ថៃ៖ ករណីរឿងរ៉ាវវង្វេងបាត់ខ្លួនជាប់គាំងក្រុមកីឡាករថៃទាំង១៣នាក់ ក្នុងល្អាងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ ដែលបានធ្វើឱ្យមានការផ្អើលអស់បណ្ដាអ្នកលេងបណ្ដាញសង្គម រួមទាំងសារព័ត៌មានមិនថាក្នុង និងក្រៅប្រទេសយ៉ាងកក្រើកនោះ បើគិតមកទល់ពេលនេះមានរយៈពេលមួយឆ្នាំទៅហើយ។
ជាក់ស្តែងនៅក្នុងពេលនោះ ជាសំណាងល្អមែនទែនដោយមានការដុតដៃដុតជើងពីក្រុមជួយសង្គ្រោះទាំងក្នុងប្រទេសថៃ និងអន្តរជាតិ អស់រយៈពេលជាង១០ថ្ងៃចាប់ពីថ្ងៃបាត់ខ្លួននៅថ្ងៃទី ២៣ ខែមិថុនា ទីបំផុតក៏បានរកឃើញ និងជួយសង្គ្រោះក្មេងៗចេញពីរូងភ្នំបានយ៉ាងជោគជ័យ និងសុវត្ថិភាពនៅថ្ងៃទី ១០ ខែកក្កដា តែគួរឱ្យសោកស្តាយ ក្នុងបេសកម្មដ៏លំបាកមួយនេះ បានធ្វើឱ្យបាត់បង់ជីវិតលោក Saman Kunan ដែលជាអតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃម្នាក់ផងដែរ។
ក្រោយពីក្មេងៗកីឡាករ និងគ្រូបង្វឹកបានជួយសង្គ្រោះដោយជោគជ័យ ដោយមិនមានអ្នកណាម្នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ធ្ងរនោះ មានដំណឹងមួយបានឱ្យដឹងថាមានក្រុមការងារផលិតកុនមួយ គ្រោងនឹងផលិតជាភាពយន្តដែលដកស្រង់ចេញពីហេតុការណ៍ពិតដែលកើតឡើងចំពោះក្មេងទាំង១៣នាក់នេះទៀតផង ដែលបានចាប់ផ្តើមថតនៅក្នុងអំឡុង ខែវិច្ឆិកា ឆ្នាំមុន។
ស្រាប់តែថ្មីៗនេះ ផ្ទាំង Poster រឿង « นางนอน (The Cave)» ដែលជាសាច់រឿងនិយាយពីការបាត់ខ្លួនរបស់ក្មេងៗកីឡាករទាំង ១៣នាក់ បានលេចចេញជាផ្លូវការ ដោយត្រូវបានគេដឹងថាស្ថិតនៅក្រោមការផលិតរបស់ផលិតកម្ម De Warrenne Pictures Ltd និងដឹកនាំសម្តែងដោយជនជាតិថៃកាត់អ៊ីរ៉ាក់ លោក Tom Waller។
គួរឱ្យដឹងផងដែរថា តាមគម្រោងខ្សែភាពយន្តមួយនេះ នឹងត្រូវចាក់បញ្ចាំងជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ ២០១៩ នេះដើម្បីរំលឹកខួបមួយឆ្នាំនៃហេតុការណ៍បាត់ខ្លួនដ៏រន្ធត់មួយនេះ តែតាមព័ត៌មានមិនផ្លូវការរបស់គេហទំព័រថៃមួយបានឱ្យដឹងថា ខ្សែភាពយន្ត « นางนอน (The Cave)» អាចនឹងពន្យារពេលចាក់បញ្ចាំងរហូតដល់ខែកញ្ញា ឬដល់ខែតុលា ឆ្នាំ ២០១៩ នេះ។
កុំភ្លេចណាចង់ដឹងថា តើខ្សែភាពយន្ដដែលលើកឡើងពីហេតុការណ៍ពិតនៃការបាត់ខ្លួនកីឡាករថៃទាំង១៣នេះ នឹងចាក់បញ្ចាំងជាផ្លូវការនៅក្នុងខែណា និងមានរឿងរ៉ាវជក់ចិត្តដល់កម្រិតណា យើងនឹងរង់ចាំទស្សនាទាំងអស់គ្នា!