ប៉ៃលិន៖ ថ្មីៗនេះសណ្ឋាគារចាស់ដែលត្រូវបានគេបោះបង់ចោលមួយកន្លែងនៅខេត្តប៉ែលិន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ និងញាក់សាច់ជាខ្លាំង។
តាមរយៈគណនីហ្វេសប៊ុក Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា ៖ « សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »។ តែក្រោយពីការបង្ហោះសារ និងរូបភាពមួយនេះ បែរជាមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងចំពោះសណ្ឋាគារមួយនេះ ដោយអ្នកខ្លះជឿជាក់ថាពិតជាមានខ្មោចលងមែន អ្នកខ្លះដែលមានទីលំនៅប៉ៃលិនក៏សុទ្ធតែលាន់មាត់ថាពិតជាមានរឿងព្រឺសម្បុរបែបនេះកើតឡើងមែន ពោលគឺតាំងពីពួកគេនៅតូចៗឯណោះ។
នៅក្នុងនោះមានអ្នកខមមិនក៏បានសរសេរមតិផ្ទាល់ខ្លួនដែរថា៖ « ប៉ៃលិន ជាអតីតកន្លែងឈរជើងរបស់ខ្មែរក្រហម, មនុស្សស្លាប់ច្រើន វិញ្ញាណក្ខន្ធ ស្លាប់ទាំងដោយមិនស្ងប់ចិត្ត »។ អ្នកខ្លះក៏បានរៀបរាប់ថា ខ្លួនធ្លាប់បានជួបរឿងរ៉ាវខ្មោចលងម្តង ជាពីរដងនៅម្តុំសណ្ឋាគារចាស់នោះ ឯអ្នកខ្លះទៀតក៏បាននិយាយថា ដោយសារតែកាលពីមុនសណ្ឋាគារនេះធ្លាប់មានភ្ញៀវចង.ក សម្លាប់ខ្លួន បានជាកើតមានរឿងរ៉ាវលងបន្លាច រហូតបិទសណ្ឋាគារនេះចោលតែម្តង។
តែយ៉ាងណា បើតាមរយៈគណនីហ្វេសប៊ុក Mony Sok ដែលអះអាងថាជាម្ចាស់សណ្ឋាគារនេះបានអះអាង និងបកស្រាយថា៖ « សណ្ឋាគារនេះជារបស់គ្រួសារខ្ញុំ, ដោយសារគ្រួសារខ្ញុំប្តូរមករស់នៅភ្នំពេញទើបគ្មានអ្នកមើលថែរទុកឲ្យនៅទំនេរតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ជានិច្ចកាលពួកខ្ញុំតែងតែទៅសម្អាត និងឲ្យគេកាប់ឆ្កាជំរះស្មៅនៅជុំវិញ តែដោយសារខែភ្លៀងទើបធ្វើឲ្យស្មៅដុះញឹកហើយក្រាស់, ខ្ញុំសូមបញ្ចាក់ថាគ្មានខ្មោចគ្មានអ្វីលងឯណាទេ ហើយក៏មិនដែលមានអ្នកណាស្លាប់នៅទីនេះដែរ ទោះពីមុនមកបើកធម្មតាក៏មិនដែលមានភ្ញៀវណាថាខ្មោចលងដែរ។ រឿងផ្តេសផ្តាស់ចាប់អារម្មណ៍លឿនណាស់ មានអ្នកចង់កាត់សោរចូលទាំងយប់ទៀត កុំណាសោរថ្លៃណាស់គ្មានលុយណាទិញសោរដូរថ្មីទេ កុំចង្រៃទ្រព្យអ្នកដទៃ »។
ទោះជាមានការបកស្រាយយ៉ាងណាក៏មានអ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួន ដែលរស់នៅទីនោះបាននិយាយថាពួកគេសុទ្ធតែជួបរឿងរ៉ាវ រន្ធត់ ខ្មោចលងនៅម្តុំសណ្ឋាគារចោះបង់ចោលនេះប្រាកដមែន ឯអ្នកខ្លះនិយាយថាកាលពីសណ្ឋាគារនេះបើកដំណើរការនៅឡើយនៅក្នុងឆ្នាំ ២០០៣ ពេលស្នាក់នៅក៏ជួបរឿងរ៉ាវប្លែកៗមួយចំនួនដែរ។
គួរឱ្យដឹងផងដែរថា បើតាមរយៈអ្នកលេងខមមិនម្នាក់បានឱ្យដឹងថា សណ្ឋាគារបោះបង់ចោលនេះមានទីតាំង នៅ ភូមិបរឌិននៀវ ជាប់ផ្ទះក្រុមហ៊ុនទឹកស្អាត ថូ ម៉ាក់ (ស៊ីអហ្សូន) ខេត្តប៉ៃលិន។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ? សូមធ្វើការពិចារណាដោយប្រើវិចារណញ្ញាណ!
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Rak Smee