថែមទាំងជូតខ្លួន រៀបចំឱ្យប្ដីទៀត។
- មនុស្សស្រីល្ងង់ណាស់ ពេលខ្លះក៏ដឹងដែរថា ប្ដីមានស្រីខាងក្រៅ ក៏នៅតែទ្រាំថែដំបៅក្នុងចិត្តតែម្នាក់ឯង មិនហ៊ានរករឿង មិនហ៊ានហែកប្រាប់គេឯង ព្រោះខ្លាចប្ដីខូចឈ្មោះ ខ្លាចប្ដីមានបញ្ហារឿងការងារ ខ្លាចប្ដីខ្មាសគេ។
- មនុស្សស្រីល្ងង់ណាស់ ខ្វល់ខ្វាយពីប្ដីរហូត រៀបចំបាយទឹក គិតគូរគ្រប់ជ្រកល្ហក់ ជួនកាលខ្លួនឯងមិនបានហូបឆ្ងាញ់ ដេកស្រួលទេឡើយ ព្រោះរវល់តែគិតគូរពីប្ដីខ្លាំងពេក។
- មនុស្សស្រីល្ងង់ណាស់ គ្រាន់តែការប្ដីហើយ ក៏សុខចិត្តបោះបង់ចោលការងារ បោះបង់បំណងប្រាថ្នាខ្លួនឯងចោល ដើម្បីបំពេញតួនាទីជាប្រពន្ធ ជាស្ត្រីមេផ្ទះដ៏ល្អសម្រាប់ប្ដី និងគ្រួសារ។
គិតៗទៅ មនុស្សស្រីពិតជាល្ងង់មែន ល្ងង់ដែលស្រឡាញ់គេ ខ្វល់ពីគេ យកចិត្តទុកដាក់លើគេ រហូតដល់ភ្លេចគិតគូរ បារម្ភ និងមើលថែខ្លួនឯង។
ទទួលស្គាល់ថា ជាប្រពន្ធ គឺត្រូវតែបែបហ្នឹង តែក៏គួរតែមើលផងដែរថា ទង្វើជាប្រពន្ធគួរធ្វើបែបហ្នឹង លុះត្រាតែប្ដីអ្នកជាប្ដីដែលល្អ ស្រឡាញ់ និងថែថ្នាក់ថ្នមអ្នកដែរ។ អ្នកមិនគួរល្ងង់ ធ្វើគ្រប់យ៉ាងដើម្បីប្ដី ទាំងដែលប្ដី មិនដែលខ្វល់ និងឱ្យតម្លៃអ្នកនោះឡើយ។ អ្នកត្រូវដឹងថា ទង្វើយកចិត្តទុកដាក់ និងការស្រឡាញ់ បើមានតែម្ខាងដែលព្យាយាម គឺមានតែការឈឺចាប់ គ្រាំចិត្តស្អិតទ្រូង ឈឺចាប់តែប៉ុណ្ណេាះ។
ឈប់ធ្វើជាប្រពន្ធ ដែលល្ងង់ទៀតទៅ គួរធ្វើជាប្រពន្ធដែលឆ្លាត ពូកែ រឹងមាំ ទើបប្ដីមិនអាចធ្វើបាបយើងបាន ផ្ទុយទៅវិញ បើយើងជាប្រពន្ធដែលល្អ រឹងមាំ ចេះដឹង និងឆ្លាតហើយនោះ អ្នកក៏អាចជួយការងារ និងលើកទឹកចិត្តស្វាមីរបស់អ្នកបានថែមមួយកម្រិតទៀតផង៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ