ភ្នំពេញ៖ « ការអានគឺជាគន្លឹះនៃភាពជោគជ័យ ការអានអាចផ្តល់ចំណេះវិជ្ជាដ៏ថ្លាថ្លៃ ហើយការអានសៀវភៅអាចធ្វើឱ្យអ្នកមានការយល់ដឹងកាន់តែខ្ពស់ទាំងគំនិតស្មារតី » ដោយសារតែមូលហេតុទាំងនេះហើយបានជា ហាងកាហ្វេមួយកន្លែងបានចាប់បដិសន្ធិឡើង ដោយមានការដាក់តាំងសៀវភៅឱ្យមហាជនចូលអាដោយមិនគិតថ្លៃ នោះគឺហាង ហ្គ្រីតកាហ្វេ (GRIT CAFÉ )។
ហ្គ្រីតកាហ្វេ (GRIT CAFÉ ) ត្រូវបានបង្កើតឡើងដោយអតីតនិស្សិតបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនម្នាក់ ក្នុងគោលបំណងបំពេញសេចក្តីត្រូវការនៃចំណង់ចំណូលចិត្តទទួលទានកាហ្វេរបស់យុវជនកម្ពុជា ហើយអ្វីដែលសំខាន់នោះគឺចង់ក្លាយទៅជាផ្នែកមួយចូលរួមផ្តល់ចំណេះដឹងដល់យុវជនខ្មែរ តាមរយៈការផ្តល់សៀវភៅអានដោយឥតគិតថ្លៃដើម្បីឱ្យយុវជនកម្ពុជាអាចទទួលយកផលប្រយោជន៍សម្រាប់អនាគតរបស់ខ្លួនបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។
នៅក្នុងនោះម្ចាស់ហាងផ្ទាល់ធ្លាប់បានរៀបរាប់ពីគោលបំណងរបស់ខ្លួនឯងលើគណនីហ្វេសប៊ុកផងផងដែរថា « ខ្ញុំធ្លាប់ក្រលំបាក មិនដែលមានលុយ ទិញសៀវភៅអាននោះទេ ខ្ញុំត្រូវទៅឈរនៅតូបលក់សៀវភៅទាំងកណ្តាលថ្ងៃក្រោយពេលចេញពីសាលាដើម្បីអានសៀវភៅ។ ខ្ញុំធ្លាប់យល់អារម្មណ៍ដែលខ្វះខាតបែបនេះ។ យើងមានសៀវភៅរាប់រយក្បាលសម្រាប់ប្អូនៗចូលអានដោយសេរីទោះជាគាត់មិនពិសារកាហ្វេឬភេសជ្ជៈនានាក៏ដោយ »។
ជាក់ស្តែង ហ្គ្រីតកាហ្វេ មិនត្រឹមតែមានសៀវភៅរាប់រយក្បាលគ្រប់ប្រភេទសម្រាប់អានដោយសេរី ទោះមិនពិសារអ្វីសោះក៏អាចចូលអានសៀវភៅបានដែរនោះទេ តែហាងមួយនេះមានការតុបតែងស្អាត បរិយាកាសល្អ ត្រជាក់ ស្ងប់ស្ងាត់ សក្តិសមសម្រាប់ការជួបជុំ និងសិក្សា ថែមទាំងមានបម្រើកាហ្វេផលិតពីគ្រាប់កាហ្វេអារ៉ាប៊ីកាសុទ្ធ ឈ្ងុយឆ្ងាញ់ ភេសជ្ជៈផ្សេងៗធ្វើអំពីផ្លែឈើស្រស់ៗ អាហារសម្រន់ នំបុ័ង ទឹកកកឈូស និងចំណីផ្សេងៗផងដែរ។
ជាពិសេសទីនោះក៏អាចឱ្យយុវជនស្វែងរកការងារ បង្កើតCV និងរៀនសូត្រពីបុគ្គលជោគជ័យផ្សេងៗ ថែមទាំងមានកុំព្យូទ័រ (លែបថប)សម្រាប់ខ្ចីប្រើប្រាស់ សម្រាប់ធ្វើកិច្ចការសាលា ឬស្វែងរកការងារទៀតផង។
គួរឱ្យដឹងផងដែរថា ហ្គ្រីតកាហ្វេ មានទីតាំងនៅផ្ទះលេខ 87 ផ្លូវលេខ 99 ខាងលិចវិទ្យាល័យបឹងត្របែក ខ័ណ្ឌចំការមន ដោយធ្វើដំណើរចុះពីស្ថានីយ៍កាល់តិចមុខក្លឹបរ៉ក់ ហើយបត់ឆ្វេងនៅផ្លូវបែកជាបួន ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 😍016697797 / 085583648៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព៖Grit Cafe Boeng Trabek