ការសិក្សានៅក្នុងផ្នែក “ចិត្តវិទ្យា” ដែលផ្អែកលើចិត្ត គំនិត និងអារម្មណ៍…របស់មនុស្ស វាមិនដូចជាការសិក្សាតាមបែបវិទ្យាសាស្ត្រផ្សេងៗទេ ព្រោះទាមទារឱ្យមនុស្សយល់ច្បាស់អំពីអារម្មណ៍ និងដួងវិញ្ញាណរបស់មនុស្សផ្សេងៗជាច្រើននាក់ មកសិក្សាស្រាវជ្រាវ។ សម្រាប់ថ្ងៃនេះ យើងនឹងនាំយកឫស្សគល់នៃការសិក្សាអំពី ចិត្តវិទ្យា ជូនដល់ប្រិយមិត្តអ្នកអានជាទីរាប់អាន។
ពាក្យថា “ចិត្តវិទ្យា” សម្រាប់នៅក្នុងវចនានុក្រមខ្មែរយើង គឺបានសំដៅថា ជាវិទ្យាសាស្ត្រ ដែលសិក្សាអំពំចិត្តអារម្មណ៍ សតិរបស់មនុស្ស ដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថ បុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជំងឺខាងផ្លូវចិត្តផ្សេងៗ។
ក្នុងគោលបំណងនៃចិត្តវិទ្យា គឺដើម្បីស្វែងយល់ឱ្យច្បាស់លាស់នូវចិត្ត គំនិង និងឥរិយាបថរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុមដោយការពិសោធ និងវិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាអំពីចិត្តវិទ្យា ត្រូវបានឱ្យឈ្មោះថា “អ្នកចិត្តវិទ្យា” ឫ “ចិត្តវិទូ”។
ចិត្តវិទូ សិក្សាស្វែងយល់នូវគំនិត ដូចជា សញ្ញាណក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និងទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។
យើងក៏បានបែងចែកសាខានៃចិត្តវិទ្យា ជា ៨ ផ្នែក មានដូចខាងក្រោមនេះ៖
១- ចិត្តវិទ្យាជីវសាស្ដ្រ (Biological Psychology)
២- ចិត្តវិទ្យាផ្នែកព្យាបាលជំងឺ (Clinical Psychology)
៣- ចិត្តវិទ្យាផ្នែកញាណ (Cognitive Psychology)
៤- ចិត្តវិទ្យាផ្នែកឥរិយាបថ និង ចិត្ត របស់សត្វ (Comparative Psychology)
៥- ចិត្តវិទ្យាផ្នែកការលូតលាស់ និង ការផ្លាស់ប្ដូរនៃឥរិយាបថ និង ចិត្ត របស់មនុស្ស (Developmental Psychology)
៦- ចិត្តវិទ្យាផ្នែកបុគ្គលិកលក្ខណៈ (Personality Psychology)
៧- ចិត្តវិទ្យាផ្នែកសង្គម (Social Psychology)
៨- ចិត្តវិទ្យាផ្នែកផ្សេងៗទៀត (Educational, School, Evolutionary, Industrial-organizational, Positive, psychology)។
ចិត្តវិទ្យា
ពាក្យចិត្តវិទ្យាមានន័យថា “ការសិក្សាអំពីវិញ្ញាណ” (ψυχή, psukhē មានន័យថា ដង្ហើម ព្រលឹង ឫ វិញ្ញាណ និង λογος -logos, មានន័យថា ការសិក្សា ឫ ការស្រាវជ្រាវ) ។
សម្រាប់ហៅជាពាក្យឡាតាំងថា Psychologia ។ ពាក្យនេះដែរ ត្រូវបានគេប្រើប្រាស់ដំបូងបង្អស់ ដោយអ្នកសិក្សអំពីមនុស្សជាតិ ជាជនជាតិ ក្រូអេសា(Croatian humanist) និង លោកម៉ារ៉ូឡិច-ម៉ាកូ (Marko Marulić) ជនជាតិឡាតាំង។ ក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Psichiologia de ratione animae humanae ក្នុងអំឡុងចុងសតវត្សរ៍ទី ១៥ និងដើមសតវត្សរ៍ទី ១៦។
អំណះអំណាងលើពាក្យ “ចិត្តវិទ្យា” (Psychology) ក្នុងភាសាអង់គ្លេសដំបូងគេបំផុតនោះ គឺមាននៅក្នុងសៀវភៅ វចនានុក្រមរូបសាស្ត្រ(The Physical Dictionary) ដោយលោក ស្តេវ៉ឹន-ប៊្លែងខាត (Steven Blankaart) ដែលបានសរសេរថា “Anatomy, which treats of the Body, and Psychology, which treats of the Soul” មាន ន័យថា “កាយវិភាគវិទ្យាព្យាបាលរូបកាយ ចិត្តវិទ្យាព្យាបាលចិត្ត”។
ការសិក្សាចិត្តវិទ្យាតាមបែបទស្សនវិជ្ជា មានតាំងពីបុរាណកាលមកម៉្លេះ។ ដូចជាក្នុង អេស៊ីបក្រិច ចិន ឥណ្ឌា និងពែរ្ស សម័យបុរាណ។ ប្រវត្តិវិទូបានបញ្ជាក់ថា ការកត់ត្រាទុករបស់ទស្សនវិទូក្រិចសម័យបុរាណ ដូចជា លោក តាលែស ប្លាតូ និង អារីស្តូត គឺជាភស្តុតាងដំបូងគេនៅប្រទេសលោកខាងកើត ដែលបង្ហាញពីស្នាដៃពោរពេញទៅដោយគំនិតទាក់ទងនឹងចិត្តវិទ្យា។
នៅសតវត្សរ៍ទី៤ មុនគ្រិស្តសករាជ លោក ហាផូក្រាធី (Hippocrates) ដែលត្រូវបានស្គាល់ថាជាបិតានៃវិជ្ជាពេទ្យប្រទេសលោកខាងលិចបានលើកទស្សនៈមួយដំបូងគេថា “ជំងឺផ្លូវចិត្ត” មានប្រភពមកពីអ្វីដែលមានពិត មិនមែនមកពី ព្រលឹង ខ្មោចព្រាយ បិសាច អ្វីនោះទេ។
ការកែប្រែគំនិតរបស់មនុស្ស
ដោយសារតែតាំងពីបុរាណកាលមក មនុស្សតែងគិតថាខ្លួនហាក់បីដូចជា សភាវៈមួយពិសេស។ មានព្រលឹង អាចស្លាប់ហើយរស់ឡើងវិញបាន ចិត្តរបស់មនុស្សហាក់បីដូចជារបស់មួយដែលពុំអាចវាស់ស្ទង់បាន ដែលមិនស្របតាមច្បាប់ធម្មជាតិ ឬច្បាប់វិទ្យាសាស្ត្រអ្វីនោះទេ។
ហេតុដូចនេះហើយ ដើម្បីអាចសិក្សាយល់ច្បាស់ពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្របាន មនុស្សចាំបាច់កែប្រែគំនិតរបស់ខ្លួន ដែលក្នុងនោះមានលោក ដេកាត រីណេ (René Descartes) ជាអ្នកដើរតួយ៉ាងសំខាន់ម្នាក់។
លោក រីណេ ដេកាត (១៥៩៦-១៦៥០)
មានរឿងមួយ ដែលទាក់ទងនឹង លោក ដេកាត។ មានដំណាលថា ថ្ងៃមួយ លោកកំពុងដើរក្នុងសួនច្បារនៅប្រទេសបារាំងដែលពោរពេញទៅដោយរូបចម្លាក់។ ពេលនោះ លោកបានឃើញរូបចម្លាក់មួយដ៏ស្រស់ស្អាតនៃទេពធីតាឈ្មោះ ដាយអាណា។ បន្ទាប់មក លោកក៏ដើរឆ្ពោះទៅកាន់រូបចម្លាក់នោះ។ រំពេចនោះ រូបចម្លាក់នៃណិបទូន បានចេញមកដោយកាន់លំពែងហាក់បីដូចជាចង់ការពារ។ ទោះបីជាលោក ដេកាត ដឹងថា រូបចម្លាក់នោះអាចធ្វើចលនាបានដោយរអិលលើសារធាតុរាវនៅពេលដែលគាត់ជាន់គន្លឹះយន្តក៏ដោយ លោកបានគិតថា រូបចម្លាក់នេះអាចធ្វើចលនាបានហាក់បីដូចជាវាមានបំណងអ្វីមួយ ឫ ហាក់បីដូចជាវាចង់សម្ដែងអ្វីមួយ។ បន្ទាប់មកលោកបានចាប់ផ្ដើមមើលសភាវៈផ្សេងៗ ហើយគិតថាប្រហែលជាមនុស្ស និង សត្វ ក៏ដូចជារូបចម្លាក់នៃណិបទូននោះដែរ ដែលមានរូបីយច្បាស់លាស់ ហើយមានដំណើរការអ្វីមួយដែលធ្វើអោយមានចលនាប្រៀបប្រដូចនឹងសារធាតុរាវ ដែលអាចធ្វើអោយរូបចម្លាក់មានចលនានោះ។
ហេតុដូចនេះហើយ លោកដេកាតសន្មតថា សត្វហាក់បីដូចជាគ្រឿងយន្ត។ ប៉ុន្តែ ចំពោះមនុស្ស គឺមាន២ផ្នែក (Cartesian Dualism) ដែលហាក់បីដូចជាគ្រឿងយន្តពាក់កណ្ដាល និងហាក់បីដូចជាមានវិញ្ញាណពាក់កណ្ដាល ដែលវិញ្ញាណនោះអាចគ្រប់គ្រងលើគ្រឿងយន្តនោះផង ឫអាចអោយគ្រឿងយន្តនោះធ្វើការដោយខ្លួនឯងផង (កាយ និង ចិត្ត)។
លោក ឡក់ ចន (១៦៣២-១៧០៤)
លោក ចន ឡក់ (John Locke) ដែលជាទស្សនវិទូ ជនជាតិ អង់គ្លេស បានជំរុញគំនិតមួយដែលបានបញ្ជាក់ថា ប្រហែលជាចិត្តមនុស្សក៏ជាគ្រឿងយន្តដែរ ហើយកើតឡើងពីរបស់រូបីយ ដែលស្របតាមច្បាប់ធម្មជាតិហើយអាចសិក្សាដោយបែបវិទ្យាសាស្ត្របាន។ លោក មៀល ជេម (James Mill) ជាទស្សនវិទូ ជនជាតិ អេកូស (Scottish) ដែលបានឱ្យឈ្មោះគំនិតខាងលើថា រូបធាតុនិយម ដែលមានអត្ថន័យថា អ្វីទាំងអស់គឺផ្សំឡើងដោយរូបធាតុ និងថាមពល។ មនុស្សជារូបធាតុដែលរស់នៅក្នុងពិភពលោកដែលជារូបធាតុដែរ ហេតុដូចនេះអ្វីដែលមនុស្សធ្វើ ឥរិយាបថ ចិត្ត របស់មនុស្សមិនមែនជាវិញ្ញាណ ព្រលឹង ឫ អរូបី នោះទេ ប៉ុន្តែសុទ្ធតែកើតឡើងពីទំនាក់ទំនង ការធ្វើអន្តរកម្មរវាងរូបធាតុទាំងនោះ ដែលស្របតាមច្បាប់ធម្មជាតិ ហើយអាចសិក្សាបានដោយបែបវិទ្យាសាស្ត្រ។
លោក មៀល ជេម (១៧៧៣-១៨៣៦)លោក ហ្គាលវ៉ានី លូអីជី (Luigi Galvani) ជាគ្រូពេទ្យ និងទស្សនវិទូ ជនជាតិ អ៊ីតាលីមួយរូបដែលបានធ្វើការពិសោធជាមួយនឹងជើងកង្កែប។ លោកបានបញ្ជូនចរន្តអគ្គិសនីទៅជើងកង្កែបនោះ ហើយអាចធ្វើឱ្យវាកន្ត្រាក់ ហាក់បីដូចជាជើងនោះកំពុងតែរាំ។ ការពិសោធរបស់លោក មានឥទ្ធិពលខ្លាំង និងមានសារៈសំខាន់ដែលបញ្ចាក់ឱ្យឃើញថា រាងកាយពិតហាក់បីដូចជាគ្រឿងយន្ត អាចធ្វើចលនាបានដោយចរន្តអគ្គិសនី (អេឡិចត្រូគីមី)។
លោក ហ្គាលវ៉ានី លូអីជី (១៧៣៧-១៧៩៨)
លោក ប្រូកា ផល (Paul Broca) ជាគ្រូពេទ្យខាងថ្នាំពេទ្យ ដែលបានសិក្សាពីតំបន់មួយក្នុងខួរក្បាលដែលទាក់ទងទៅនឹងការនិយាយភាសារបស់មនុស្ស។ ដំបូងលោកបានជួបប្រទះជាមួយអ្នកជំងឺជាច្រើនកន្លែងដែលមានអាការៈ គឺពួកគាត់អាចស្ដាប់និងយល់ភាសាបានយ៉ាងច្បាស់ ប៉ុន្តែពេលដែលពួកគាត់ព្យាយាមនិយាយមកវិញ គឺពួកគាត់មានការលំបាកក្នុងការបង្កើត និងនិយាយប្រយោគដែលមានអត្ថន័យពេញលេញ អ្វីដែលគាត់និយាយហាក់បីដូចជាខុសលំដាប់ និងស្ទើរតែមិនអាចស្ដាប់បានតែម្ដង។
លោកផល មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាការៈនេះ បន្ទាប់មកលោកបានស្នើសុំអ្នកជំងឺទាំងនោះដោយចង់ត្រួតពិនិត្យមើលខួរក្បាលរបស់ពួកគេ នៅពេលដែលគេស្លាប់។ អ្នកជំងឺមួយចំនួនបានយល់ព្រមនឹងលោក។ លោកបានរង់ចាំរហូតដល់ពេលពួកគេស្លាប់មែន ហើយបានធ្វើការវះកាត់ខួរក្បាលរបស់អ្នកជំងឺទាំងនោះ។ គាត់បានរកឃើញថា គ្រប់អ្នកជំងឺទាំងអស់ទទួលរងនូវការខូចខាតឫប៉ះទង្គិចនៅតំបន់មួយក្នុងខួរក្បាល ដែលត្រូវបានអោយឈ្មោះថា តំបន់ប្រូកា (Broca’s Area)។
ផ្ទុយទៅវិញ អ្នកជំងឺដែលអាចនិយាយភាសាបានច្បាស់លាស់ ប៉ុន្តែមានការលំបាកក្នុងការស្ដាប់ភាសាវិញ នោះត្រូវបានរកឃើញថាមានការប៉ះទង្គិចនៅតំបន់មួយទៀត ដែលត្រូវបានអោយឈ្មោះថា តំបន់វឺនិគី (Wernicke’s Area)។
លោក ប្រូកា ផល
តំបន់ប្រូកា និង តំបន់វឺនិគីទាំងនេះបញ្ជាក់ឱ្យឃើញថា ខួរក្បាលមនុស្សហាក់បីដូចជាគ្រឿងយន្ត ដែលតំបន់ខ្លះនៃខួរក្បាលគ្រប់គ្រងផ្នែកខ្លះនៃសារពាង្គកាយ ហើយគំនិតនេះត្រូវបានអោយឈ្មោះថា តំបន់និយម (Localism)។
ប្រវត្តិនៃ “ចិត្តវិទ្យា” មានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សរ៍ទី ១៨ ព្រោះនាពេលនោះ ប្រទេសអាឡឺម៉ង់ ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។
ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំណាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និងស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីឱ្យប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។
ទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និងពិតប្រាកដដំបូងគេ ដែលត្រូវបានឱ្យឈ្មោះថា “ចិត្តវិទ្យា”។
នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែកក្នុងការងារ ឫការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា។ ដូចជា លោក ហេមហូល វន់ ហ៊ើមេន។
លោក ហេមហូល វន់ ហ៊ើមេន (១៨២១-១៨៩៤)លោក ហេមហូល វន់ ហ៊ើមេន (Hermann von Helmholtz) ជារូបវិទូ និងគ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ មួយរូប ដែលបានធ្វើការពិសោធន៍ទាក់ទងទៅនឹងល្បឿននៃការបញ្ជូនព័ត៌មានរបស់កោសិកាប្រសាទណឺរ៉ូន មួយទៅកោសិកាប្រសាទណឺរ៉ូនមួយទៀតរបស់មនុស្ស។
លោកបានឱ្យមនុស្សជាច្រើនជាង ១០០០នាក់ ដែលបានស្ម័គ្រចិត្តចូលរួមការពិសោធន៍ ឈរកាន់ដៃគ្នាតាមផ្លូវទួលមួយ បន្ទាប់មកលោកបានកំណត់ពេល និងចាប់ផ្ដើមរលាក់ដៃអ្នកដែលនៅមុខគេបង្អស់ ហើយលោកបានជិះស្គីចុះតាមទួលរហូតដល់អ្នកចុងក្រោយគេបង្អស់ ហើយចាំគេរលាក់ដៃគាត់វិញទើបឈប់កំណត់ពេល។
ដោយការពិសោធន៍នេះ លោកអាចគណនានូវល្បឿននៃការបញ្ជូនព័ត៌មានរបស់ណឺរ៉ូនបានតាមរយៈការយកប្រវែងសរសៃរឈាមមនុស្សពីដៃម្ខាងទៅខួរក្បាល ហើយពីខួរក្បាលទៅដៃម្ខាងទៀត បន្ទាប់មកគុណនឹងចំនួនមនុស្ស ១០០០នាក់ ហើយចែកនឹងរយៈពេលដែលបានវាស់កំណត់។
ដោយសារតែកាលពីមុន មនុស្សជឿថាល្បឿនបញ្ជូនព័ត៌មានរបស់ណឺរ៉ូន គឺមានល្បឿនលឿនណាស់ ពុំអាចវាស់ស្ទង់បានឡើយ ដោយហេតុនេះហើយការពិសោធន៍របស់ លោក ហ៊ើមេន បានបញ្ជាក់ឱ្យឃើញថាមនុស្សចាប់ផ្ដើមឈានជើងមួយជំហានទៀតក្នុងការសិក្សាចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រ។
លោក វេបឺ អើន (Ernst Weber) ជាគ្រូពេទ្យ ជនជាតិ អាឡឺម៉ង់ ដែលត្រូវបានឱ្យឈ្មោះថា ជាអ្នកបង្កើតចិត្តវិទ្យា ផ្នែកការពិសោធន៍។
លោកបានធ្វើការពិសោធន៍ទាក់ទងនឹងប្រវែងបន្ទាត់ដែលចាំបាច់បន្ថែមលើបន្ទាត់មួយទៀតថាតើចាំបាច់បន្ថែមប្រវែងប៉ុន្មាន ទើបអាចដឹងថាវែងជាង បើប្រៀបទៅនឹងប្រវែងដើម។
ការពិសោធន៍របស់លោកបានបញ្ជាក់ឱ្យឃើញថា ប្រវែងដែលត្រូវបន្ថែមអាស្រ័យនឹងប្រវែងដើមរបស់បន្ទាត់មានន័យថា ផលចែករវាងបម្រែបម្រួលប្រវែងនឹងប្រវែងដើមរបស់បន្ទាត់ស្មើនឹងចំនួនថេរមួយ។
សេចក្ដីសន្និដ្ឋាននេះ បានបង្ហាញឱ្យឃើញវិញ្ញាណរបស់មនុស្សអាចសិក្សាតាមបែបវិទ្យាសាស្ត្របានដោយប្រើគណិតវិទ្យា ហើយសេចក្ដីសន្និដ្ឋាននេះផងដែរបានក្លាយជាច្បាប់មួយដែលអាចអនុវត្តក្នុងវិញ្ញាណទាំង ៥ របស់មនុស្ស មានឈ្មោះថា ច្បាប់វេបឺ (Weber’s Law)។
លោក វីបបឺ អឺន (១៧៩៥-១៨៧៨)ការពិសោធន៍របស់លោកទាំងពីរខាងលើក៏ដូចជាការពិសោធន៍ផ្សេងៗ ជាច្រើនទៀត បានបើកចំហផ្លូវកាន់តែធំឆ្ពោះទៅកាន់កំណើតរបស់ចិត្តវិទ្យា។ អ្នកដែលលើផ្លូវនេះដំបូងគេគឺលោក វ៉ុន វែលហេម។
លោក វ៉ុន វែលហេម (Wilhelm Wundt) ជាគ្រូពេទ្យ ជាទស្សនវិទូ ជីវវិទូ ចិត្តវិទូ ព្រមទាំងជាសាស្ត្រាចារ្យ ជនជាតិអាឡឺម៉ង់ម្នាក់ ដែលត្រូវបានស្គាល់ថាជាចិត្តវិទូដំបូងគេបំផុតដោយសារលោកបានបង្កើតទីពិសោធន៍សម្រាប់ចិត្តវិទ្យា និងបានសរសេរសៀវភៅទាក់ទងនឹងចិត្តវិទ្យាដំបូងគេ ព្រមទាំងជាបិតានៃចិត្តវិទ្យាសម័យទំនើប។
លោកបានសិក្សាចិត្តវិទ្យាដោយប្រើវិធីអន្ដោបនីជ្ឈាន (Introspection) ដែលមានន័យថា ការត្រួតពិនិត្យចិត្ត គំនិត សម្បជញ្ញៈ របស់ខ្លួន។ លោកបានហ្វឹកហ្វឺនមនុស្សមួយក្រុមដោយឱ្យពួកគេចេះត្រួតពិនិត្យ ហើយរាយការណ៍អំពីអ្វីដែលកើតឡើងក្នុងចិត្តរបស់ពួកគេ នៅពេលលោកធ្វើការពិសោធ ដូចជាការបង្ហាញរូបភាព សំឡេង សកម្មភាព ឬវត្ថុផ្សេងៗទៅកាន់ពួកគេ។
គោលបំណងរបស់លោក គឺចង់ដឹងថា តើអារម្មណ៍ដែលយើងមាននៅពេលធ្វើអ្វីមួយដោយសម្បជញ្ញៈខុសពីឥតសម្បជញ្ញៈដូចម្ដេចខ្លះ? តើសម្បជញ្ញៈរបស់មនុស្សមានទម្រង់ដូចម្ដេច ដែលបច្ចុប្បន្នគំនិតត្រូវអោយឈ្មោះថា ទម្រង់និយម (Structuralism)។
មានការជជែកវែកញែក ក៏ដូចជាសំនួរជាច្រើនរវាងអ្នកវិទ្យាសាស្ត្រ ស្ដីពីវិធីដែលលោក វែលហេមប្រើ ព្រោះការសិក្សារបស់លោកដោយប្រើវិធីនេះ គឺមិនមែនសិក្សាពីសម្បជញ្ញៈរបស់មនុស្សដោយផ្ទាល់នោះទេ គឺលោកចាំបាច់ពឹងផ្អែកលើអ្នកដែលលោកបានហ្វឹកហ្វឺនក្នុងការរាយការណ៍ ហើយម្យ៉ាងវិញទៀតមានចម្ងល់ជុំវិញសំនួរមួយថា តើមនុស្សពិតជាអាចរាយការណ៍ពីអ្វីក្នុងចិត្តគេបានត្រឹមត្រូវច្បាស់លាស់ដែលអាចទទួលយកជាការពិតដែរមែនទេ។
មិនយូរប៉ុន្មាន ចិត្តវិទ្យាចាប់ផ្ដើមរីករាលដាលដល់ប្រទេសដទៃទៀត ជាពិសេស ប្រទេសអាមេរិច ដែលគេឃើញមានអ្នកប្រាជ្ញអាមេរិចចាប់ផ្ដើមចូលរួមក្នុងការអភិវឌ្ឍចិត្តវិទ្យា ដូចជាលោក ជេម វីលាម។
លោក ជេម វីលាមលោក ជេម វីលាម (William James) ជាទស្សនវិទូ និងចិត្តវិទូ ជនជាតិ អាមេរិច ដែលបានឱ្យឈ្មោះថា “បិតាចិត្តវិទ្យាប្រទេសអាមេរិច”។ លោកជាអ្នកពូកែគិតត្រិះរិះម្នាក់ ហើយលោកបានសរសេរសៀវភៅដ៏មានសារៈសំខាន់ទាក់ទងនឹងចិត្តវិទ្យា មានឈ្មោះថា “គោលការណ៍នៃចិត្តវិទ្យា” (Principles of Psychology) នៅឆ្នាំ ១៨៩០។
លោក ហ្វ្រ័ដ សេកម៉ន (Sigmund Freud) ជាគ្រូពេទ្យពេទ្យសរសៃរប្រសាទ (Neurologist) ជនជាតិ អូទ្រីស ដែលជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចិត្តវិទ្យា។ ទស្សនៈរបស់លោកមានអត្ថន័យថា មនុស្សគ្រប់រូបទាំងអស់មានផ្នែកខ្មៅងងឹត ដែលសូម្បីតែខ្លួនឯងក៏ពុំដឹង។ លោកបានបែងចែកផ្នែកនៅខាងក្នុងចិត្តមនុស្សជា ៣ ផ្នែកធំៗ៖
១- អ៊ីត (បកប្រែថា “វា”, English: id, German: das Es): ជាផ្នែកទទួលរងឥទ្ធិពលពីធម្មជាតិ ដែលមានក្នុងចិត្តមនុស្សតាំងពីជំនាន់មនុស្សនៅក្នុងសម័យយុគដំបូង។ ផ្នែកនេះរ៉ាប់រងនូវ ចំណង់ តណ្ហា អ្វីដែលមនុស្សចង់បាន ចង់ធ្វើស្រេចតែអំពើចិត្ត។
២– ស៊ុបពើ-អ៊ីហ្គូ (បកប្រែថា “លើខ្ញុំ”, English: super-ego, German: das Über-Ich): ជាផ្នែកទទួលរងឥទ្ធិពលពីសង្គម ជាផ្នែកដែលចង់អោយខ្លួនជាមនុស្សល្អអត់ខ្ចោះ ជាមនុស្សដែលគេគោរពស្រឡាញ់ សរសើរ ដែលមានភាពជាអ្នកដឹកនាំ ដែលមានផលប្រយោជន៍ក្នុងសង្គម។
៣- អ៊ីហ្គូ (បកប្រែថា “ខ្ញុំ”, English: ego, German: das Ich): ជាផ្នែកដែលមានតូនាទីសម្របសម្រូល អ៊ីត និង ស៊ុបពើ-អ៊ីហ្គូ។ អ៊ីហ្គូ ចាំបាច់បំពេញតម្រូវការរបស់ “អ៊ីត” ហើយមិនប៉ះពាល់ដល់ “ស៊ុបពើ-អ៊ីហ្គូ”។
ដូចអ្វីដែលប្រិយមិត្តអ្នកអានបានជ្រាបមកហើយ ថាការសិក្សាត្រូវការអភិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ដូច្នេះសង្ឃឹមថា អ្នកទាំងអស់គ្នាក៏អាចរួមចំណែកនៃកោសិការនៃ “ចិត្តវិទ្យា” នេះបានបន្ថែមទៀតដែរ៕
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
៙ប្រភព៖ មនោ វិជ្ជា
៙ប្រភព៖ វិគីពីឌា