“ដើរផ្លូវរបស់ខ្លួនឯង កុំខ្វល់ពីសំដីរបស់អ្នកដទៃ” (Dante Alighieri)
តាំងពីតូចមកខ្ញុំតែងមានចម្ងល់ចំពោះពាក្យ១ឃ្លានេះ ខ្ញុំតែងតែប្រាប់ខ្លួនរហូតមកថា ធ្វើរឿងអ្វីក៏ដោយកុំទៅខ្វល់នឹងពាក្យឥតប្រយោជន៍របស់អ្នកដទៃ ប៉ុន្តែនិយាយងាយស្រួលណាស់ ធ្វើគឺវាពិបាក នៅក្នុងចិត្ត គឺនៅតែខ្វល់ពីពាក្យសម្ដីអ្នកដទៃដដែល រាល់ដងពេលដែលចេញទៅក្រៅ ខ្ញុំតែងសួរមិត្តភក្តិខ្ញុំថា ៖
“ខ្ញុំពាក់បែបនេះស្អាតដែរទេ?” គេនិយាយថា ៖ “ស្អាតតើ” ឮដូច្នេះហើយទើបខ្ញុំចេញពីផ្ទះដោយក្តីរីករាយ ដូច្នេះហើយ ពាក្យ១ឃ្លានេះពិបាកនឹងស្តែងចេញមកណាស់។
តាមពិតទៅតាំងពីតូចមក យើងតែងតែយកចិត្តទុកដាក់សភាពខ្លួនឯងដែលនៅក្នុងភ្នែករបស់អ្នកដទៃ យើងសុទ្ធតែចង់ឲ្យគេចូលចិត្ត ដូច្នេះហើយមានពេលជាច្រើន បានធ្វើឲ្យខ្លួនឯងវង្វេងវង្វាន់រកមិនឃើញខ្លួនឯង បានធ្វើឲ្យខ្លួនឯងឃ្លាតកាន់តែឆ្ងាយទៅៗពីផ្លូវដែលខ្លួនបានដើរ ក៏កាន់តែធ្វើឲ្យខ្លួនមានអារម្មណ៍ស្រពេចស្រពិលចំពោះអនាគតខ្លួនដែរ។
នៅក្នុងពិភពលោកនេះ មានមនុស្ស៣ប្រភេទ ៖
ប្រភេទទី១ ៖ ធ្វើអ្វីក៏មិនមាត់មិនករ គ្មាននរណាគេស្គាល់ដឹងឮ គឺជាមនុស្សចម្លែកម្នាក់ដែលគ្មានគុណតម្លៃ និងឥទ្ធិពលអ្វីឡើយ ទោះជាស្ថិតនៅក្នុងពិភពលោកយូរប៉ុនណាក៏ដោយ ប្រាកដជាគ្មាននរណាគេស្គាល់គាត់នោះទេ ពីព្រោះគ្មាននរណាចង់ទៅស្គាល់មនុស្សប្រភេទនេះឡើយ។
ប្រភេទទី២ ៖ ប្រៀបដូចជាសត្វរុយ ដែលតែងចូលចិត្តនៅចំពោះមុខបណ្តាជនដើម្បីសម្ញែងមុខមាត់ និយាយពាក្យខ្លះដែលខ្លួនឯងយល់ថាមានតម្លៃ ហើយយល់ថាគេពេញចិត្តនឹងខ្លួនណាស់ យល់ថាបាននាំផលប្រយោជន៍ដល់អ្នកដទៃ សឹងតែយល់ថាអ្នកដទៃចូលចិត្តគេទៀតផង ដូច្នេះយល់ថាខ្លួនឯងអស្ចារ្យមែនទែន ជឿជាក់លើខ្លួនឯងពេក ដែលហៅថា “ចង់ទាក់ទាញចំណាប់អារម្មណ៍ពីគេ” គឺលេចមុខនៅចំពោះមុខអ្នកដទៃ តែបែរជាគ្មានអត្ថន័យអ្វីទាំងអស់គឺបែបនេះឯង។
ប្រភេទចុងក្រោយ គឺធ្វើរឿងអ្វីដែលខ្លួនចូលចិត្តដោយស្ងាត់ៗ មិនប្រកូកប្រកាសចេញមក គ្រាន់តែធ្វើកិច្ចការអ្វីដោយស្ងៀមស្ងាត់ នូវគោលដៅដែលខ្លួនបានរៀបចំកាលពីមុន ហើយមិនខ្វល់ពីពាក្យសម្ដីរបស់អ្នកដទៃ។
មិនខុសទេ បើអ្នកធ្វើកិច្ចការអ្វីមួយបានជោគជ័យហើយ កិច្ចការនោះនឹងត្រូវបានគេដឹងដោយឯកឯងជាមិនខាន ចៀសមិនផុតពីការនិយាយវែកញែកពីអ្នកដទៃឡើយ។
មានពាក្យ១ឃ្លាថា ៖ “ជនមានឈ្មោះល្បីមានគេនិយាយរឿងខុសត្រូវច្រើនណាស់”។ មនុស្សមិនចាំបាច់តែចង់បានភាពទាក់ទាញចំណាប់អារម្មណ៍ពេកទេ ចេញមុខពេកទេ គឺនឹងអាចត្រូវបានក្រសែភ្នែកដ៏មុតស្រួចជាច្រើនសម្លឹងមើល ប្រៀបដូចជា ចចកស្រែកឃ្លាន១ក្បាល សម្លឹងមើលអ្នកដោយកាចសាហាវ ធ្វើឲ្យអ្នកភិតភ័យជាខ្លាំង ថែមជាងនេះទៅទៀតនោះទឹកមាត់អាចពន្លិចខ្លួនអ្នកបាន។
ខ្ញុំដើរផ្លូវរបស់ខ្លួនឯង សម្អាងអីអ្នកមកវិនិច្ឆ័យខ្ញុំនោះ។
ខ្ញុំមិនបានយកលុយអ្នក១កាក់១សេន អ្នកសម្អាងអីមកវៃតម្លៃខ្ញុំនោះ។
ប្រហែលជានៅក្នុងឆាកជីវិតរបស់អ្នកជួបនឹងមនុស្សចម្លែកបែបនេះមួយចំនួន ហើយអ្នកក៏មិនសូវជាស្គាល់គេដែរ ប៉ុន្តែគេចូលចិត្តមកវែកញែករឿងរបស់អ្នកដទៃណាស់។
ប្រៀបបានដូចជាពេលដែលអ្នកតុបតែងខ្លួនឡើងស្អាតបាតសមសួន ហើយដើរចេញពីមាត់ទ្វារផ្ទះរបស់ខ្លួនដោយភាពជឿជាក់ មានគេមកនិយាយអ្នកថាធ្វើខ្លួនឡួយឆាយណាស់ន៎ ពេលដែលធ្វើរឿងដែលអ្នកចូលចិត្ត គេនឹងនិយាយថាអ្នកធ្វើរឿងមិនត្រឹមត្រូវ គ្មានបានការ មនុស្សមានគ្រប់បែបគ្រប់សណ្ឋាន មានបុគ្គលខ្លះគឺជាអន្លង់ភក់ យើងដើរមិនមើលអាចនឹងជាន់ត្រូវវា មិនត្រឹមតែធ្វើឲ្យប្រឡាក់ស្បែកជើងយើងទេ ថែមទាំងបានធ្វើឲ្យខកខានដំណើររបស់យើងទៀតផង ដូច្នេះហើយ អ្នកកុំខ្វល់អី ងើយក្បាលពើងទ្រូងដើររំលងអន្លង់ភក់នោះទៅ គឺបានហើយ៕
ប្រែសម្រួល ៖ Li Luan Team … (ក្នុងស្រុក)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក