ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ គឺខេត្តដែលសម្បូរទៅដោយកន្លែងកម្សាន្តបែបធម្មជាតិ និងរីហ្សតជាច្រើនកន្លែង សម្រាប់ស្វាគមន៍ភ្ញៀវទេសចរដែលមកកម្សាន្ត មិនចេះដាច់។
ដោយនៅក្នុងនោះមានរីហ្សតស្អាតៗជាច្រើន ដែលសុទ្ធសឹងតែមានទេសភាពស្រស់បំព្រងអមដោយព្រៃព្រឹក្សា និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាពិសេសថ្មីៗនេះមានរីហ្សតបែបប្រណីតមួយដែលកំពុងទទួលបានភាពល្បីល្បាញ ដោយសារតែវាជារីហ្សតដែលស្ថិតនៅកណ្តាលកោះអមដោយព្រៃព្រឹក្សា និងសមុទ្រដ៏ស្រស់ស្អាត ថែមទាំងបង្កប់ដោយភាពទំនើបខ្លាំងទៀតផងនោះគឺ Six Sense Krabey Island ។
Six Sense Krabey Island គឺជាសណ្ឋាគារ និងរីហ្សតស្តង់ដាលំដាប់ពិភពលោកកម្រិតផ្កាយ ដែលមានទីតាំងនៅលើកោះក្របីកម្ពុជាយើង ធ្វើឡើងលើផ្ទៃដីទំហំជាង ១២ហិចតា។ ជាពិសេសគឺមាន វីឡាសម្រាប់ស្នាក់នៅលំដាប់ផ្កាយជាង ៤០កន្លែង មានភោជនីយដ្ឋានទំនើប និងកន្លែងហាត់ប្រាណជាដើម។ អ្វីដែលកាន់តែពិសេសរីហ្សតមួយនេះ មានអាងហែលទឹកដ៏ប្រណីតអាចហែលលេងកម្សាន្តគយគន់ទឹកសមុទ្រ ព័ទ្ធដោយព្រៃឈើជុំវិញធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាត្រជាក់ចិត្តជាខ្លាំងទៀតផង។
សណ្ឋាគារ និងរីហ្សតលំដាប់ផ្កាយ Six Sense Krabey Island មួយនេះ ត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅក្នុងកោះក្របី សង្កាត់ព្រៃនប់ ខេត្តព្រះសីហនុ ដោយការធ្វើដំណើរពីព្រលានយន្តហោះកងកេងទៅរីហ្សតនោះ មានរយៈពេលប្រមាណជា ៣០នាទីតែប៉ុណ្ណោះ ។ តែតម្លៃស្នាក់នៅគឺមិនធម្មតានោះទេ គឺមានតម្លៃចាប់ពីខ្ទង់ជាង 200$ រហូតដល់ 700$ ក្នុងមួយយប់ (ឬអាចខ្ទង់ពាន់ក៏បាន) ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 069 944 888 ឬ គេហទំព័រ https://www.sixsenses.com/resorts/krabey-island/destination ៕
រក្សាសិទ្ធអត្ថបទ៖ក្នុងស្រុក
ប្រភពរូបភាព៖ Six Sense