នេះជារឿងដែលស្ត្រីគ្រប់រូបចង់បាន ប៉ុន្តែស្ទាក់ស្ទើរក្នុងការសុំ ឬ ទាមទារ មិនថានាងបានបានទាក់ទងជាមួយបុរសនោះច្រើនឆ្នាំក៏ដោយ នាងនៅតែមិនហ៊ានប្រាប់រឿងនេះចំៗទៅកាន់មនុស្សដែលនាងស្រឡាញ់ ព្រោះតែអារម្មណ៍ខ្មាសអៀន និងខ្លាចនៅក្នុងការបដិសេដមកវិញ៖
១.ចង់ឱ្យសរសើរនាង៖ ស្ត្រីដែលឆ្លាតវៃ ចេះដឹង និងពូកែគិត នៅតែចូលចិត្តការសរសើរពីស្វាមី ឬ មិត្តប្រុសលើសម្រស់របស់នាង។ នាងចង់មានអារម្មណ៍ថាគាត់មានមោទនភាពចំពោះនាង។ ជាការពិតណាស់នេះមិនមែនជាការសរសើរជាទូទៅទេ ប៉ុន្តែត្រូវតែជាការសរសើរចេញពីចិត្ត ។ ប្រាប់នាងថានាងគួរឱ្យស្រឡាញ់ នាងក្លាហាន... និងកុំភ្លេចប្រាប់នាងថានាងស្អាត នោះហើយជាអ្វីដែលមនុស្សស្រីចង់បានបំផុត។
២.អោបនៅពេលនាងយំ៖ មិនមែនស្ត្រីគ្រប់រូបអាចរំពឹងថាស្វាមី ឬ មិត្តប្រុសរបស់នាងនឹងលួងលោមនាងនៅពេលនាងមានបញ្ហានោះទេ ប៉ុន្តែមានពេលខ្លះ នាងពិតជាចង់ទទួលបានការលួងលោមនៅក្នុងដៃរបស់មនុស្សដែលនាងស្រឡាញ់។ នាងមិនចង់បានអ្វីក្រៅតែពីអ្នកដើរក្បែរនាង ទាញនាងឱ្យជិត បង្កើតកន្លែងសុវត្ថិភាពសម្រាប់នាង អោបនាងរួចប្រាប់នាងថាអ្នកនឹងនៅជាមួយនាងទោះបីក្នុងគ្រាលំបាកក៏ដោយ។
៣.កាយវិការទន់ភ្លន់៖ យើងមិនត្រូវការជីវិតល្អឥតខ្ចោះដូចប្រលោមលោកស្នេហាទេ ប៉ុន្តែមានរឿងផ្អែមល្ហែមដែលអ្នកអាចធ្វើដើម្បីឱ្យនាងមានអារម្មណ៍ថាជីវិតកាន់តែមានន័យ។ ឧទាហរណ៍ដូចជា ចងសក់នាងពីក្រោយ អង្អែលមុខនាងខណៈពេលដែលអ្នកថើបនាង អង្អែលក្បាលនាងរហូតដល់នាងដេកលក់ យកដៃរបស់អ្នកដាក់នៅជុំវិញនាងនៅក្នុងរោងកុន…កាយវិការស្និទ្ធស្នាលគឺសំខាន់ ហើយវាជាកាយវិការដែលបង្ហាញពីការយកចិត្តទុកដាក់។
៤.ចែករំលែកកិច្ចការផ្ទះ៖ លាងចាន បោកគក់ និងបត់ខោអាវ ប្តូរកម្រាលពូក ងូតទឹកឱ្យកូន... មនុស្សស្រីតែងតែជាអ្នកធ្វើរឿងទាំងនេះ ចំណែកបុរសជាធម្មតាធ្វើតែពេលដែលពួកគេចង់ ឬ យូរៗម្តងប៉ុណ្ណោះ។ ស្ត្រីនឹងមិនហ៊ានសុំអ្នកអោយជួយទេដោយសារតែពួកគេមិនចង់ឈ្លោះគ្នា ប៉ុន្តែជាក់ស្តែង អ្នកគួរតែចេះជួយយកអាសារ និងសម្រាលបន្ទុករបស់នាងខ្លះផង នោះទើបអាចធ្វើអោយនាងមានអារម្មណ៍ថាមិនសូវហត់ខ្លាំង។
៥.លើកទឹកចិត្តនាង៖ ស្ត្រីងាយបាត់បង់ខ្លួនឯងក្នុងតួនាទីជាមិត្តស្រី / ប្រពន្ធ / ម្តាយ។ អ្នកគួរតែរំលឹក និងលើកទឹកចិត្តនាងឱ្យធ្វើតាមចំណាប់អារម្មណ៍របស់នាង បង្កើតលក្ខខណ្ឌឱ្យនាងចេញទៅក្រៅជាមួយមិត្តភក្តិ។ ត្រូវប្រាកដថានាងមានកន្លែង និងពេលវេលាដើម្បីរំសាយអារម្មណ៍ខ្លះ។ នាងចង់មានជីវិតផ្ទាល់ខ្លួនមុនពេលនាងមករកអ្នក ហើយនាងប្រហែលជានៅតែចង់បានរឿងនេះ គ្រាន់តែនាងមិនហ៊ាននិយាយប្រាប់អ្នកប៉ុណ្ណោះ។ ពេលខ្លះ អ្នកត្រូវរំលឹកខ្លួនឯងអំពីរឿងនេះ កុំចាំបាច់អោយនាងទាមទារ ទើបផ្តល់អោយ៕