មនុស្សពីរនាក់ស្រឡាញ់គ្នា មិនត្រូវមានរឿងលាក់បាំងនឹងគ្នាឡើយ មិនថាជារឿងអតីត បច្ចុប្បន្ន ឬជាគម្រោងតទៅអនាគតនោះទេ ត្រូវតែប្រាប់គ្នាឱ្យដឹង ព្រោះវាបង្ហាញពីភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។
ប៉ុន្តែក្ដីស្រឡាញ់ពិតប្រាកដ គឺមិនគួរខ្វល់ដល់រឿងអតីតកាលរបស់ដៃគូនោះឡើយ ទោះជាអតីតបែបណាក៏ដោយ គឺមិនគួរសួរដេញដោល គាស់កកាយនោះទេ តែបើគេនិយាយប្រាប់យើង យើងក៏ព្រមទទួលស្ដាប់ ដោយក្ដីរីករាយ ហើយក៏មិនគួរខឹងសម្បារ មួម៉ៅ ឬក៏រំឭកយកមកធ្វើជាបញ្ហា ពេលមានរឿងឈ្លោះគ្នានោះឡើយ។
គេព្រមប្រាប់យើងពីអតីតកាលរបស់គេ វាជាភាពស្មោះត្រង់ដែលគេមានចំពោះយើង តែបើយើងទៅសួរនាំគេ គាស់កកាយ នោះមានន័យ យើងមិនទុកចិត្ត ឬក៏កំពុងតែប្រកាន់នឹងអតីតដែលគេមានហើយ។
ពេលខ្លះ អតីតកាលរបស់គេ គេមិនបានតាំងចិត្តលាក់យើងទេ តែគេមិនប្រាប់ ព្រោះគេមិនចង់ឱ្យយើងមិនសប្បាយចិត្ត គេខ្លាចយើងគិតច្រើន ដូចនេះ យើងក៏កុំទៅសួរនាំចង់ដឹងពីអតីតរបស់គេអី បើតាំងចិត្តបង្កើតបច្ចុប្បន្ន និងសាងអនាគតជាមួយគេ ត្រុវតែគិតត្រឹមពីពេលទាក់ទងគ្នានេះទៅ។
មិនថាអតីតកាល គេធ្លាប់ទាក់ទងអ្នកណា មានសង្សារប់ុន្មាននាក់នោះទេ តែនោះជាអតីតរបស់គេ តែសំខាន់ បច្ចុប្បន្ន គេទាក់ទងយើង គេជារបស់យើង គេជ្រើសយកយើង អ៊ិចឹងហើយ ត្រូវធ្វើបច្ចុប្បន្ន និងសាងអនាគតជាមួយគេឱ្យបានល្អ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ