មានវិធីសាស្រ្តជាច្រើនដែលអាចជួយអ្នកសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព រួមទាំងការគ្រប់គ្រងរបបអាហារ ការធ្វើលំហាត់ប្រាណ និងការជ្រើសរើសអាហារដែលជួយអ្នកឱ្យស្រកទម្ងន់បានយ៉ាងងាយស្រួល។ ក្នុងចំនួនរូបមន្តសម្រកទម្ងន់ តែបៃតងគឺជាជម្រើសមួយដែលប្រជាជនជប៉ុនប្រើដើម្បីជួយពួកគេសម្រកទម្ងន់ដែលទទួលបានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពផងដែរ។ តស់! មកឈ្វេងយល់ពីគុណប្រយោជន៍ធំៗទាំង ៣ ដែលតែបៃតងអាចជួយសម្រកទម្ងន់បាន។
១. ឥទ្ធិពលរួមរវាងជាតិកាហ្វេអ៊ីន និង Catechins ៖ ជាតិកាហ្វេអ៊ីននៅក្នុងតែជួយជម្រុញក្រពេញ Adrenal ឱ្យបញ្ចេញ adrenaline និង noradrenaline កាន់តែច្រើនទៅក្នុងឈាម។ Noradrenaline ទទួលខុសត្រូវក្នុងការបង្កើនការបំបែកខ្លាញ់នៅក្នុងជាលិកា adipose ។ Catechins គឺជាសារធាតុ polyphenols ដែលត្រូវបានបែងចែកជាបួនប្រភេទគឺ epicatechin, epigallocatechin, epicatechin gallate និង epigallocatechin gallate ។ ក្នុងចំណោម polyphenols ទាំងអស់ epigallocatechin gallate ឬ EGCG គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយការពារការបំបែកនៃ noradrenaline ដែលទទួលខុសត្រូវក្នុងការបំបែកខ្លាញ់នៅក្នុងខ្លួន។ ដូច្នេះ រាងកាយអាចរក្សាប្រសិទ្ធភាពដុតបំផ្លាញជាតិខ្លាញ់របស់ខ្លួនបានយូរ។
២. សារធាតុ Polyphenols ក្នុងតែបៃតង បង្កើនសមត្ថភាពរបស់ថ្លើមក្នុងការបន្សាបជាតិពុល ៖ សារធាតុ Polyphenols នៅក្នុងតែបៃតង និង matcha មានឥទ្ធិពលពង្រឹងមុខងារថ្លើម ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។ នៅពេលដែលជាតិពុលត្រូវបានដកកម្ចាត់ចេញ រាងកាយនឹងដុតបំផ្លាញជាតិខ្លាញ់កាន់តែមានប្រសិទ្ធភាព ដែលធ្វើឱ្យវាកាន់តែស្លីមជាងមុន។
៣. Theanine ក្នុងតែបៃតងជួយកាត់បន្ថយចំណង់អាហារ ៖ L-theanine គឺជាអាស៊ីតអាមីណូដែលមានច្រើននៅក្នុងតែបៃតង និង matcha ។ វាមានលក្ខណៈសម្បត្តិជួយសម្រួលដល់រាងកាយ និងជួយឱ្យអ្នកគេងលក់ស្រួល។ វាក៏ជួយធ្វើឱ្យមានតុល្យភាពនៃសារធាតុបញ្ជូនសរសៃប្រសាទ serotonin និង dopamine ដែលជួយទប់ស្កាត់ចំណង់អាហារ និងនាំឱ្យស្រកទម្ងន់។
ប្រសិនបើអ្នកស្ថិតក្នុងដំណើរការនៃការគ្រប់គ្រង និងសម្រកទម្ងន់ សូមសាកល្បងប្រើតែបៃតង ដើម្បីជួយឱ្យអ្នកស្រកទម្ងន់បានលឿន។ វាត្រូវបានគេរកឃើញថាការផឹកតែបៃតង ១ កែវមុនពេលញ៉ាំអាហារមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងខ្លួន។ បរិមាណដែលត្រូវផឹកសម្រាប់ការសម្រកទម្ងន់គួរតែមានប្រហែល ៥០០ មីលីលីត្រក្នុងមួយថ្ងៃ។ ប្រភេទនៃតែបៃតងខ្លះមានជាតិកាហ្វេអ៊ីនច្រើន ដូច្នេះត្រូវប្រយ័ត្នកុំផឹកវាមុនចូលគេង៕