ការរស់នៅយ៉ាងសាមញ្ញជួយយើងគ្រប់គ្រងការលោភលន់របស់យើង ហើយពិចារណាដោយប្រុងប្រយ័ត្ននូវតម្រូវការរបស់យើងដើម្បីឱ្យមានជីវិតមួយដែលមានអត្ថន័យ។ ការរស់នៅបែបសាមញ្ញគឺជាការស្វែងរកភាពរីករាយក្នុងរឿងសាមញ្ញៗ ស្កប់ស្កល់ ទោះបីជាពេលនៅម្នាក់ឯង ស្ងប់ស្ងាត់ សញ្ជឹងគិត និងរីករាយជាមួយបច្ចុប្បន្នកាល។ ការរស់នៅសាមញ្ញមិនមែនមានន័យថារស់នៅក្នុងភាពក្រីក្រនោះទេ ប៉ុន្តែជាជីវិតដែលត្រូវបានជ្រើសរើសក្នុងការរស់នៅដោយសុខដុមជាមួយធម្មជាតិ ស្វែងរកតុល្យភាព និងជាជីវិតដែលគ្មានទុក្ខកង្វល់៖
១.ចិត្តស្ងប់នឹងនាំមកនូវសន្តិភាពផ្លូវចិត្ត៖ ជីវិតសាមញ្ញគឺជាជីវិតរីករាយ។ មនុស្សដែលស្កប់ចិត្តច្រើនតែរកឃើញសេចក្តីអំណរនិងការអត់ឱន។ ពេលមានអ្វីកើតឡើង កុំគិតស្មុគស្មាញពេក ព្រោះពេលដែលយើងយករបស់ដែលធ្ងន់ពេកមកក្នុងចិត្ត យើងក៏មានអារម្មណ៍មិនស្រួលដែរ។ ហត់ឬអត់គឺសម្រេចដោយចិត្តរបស់អ្នក។ មនុស្សគ្រប់រូបនឹងមានវិធីផ្ទាល់ខ្លួនក្នុងការជ្រើសរើសសុភមង្គល ហើយតែងតែញញឹមនៅពេលដែលអ្នកអាចធ្វើបាន! នៅពេលអ្នកញញឹម ពិភពលោកនឹងញញឹមដាក់អ្នកវិញ។ ដូច្នេះចូរញញឹមជានិច្ច អ្នកនឹងភ្ញាក់ផ្អើលនៅពេលឃើញអត្ថប្រយោជន៍ជាច្រើនត្រូវបានបង្កើតឡើងយ៉ាងងាយស្រួលដោយគ្រាន់តែញញឹម។
២.ការរស់បែបminimalist៖ របៀបរស់នៅminimalistកំពុងត្រូវបានអនុវត្តដោយយុវជនជប៉ុនជាច្រើន ហើយពិតជាមានប្រសិទ្ធភាពសម្រាប់ជីវិតរបស់ពួកគេ។ ការរស់នៅបែបនេះគឺមានន័យថារៀបចំផ្ទះ ឬ កន្លែងស្នាក់នៅរបស់យើងទៅជាបែបស្ងប់ស្ងាត់ ស្អាត មិនទំនើបពេក មិនទាមទារវត្ថុមានតម្លៃ ដែលត្រូវបានគេយល់ថាកំណត់ខ្លួនអ្នកទៅអប្បបរមាចាំបាច់ ហើយបោះចោលអ្វីគ្រប់យ៉ាងដែលមិនចាំបាច់ ដោយបន្សល់ទុកតែរបស់សំខាន់ៗ។ របៀបរៀបចំបែបនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ក្នុងការចំណាយតិចប៉ុណ្ណោះទេ... ប៉ុន្តែក៏ផ្តល់អត្ថប្រយោជន៍ដល់ផ្លូវចិត្តរបស់យើងផងដែរ។
៣.រស់នៅដោយការគោរព ស្រឡាញ់ និងស្និទ្ធស្នាល៖ ជីវិតគ្មានការហាត់សមទេ រាល់ថ្ងៃគឺជាឈុតឆាកផ្ទាល់ ព្រោះពេលវេលាកន្លងផុតទៅហើយមិនមានការវិលត្រឡប់ក្រោយឡើយ។ ដូច្នេះយើងត្រូវគោរពរាល់ពេលនៃជីវិត ត្រូវគោរពឪពុកម្តាយ និងជីដូនជីតារបស់យើង។ ថែរក្សាមនុស្សជាទីស្រលាញ់របស់អ្នក និយាយជាមួយពួកគេយ៉ាងស្និទ្ធស្នាល ហើយរស់នៅរាល់ថ្ងៃដោយរីករាយ។
៤.ស្វែងរកភាពរីករាយក្នុងរឿងសាមញ្ញៗ៖ រឿងរីករាយទាំងនេះរួមមានការសរសេរ ការអាន ការរៀនភាសាបរទេស ការដើរ និងការញ៉ាំអាហារសាមញ្ញ សមាធិ ចំណាយពេលជាមួយមនុស្សដែលខ្ញុំយកចិត្តទុកដាក់ ជំនួសឱ្យការខ្ជះខ្ជាយពេលវេលានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមិនដឹងខ្លួន។ ការរស់នៅយ៉ាងសាមញ្ញបំផុតគឺការស្វែងរកភាពរីករាយ និងសុភមង្គល។ សុភមង្គលពិតជាសាមញ្ញណាស់ សុភមង្គលគឺជាអារម្មណ៍ផ្លូវចិត្ត។ ការយល់ដឹងថាអ្វីជាសេចក្តីអំណរ និងរបៀបស្វែងកសេរចក្តីអំណរ គឺពិតជាប្រាជ្ញាមួយ ហើយក៏ជានិស្ស័យមួយដែរ។
៥.បោះបង់អតីតកាល ដើម្បីធ្វើអ្វីដែលល្អនាពេលអនាគត៖ បើជីវិតដើរខុសផ្លូវ ត្រូវដើរម្តងទៀត កុំឈព់អោយសោះ។ ភាពទន់ខ្សោយរបស់មនុស្សគឺវាពិបាកក្នុងការកែកំហុសខ្លួនឯង ហើយក៏ពិបាកក្នុងការរកឃើញកំហុសខ្លួនឯងផងដែរ។ ប៉ុន្តែច្រើនដងហើយដែលយើងដឹងថាយើងខុស ចង់ឈប់តែធ្វើមិនបាន ហើយបន្តធ្វើខុសទៀត។ ការរស់នៅក្នុងពិភពលោកនេះ យើងត្រូវតែមានការណែនាំយ៉ាងម៉ឺងម៉ាត់ និងរក្សាគោលការណ៍របស់យើង។ ប្រសិនបើអ្នកចង់ចាប់ផ្តើមជីវិតថ្មីពីបាតដៃទទេ អ្នកត្រូវកែលម្អជីវិតរបស់អ្នកដោយការស្រលាញ់ខ្លួនឯងកាន់តែច្រើន បោះបង់ទម្លាប់អាក្រក់ និងគិតយ៉ាងសកម្ម បង្កើតថាមពលវិជ្ជមានសម្រាប់ខ្លួនអ្នក។ បោះបង់អតីតកាល នោះអ្នកអាចរស់នៅដោយសុភមង្គល៕