វៀតណាម៖ សម្រាប់អ្នកដែលចង់ចំណាយលុយតិច ហើយបានដើរលេងនៅក្រៅប្រទេស «ក្នុងស្រុក» សូមណែនាំជាពិសេសឱ្យទៅលេងកម្សាន្តនៅឯប្រទេសវៀតណាម ដោយមិនបាច់ទៅដល់ទីក្រុងធំៗដូចជាហាណូយនោះទេ ត្រឹមតែខេត្តជិតៗស្រុកខ្មែរក៏សប្បាយដែរ នោះគឺទីក្រុង ដាឡាត់។
ដាឡាត់ គឺជាទីក្រុងមួយរបស់ខេត្ត Lâm Đồng ដែលល្បីថាមានសម្រស់ស្រស់ស្អាតបែបធម្មជាតិដោយមាន បឹង ព្រៃឈើ ទឹកធ្លាក់ និងតំបន់ភ្នំជាច្រើន ប្រកបដោយទេសភាព និងអាកាសធាតុត្រជាក់ដល់ធ្លាក់អ័ព្ទស្រដៀងៗនឹងខេត្តមណ្ឌលគិរីខ្មែរយើងដែរ។
ក្រៅពីមានកន្លែងដើរលេងជាច្រើនកន្លែង ថ្មីៗនេះ ទីកន្លែងស្នាក់នៅរបៀប Homestay បោះតង់មួយកន្លែងនៅក្នុងទីក្រុងដាឡាត់ បាននឹងកំពុងតែទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរមកកម្សាន្តលេងយ៉ាងគគ្រឹកគគ្រេងនោះគឺ Sunny Farm។
Sunny Farm គឺជាកន្លែងដ៏ពេញនិយមនូវក្នុងការមកកម្សាន្តលេងសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ ដោយសារតែសម្បូរទៅដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល បូករួមនឹងការដេគ័រតង់កន្លែងស្នាក់នៅយ៉ាងស្រស់ស្អាតប្លែកចម្រុះពណ៌គួរឱ្យចង់រស់នៅហើយនោះ កាន់តែអស្ចារ្យ ទីនេះទីជាកន្លែងដែលស័ក្តិសមបំផុត អាចគេងមើលមេឃមើលផ្កាយបានច្បាស់ល្អនៅពេលរាត្រីផងដែរ។
បន្ថែមពីនេះ អ្វីដែលធ្វើឱ្យអ្នកទេសចរកាន់តែចាប់អារម្មណ៍នោះ គឺការសាងសង់ជណ្តើរឡើងលើអាកាស ប្រៀបបីដូចជាជណ្តើរឋានសួគ៌តែម្តងសម្រាប់ឱ្យអ្នកដែលមកកម្សាន្តថតរូបលេងទុកជាអនុស្សាវរីយ៍។
Sunny Farm ក៏មានហាងកាហ្វេដែលមានរសជាតិឆ្ងាញ់ពិសាស្ទើរតែមិនអាចបំភ្លេចបាន ដោយដាំដុះនៅក្នុងក្រុងដាឡាត់នេះផ្ទាល់តែម្តង ជាមួយនឹងការដេគ័រហាងយ៉ាងស្រស់ស្អាតត្រជាក់ចិត្តទៀតផង។
គួរឱ្យដឹងផងដែរថា Sunny Farm ស្ថិតនៅចម្ងាយពីទីក្រុង ដាឡាត់ប្រមាណជា ៧គីឡូម៉ែត្រប៉ុណ្ណោះ ដោយវាស្ថិតនៅក្នុង សង្កាត់ ១១ ផ្លូវ Hung Vuong ឆ្ពោះទៅកាន់ខេត្ត Trai Mat ។ តែបើធ្វើដំណើរពីទីក្រុង Saigon (ហូជីមីង) វៀតណាមទៅកាន់ដាឡាត់គឺមានចម្ងាយជាង ៣០០គីឡូម៉ែត្រ ដោយការធ្វើដំណើរតាមរថយន្តក្រុងគឺមានរយៈពេលដល់ទៅ ៧ម៉ោង៕
អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក