អ្វីទៅជាសុភមង្គល?
សុភមង្គល មិនមែនអ្នកមានបានស្តុកស្តម ក៏មិនមែនអ្នកមានអាហារបរិភោគហូរហៀរនោះដែរ តែគឺជាជីវភាពរស់នៅដ៏សាមញ្ញមួយដែលមនុស្សរាល់គ្នាចង់បាន នោះគឺពេលដែលអ្នកឃ្លានអ្នកមានអ្វីញុំា ចង់បានក្តីស្រលាញ់ហើយមានមនុស្សអាចពឹងពាក់បាន។
នៅខាងក្រោមផ្ទះខ្ញុំមានប្តីប្រពន្ធ១គូមានជីវភាពបែបនេះដែរ ស្វាមីគឺជាអ្នកលក់ចេកអាំង ប្រពន្ធគឺជាអ្នកបោសសំអាត។ ជារៀងរាល់ថ្ងៃ ប្រពន្ធងើបពីព្រលឹមចម្អិនម្ហូបទុកឲ្យប្តី ហើយជួយរៀបចំឥវ៉ាន់ឲ្យប្តីសំរាប់យកទៅលក់ បន្ទាប់មកអ្នកទាំងពីរក៏ចេញពីផ្ទះទាំងអស់គ្នា។
ពួកគាត់កម្រនិយាយគ្នាណាស់ ពួកគាត់តែងតែប្រើកែវភ្នែកជាការប្រាស្រ័យទាក់ទងគ្នា សកម្មភាពដ៏សាមញ្ញាមួយ អាចធ្វើឲ្យអ្នកទាំងពីរយល់ពីចិត្តគ្នាទៅវិញទៅមកបាន ។
នៅក្នុងកែវភ្នែករបស់ប្តី ប្រពន្ធគឺជាអ្នកដែលធ្វើម្ហូបឆ្ងាញ់ជាងគេ ប្រពន្ធគាត់គឺជាមនុស្សពូកែ និងអត់ធ្មត់ម្នាក់ ចំណែកឯនៅក្នុងកែវភ្នែកភរិយាគាត់វិញ ស្វាមីគាត់គឺជាបុរសដែលសក្តិសមអាចពឹងពាក់អស់មួយជីវិតបាន។ ដូច្នេះហើយជីវិតមនុស្ស២នាក់បានក្លាយទៅជាជីវិតតែមួយ គឺជាសុភមង្គលដ៏សាមញ្ញ ។
មានពេលខ្លះ អ្នកអាចយល់ថានឿយហត់ណាស់ ដោយសារមនុស្សម្នាក់គិតច្រើនពេក បារម្ភពីរឿងអតីតកាល និងរឿងអនាគត រមែងតែត្រូវបានអារម្មណ៍របស់អ្នកគ្រប់គ្រងបាន។ មនុស្សភាគច្រើនចេះតែទៅស្វែងរករបស់ពីខាងក្រៅជាច្រើន តែផ្ទុយទៅវិញបានភ្លេចនូវភាពស្រស់បំព្រងដែលនៅក្បែរខ្លួន។
ធ្លាប់មានម្តងនោះ មិត្តភក្តិខ្ញុំម្នាក់បានស្តីបន្ទោសខ្លួនឯងយ៉ាងខ្លាំង យល់ថាមុខរបរមិនឃើញមានអ្វីរីកចម្រើន ជីវភាពគ្រួសារក៏ធម្មតាគ្មានអ្វីប្លែក ចង់គេចខ្លួនឲ្យបាត់១រយៈ។
តែអ្វីដែលគាត់មិនដឹង នៅក្នុងភ្នែកអ្នកដទៃយល់ថាគាត់មានការងារនឹងនរ គ្រួសារមានសុភមង្គល រស់នៅក្នុងជីវភាពដែលមនុស្សជាច្រើនស្ងប់ស្ងែងចង់បាន។
ជីវិតគឺជាដំណើរវដ្តវិលចុះឡើង អ្វីដែលអ្នកចាំបាច់ត្រូវធ្វើនោះគឺអាចរក្សាចិត្តឲ្យបានស្ងប់ ឈ្វេងយល់ពីអ្វីៗដែលនៅក្បែរខ្លួន នោះអ្នកនឹងយល់ថាអ្នកមានសំណាងប៉ុនណា។
ជាមនុស្សម្នាក់ដែលអាចឲ្យគេស្ងប់ស្ងែងបាន គឺគ្រួសារមានភាពកក់ក្តៅ ក្រោយពីចេញពីធ្វើការមានផ្ទះអាចត្រលប់មកវិញបាន នៅផ្ទះមានមនុស្សជាទីស្រលាញ់កំពុងតែរង់ចាំអ្នក កំដរអ្នកធ្វើរឿងជាច្រើនដែលអ្នកចង់ធ្វើ ជារៀងរាល់ថ្ងៃមិនបារម្ភពីអាហារបីពេល នេះមិនមែនសុភមង្គលមួយទេឬ?
ឆាកជីវិតមនុស្សគ្មានពាក្យថា ប្រសិនបើ ច្រើនដងនោះទេ អ្វីដែលរង់ចាំអ្នកនោះមានតែពាក្យថា ចុងក្រោយ និងលទ្ធផលតែប៉ុណ្ណោះ ។ អ្វីដែលកន្លងផុតទៅគឺមិនអាចត្រលប់មកវិញបានទេ ទោះជាអាចត្រលប់មកវិញបានក៏មិនអាចឥតខ្ចោះនោះដែរ។ ឆាកជីវិតគឺមានទុក្ខលំបាក និងរីករាយ ចុះចាញ់អ្វីបានតែកុំចុះចាញ់ចំពោះអារម្មណ៍ខ្លួនឯងឲ្យសោះ។
សុភមង្គលគឺជាទឹកចិត្តមួយប្រភេទ គ្មានទាក់ទងនឹងមាសប្រាក់ទេ សុភមង្គលគឺជាភាពស្កប់ស្កល់មួយប្រភេទ គ្មានទាក់ទងនឹងមានក្រឡើយ សុភមង្គលគឺជាក្តីសង្ឃឹមម្យ៉ាង គ្មានទាក់ទងនឹងផលប្រយោជន៍អ្វីឡើយ ។
នៅក្នុងសៀវភៅអ្នកនិពន្ធរឿងប្រលោមលោកឈ្មោះ “ស៊ូអ៊ី” បានឲ្យនិយមន័យសុភមង្គលថា ៖
“ រស់នៅដោយភាពស្ងប់ស្ងាត់ អាចធ្វើរឿងដែលសាមញ្ញហើយមានប្រយោជន៍ចំពោះប្រជាជន មានការងារដ៏ត្រឹមត្រូវមួយ បន្ទាប់មកមានពេលសម្រាក ចេះសោយសុខ និងគយគន់ទេសភាព អានសៀវភៅ ស្តាប់ចម្រៀង ស្រលាញ់មនុស្សដែលនៅជុំវិញខ្លួនយើង។”
សុភមង្គលពិតប្រាកដតាមពិតទៅគឺសាមញ្ញាណាស់ ជារៀងរាល់ថ្ងៃញុំាឲ្យឆ្អែក គេងឲ្យលក់ស្រួល រស់នៅឲ្យបានសុខ មើលថែខ្លួនឯងឲ្យបានល្អ។ គិតច្រើននាំតែធ្វើឲ្យមានជំងឺ អ្នកគ្មានចិត្តថ្លើម និងមិនចេះស្កប់ស្កល់ ទើបរស់នៅយ៉ាងនឿយហត់ពិតប្រាកដ។
សង្ឃឹមថាជីវិតរបស់អ្នកពោរពេញដោយភាពកក់ក្តៅ សប្បាយរីករាយ មិនចាំបាច់ឡូយឆាយអ្វីទេ ឲ្យតែមានអាហារបីពេល ស្លៀកពាក់គ្រប់គ្រាន់ មិនមមាញឹកពេកទៅបានហើយ មានពេលវេលាសម្រាប់គ្រួសារ៕
ប្រភព ៖ kknews.cc (ក្នុងស្រុក)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក