បាត់ដំបង៖ ខេត្តបាត់ដំបង ត្រូវបានគេដឹងថា ជាខេត្តដែលមានបន្សល់សំណង់បែបបុរាណប្រវត្តិសាស្រ្តជាច្រើនពីសម័យអាណានិគមបារាំង និងផ្ទះបែបបុរាណតាំងពីរជ្ជកាលបាត់ដំបងសម័យលោកម្ចាស់ផងដែរ។
នៅក្នុងនោះផ្ទះបុរាណនៅខេត្តបាត់ដំបងទោះបីជាមានច្រើនខ្នងបន្សល់ទុកយ៉ាងណាក្តី តែមានត្រឹមតែផ្ទះ ២ខ្នងតែប៉ុណ្ណោះដែលបើកជាសាធារណៈឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្តនោះ នោះគឺ ផ្ទះប៉ិត និងផ្ទះ ខសង។
ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំពីប្រវត្តិរបស់ផ្ទះបុរាណទាំង២នៅបាត់ដំបង ដោយធ្វើការដកស្រង់ពីប្រភពព័ត៌មានដ៏ច្បាស់ការណ៍ដូចខាងក្រោម៖
១. ផ្ទះបុរាណម៉ូត ខ សង របស់យាយ យៀង
ផ្ទះខ្មែរបុរាណ ”ម៉ូដ ខសង” ស្ថិតក្នុងខេត្តបាត់ដំបង សាងសងឡើងក្នុងឆ្នាំ ១៩០៧ តាំងពីមុនសម័យប៉ុលពត មកម្លេះ ។ ផ្ទះខ្មែរបុរាណមួយនេះមានអាយុ ១១១ឆ្នាំហើយ ក្រោយពីទឹកដីនៃខេត្តបាត់ដំបង បានកាត់ចេញពីថៃមកឲ្យខ្មែរវិញ។ ផ្ទះបុរាណនេះ បានក្លាយទៅជាផ្ទះដែលមានអាយុកាលចាស់ជាងគេនៅភូមិវត្តគរ សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ទន្ទឹមនឹងនេះ វាបានក្លាយជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីសម័យលោកម្ចាស់បានរលាយបាត់ទៅ។
លោក យាយ យៀង បានរស់នៅក្នុងផ្ទះជាកេរ្តិ៍ដូនតា ដែលសល់តាំងពីសម័យលោកម្ចាស់ ដោយសារតែផ្ទះនេះមានវ័យចំណាស់ជាង ១០០ ឆ្នាំ និង ជាប់ទាក់ទងប្រវត្តិសាស្រ្ត ផ្ទះនេះក៏បានទាក់ទាញភ្ញៀវបរទេស និង ខ្មែរខ្លះ ចូលទស្សនា មិនលស់ថ្ងៃ។ លោកយាយ បានរៀបរាប់ថា អ្នកកសាងផ្ទះនេះ គឺជីដូនជីតារបស់គាត់ ដែលកាលណោះជាស្មៀនរបស់លោកម្ចាស់កថាថនឈុំ ស្ដេចត្រាញ់ចង្វាត់បាត់ដំបង (វាជាងារដែលស្ដេចថៃដាក់ឲ្យ) ។ ដោយនៅឆ្នាំ ១៩០៧ ទឹកដីបាត់ដំបងត្រូវកាត់មកអោយខ្មែរយើងវិញ ហើយជីតាលោកយាយជាស្មៀនលោកម្ចាស់ ដល់ពេលនោះលោកម្ចាស់ទៅស្រុកថៃក៏ហៅជីតាទៅជាមួយ តែដោយលោកតាមិនព្រមទៅ ក៏មកទិញដីមួយហិចតានៅទីនេះហើយសាងសង់ផ្ទះនេះឡើង។
រចនាបថផ្ទះនេះស្ថិតក្នុងប្រភេទផ្ទះខសង ឬផ្ទះដំបូលពីរជាន់ សសរវាធ្វើពីឈើផ្ចឹក រនាបក្ដារធ្វើពីឈើក្រាវ ហើយមានពិតានមានលក្ខណខុសប្លែកពីផ្ទះឯទៀតៗធ្វើពីគគីរ។ ដូច្នេះហើយបានជាផ្ទះនេះមានខ្យល់អាកាសត្រជាក់ស្រួលណាស់។ ចំណែកជញ្ជាំងវិញ គឺប្រើបាយអរដែលលាយតាមរូបមន្តពិសេសរបស់ខ្មែរពីបុរាណមាន កំបោរលាយខ្សាច់ ហើយខាងក្នុងមានឫស្សី និងស្ករក្រហម។ នៅតាមបង្អួច និងទ្វារសុទ្ធតែមានពាសដែកការពារមិនអោយចោរគាស់ចូលបាន។ នៅសម័យខ្មែរក្រហម កម្មាភិបាលខ្មែរក្រហមបានមកស្នាក់នៅផ្ទះនេះ ហើយខ្មែរក្រហមបម្រុងរុះរើផ្ទះនេះនៅខែចេត្រឆ្នាំ ១៩៧៩ តែពួកវៀតណាមវាយចូលមកខែមករា ក៏ខកខានមិនបានរើ ហើយលោកយាយក៏មកនៅផ្ទះនេះវិញរហូតដល់សព្វថ្ងៃ។
មកទល់ពេលនេះ ផ្ទះនេះមានចំណាស់ ១១១ឆ្នាំហើយ ហើយដើមឈើដែលនៅជុំវិញផ្ទះគឺ លោកតារបស់លោកយាយជាអ្នកដាំដោយផ្ទាល់ហើយមានអាយុ ១១០ឆ្នាំហើយ។ ទោះយ៉ាងណាផ្ទះបុរាណមួយនេះនៅតែមានភាពរឹងមាំដដែល និងមានការខូចខាតតិចតួចប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលទស្សនាផ្ទះនេះមិនដាច់ថ្ងៃនោះទេ ហើយលោក យាយ យៀង នឹងស្វាគមន៍ហើយរៀបរាប់ពីប្រវត្ថិផ្ទះនេះដល់អ្នកដែលមកទស្សនា។
ប្រភពអត្ថបទ និងរូបភាព៖ Prince
២. ផ្ទះប៉ិតបុរាណរបស់លោកយាយ ប៊ុន រឿង
ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង បានកសាងឡើងនៅឆ្នាំ១៩២០ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង ក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ ។ ផ្ទះនេះសាងសង់ដោយលោកឧកញ៉ា នូ ពិនិត្យ ភីង និងភរិយា លោកស្រី យិន ។ លោកឧកញ៉ាជាមេទ័ព តែលុះដល់វ័យចំណាស់គាត់បានប្ដូរមកធ្វើជាស្មាក្ដីវិញ។ លោកទាំងពីរមាន កូន៧នាក់ៈ ប្រុស១ ស្រី៦។
ក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ។ ផ្ទះបុរាណស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំងាយ២គម ពីសាលាខេត្ត បាត់ដំបង។ នៅភូមិវត្តគរ មានផ្ទះបុរាណចំនួន២០ផ្ទះ តែមានផ្ទះបុរាណចំនួន២ប៉ុណ្នោះ ដែលអាចទស្សនា បាន។ បច្ចប្បន្នផ្ទះនេះមានអ្នកគ្រប់គ្រងថែរក្សាបីជំនាន់មកហើយ។
ផ្ទះនេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថាហោណាំង (រានហាល) នៅខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរៈ ខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ។ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។
ផ្ទះបុរាណនេះចែកជាបីផ្នែក ៖
ទី១ រានហាលខាងមុខ និងចំហៀង
ទី២ នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។
ទី៣ ទល់មុខបន្ទប់គេងទាំងពីរមានទ្វារ មានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀងនិងជណ្ដើរដែលធ្វើពីឈើ។ ចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត។
នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។
ផ្ទះបុរាណមានការទាក់ទាញចំពោះភ្ញៀវជនជាតិបារាំងមានចំនួនច្រើនជាងគេនិងអាចទស្សនាជីវភាពប្រជាជនដែលរស់នៅតាមដងស្ទឹង ប្រកបរបដាំបន្លែ នេសាទត្រី ។
ដំណើកំសាន្តឆ្ពោះទៅកាន់ផ្ទះបូរាណ គឺជាដំណើទេសចរណ៍បែបប្រវត្តិសាស្រ្ត ដែលធ្វើអោយភ្ញៀវមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបូរាណចាស់ៗបង្កប់ដោយលក្ខណៈ ស្ថាបយកម្មខ្មែរ ដែលនៅគង់វង្ស ដូចជា ឧបករណ៍ប្រើប្រាស់សំរាប់ការងារកសិកម្ម សិប្បកម្មតម្បាញ ក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបទខ្មែរបូរាណ។
ប្រភពអត្ថបទ និងរូបភាព៖ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង