យើងប្រហែលជាបានដឹង និងស្គាល់ខ្លះៗអំពីឈ្មោះផ្កា និងអត្ថន័យនៃផ្កាមួយចំនួន តែក៏ប្រហែលជា យើងមិនទាន់ដឹងអំពីផ្កាដែលតំណាងឱ្យរាសីទាំង១២នោះឡើយ។ ដូច្នេះថ្ងៃនេះដែរ យើងមកសិក្សាឈ្វេងយល់ទាំងអស់គ្នា ជាមួយនឹងអត្ថន័យ និងផ្កាតំណាងឱ្យរាសីទាំង១២។
១. ផ្កាគ្រីសាន - ផ្កាតំណាងឱ្យខែ មករា
ផ្កាគ្រីសាន ជាផ្កាតំណាងឱ្យវណ្ណៈអភិជន រាជវង្ស ឬព្រះមហាក្សត្រ។ ធន់បានយូរ និងមានថាមពលឆ្លៀវឆ្លាត លាក់បង្កប់នូវអត្ថន័យជាច្រើន។ ដូច្នេះហើយទើបបុគ្គលដែលកើតក្នុងខែមករា ស្ថិតក្នុងរាសីនាគរាជ ពោរពេញដោយភាពឆ្លៀវឆ្លាត មានគំនិតជ្រាលជ្រៅ និងជាមនុស្សដែលមានផែនការជីវិតច្បាស់លាស់ យូរអង្វែង។
ផ្កាគ្រីសាន ក៏ជាផ្កាដែលតំណាងនៃយភាពជោគជ័យ អ្នកកើតខែមករានេះ ក៏តែងតែមានអ្នកជួយ ឬឧបត្ថម្ភ ជ្រោមជ្រែងជាប់ជានិច្ច។
២. ផ្កាកេសរកូល ឬ អរគីដេ - ផ្កាតំណាងឱ្យខែ កុម្ភៈ
កេសរកូល ជាប្រភេទផ្កាដែលត្រូវការការមើលថែដោយយកចិត្តទុកដាក់បំផុត ជាផ្កាតំណាងនៃការយកចិត្តទុកដាក់ដោយចិត្តស្ម័គ្រស្មោះ។ កេសរកូល ជាផ្កាដែលត្រូវបានតាំងលម្អនៅកន្លែងលេចធ្លោ ឡោមព័ទ្ធដោយផ្កានានា ទើបជនដែលកើតក្នុងខែកុម្ភៈ គឺជាមនុស្សដែលមានក្ដីមេត្តាចំពោះអ្នកជុំវិញ មានភាពឆ្លៀវឆ្លាត ស្រឡាញ់ធម្មជាតិ មានចិត្តទូលាយ ទៀងត្រង់ និងចេះជួយទំនុកបម្រុងមនុស្សជុំវិញខ្លួន ដោយពុំត្រូវការ ការតបស្នងអ្វីវិញនោះឡើយ។
៣. ផ្កាខារនេសិនក្រហម ៖ ផ្កាតំណាងខែ មីនា
ផ្កាខារនេសិន ជាផ្កាតំណាងឱ្យសិល្បករ ជាក្ដីស្រមៃដ៏អាថ៌កំបាំង មានគំនិត មានការស្រមើស្រមៃខ្ពស់ ។ មុខរបរដែលសក្តិសមជាអ្នកសម្ដែង អ្នកនិពន្ធ វិចិត្រករ អ្នកតែងទំនុកភ្លេង អ្នកវិភាគចំណីអាហារ អ្នកសង្គមកិច្ចជាដើម ។
ជនណាដែលកើតខែមីនា ជាមនុស្សដែលងាយមានអារម្មណ៍ប្រែប្រួល ចំពោះរឿងស្នេហាក៏មានអារម្មណ៍ទន់ជ្រាយ ងាយប្រែប្រួល ផ្លាស់ប្ដូរ ប៉ុន្តែគេក៏ជាមនុស្សមានមន្តស្នេហ៍ពុះកញ្ជ្រោលចិត្ត មានជំនឿខាងសាសនា និងមានសម្ផស្សវិសេសផ្នែកចិត្តវិញ្ញាណ ដែលគេហៅថា ញ្ញាណទី៦។
៤. ផ្កាលីលី ៖ ផ្កាតំណាងឱ្យខែ មេសា
ផ្កាលីលី ជាប្រភេទផ្កាតំណាងឱ្យភាពលេចធ្លោ និងភាពជាអ្នកដឹកនាំ ។ វាត្រូវបានគេចាត់ទុកជាផ្កាមួយប្រភេទទៀតដែលតែងតែត្រូវបានយកទៅដាក់នៅទីខ្ពស់ ប៉ុន្តែទោះជានៅមិនខ្ពស់ប៉ុន្មាន ភាពលេចធ្លោរបស់វា ក៏នៅតែទាក់ទាញអារម្មណ៍មនុស្សជុំវិញបានជានិច្ច ដូចជាបុគ្គលដែលកើតក្នុងខែមេសានេះអ៊ីចឹង ដែលមានភាពលេចធ្លោជាងអ្នកដទៃបំផុត។
ដូច្នេះ ភាគច្រើននៃអ្នកគ្រប់គ្រងជំនួញ អ្នកសម្ដែង នាយទាហានជាន់ខ្ពស់ ឬអ្នកច្នៃប្រតិដ្ឋជាមុខរបរដែលសក្តិសមនឹងអ្នកដែលកើតក្នុងខែមេសានេះណាស់។
ចំណែកក្នុងរឿងស្នេហាវិញ អ្នកកើតខែនេះ ច្រើនតែជាមនុស្សដែលពោរពេញដោយមនោសញ្ចេតនា ចូលចិត្តគ្រប់គ្រងលើដៃគូ និងតែងតែព្យាយាមធ្វើជាម្ចាស់កម្មសិទ្ធិដៃគូជានិច្ច។
៥. ផ្កាចំប៉ី ៖ ផ្កាតំណាងឱ្យខែ ឧសភា
ផ្កាចំប៉ី តំណាងឱ្យអ្នកដែលកើតក្នុងខែ ឧសភាព ដែលមានបុគ្គលមានលក្ខណៈសម្បត្តិ ក្នុងភាពជាអ្នកគ្រប់គ្រងដ៏ល្អបំផុតសម្រាប់ខ្លួនឯង មានគំនិត និងដាក់ផែនការយ៉ាងម៉ត់ចត់ក្នុងរយៈពេលវែង និងនឹងធឹង ស្រឡាញ់ធម្មជាតិ និងមានគំនិតសុទិដ្ឋិនិយម ហើយក៏ជាមនុស្សដែលសកម្រខឹងនឹងអ្នកដទៃណាស់ ក៏ជាមនុស្សដែលគួរឱ្យគោរពបំផុត។
បុគ្គលដែលកើតក្នុងខែឧសភាពនេះដែរ តែងតែចាយវាយដោយមានហេតុផល និងជាវិនិយោគិនដ៏ល្អ សក្តិសមធ្វើការជា វេជ្ជបណ្ឌិត ស្ថាបត្យករ វិស្វករ ឈ្មួញកណ្ដាល ឬជាអ្នកតុបតែងជាដើម។
គេជាមនុស្សដែលចូលចិត្តសោភណ្ឌភាពតាមធម្មជាតិ និងមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិផងដែរ។ ចំណែកក្នុងរឿងស្នេហាវិញ គេជាមនុស្សរក្សាសន្យា យល់ចិត្តយល់ថ្លើម និងការពារគូស្នេហ៍បានយ៉ាងល្អ។
៦. ផ្កាម្លិះប្រែពណ៌ ៖ ផ្កាតំណាងឱ្យខែ មិថុនា
ម្លិះប្រែពណ៌ជាប្រភេទផ្កាដែលមានសម្រស់ពិសេស មានមន្តស្នេហ៍សាមញ្ញៗ ដែលបង្ហាញឱ្យឃើញថា បុគ្គលដែលកើតក្នុងខែមិថុនានេះ ជាមនុស្សដែលមានគំនិតបើកចំហ និងនឹងន ឋិតថេរ យូរអង្វែង។
ការងារមុខរបរដែលលេចធ្លោ និងសក្តសមជាមួយបុគ្គលនេះបំផុត គឺជាអ្នកកាសែត តន្រ្តីករ វេជ្ជបណ្ឌិតផ្នែកវះកាត់ អ្នកថតរូប កវីនិពន្ធ និងការងារដែលពាក់ព័ន្ធនឹងសិល្បៈគ្រប់ប្រភេទ។
ប៉ុន្តែបុគ្គលដែលកើតក្នុងខែនេះ ច្រើនតែជាបុគ្គលមានការនិយមខ្ពស់ តែរកចំណូលបានទាប អាចនិយាយបានថាក៏ជាមនុស្សដែលជាប់បំណុលវ័ណ្ឌកផងដែរ។
ចំណែករឿងស្នេហាវិញ គេជាមនុស្សសាវា មានចិត្តរេរាណាស់ ព្រោះមានមន្តស្នេហ៍ និងជាមនុស្សព្រានផងដែរ ដោយសារចូលចិត្តសាងស្នេហាមួយឆាវ បែបរំភើបញាប់ញ័រគ្រប់ពេលវេលា ទើបគេកម្រមានស្នេហាស្ម័គ្រស្មោះណាស់។
៧. ផ្កាឈូក ៖ ផ្កាតំណាងឱ្យខែ កក្កដា
ផ្កាឈូក ត្រូវបានគេចាត់ចូលជាផ្កាលំដាប់ផ្កាខ្ពស់ដែលមានសម្រស់ត្រកាល ទន់ភ្លន់ រៀបរយ។ ដ្បិតថាផ្កាឈូកដុះដាល ពីប្រភព ភក់ជ្រាំ តែក៏បង្ហាញពីក្ដីស្រមៃដ៏ស្រស់ត្រកាល ដែលគូសវាសដោយខ្លួនឯង តែងតែមានក្ដីសង្ឃឹមខ្ពស់ យកចិត្តទុកដាក់ចំពោះកិត្តិយសនៃភាពល្អថ្លៃថ្នូរ ក៏ជាផ្កាសម្រាប់ថ្វាយបូជាព្រះផងដែរ។
ដូច្នេះ មនុស្សដែលកើតក្នុងខែកក្កដានេះ អាចរាប់បានជាមនុស្សមិនខ្ជះខ្ជាយបន្តិចដែរ ប៉ុន្តែបើរឿងតុបតែង លម្អគេហដ្ឋានវិញ ជឿទុកចិត្តលើគាត់ចុះ មិនឱ្យខុសបំណង ឬស្ដាយក្រោយទេ។ មុខរបរដែលសក្តិសមចំពោះអ្នកកើតខែនេះគួរតែជា ចិត្តវិទូ វិនិយោគិន ឬការងារដែលជួយសម្របសម្រួលដល់គម្រោងនានា។
ចំណែកផ្នែកស្នេហាវិញ គាត់ជាមនុស្សចូលចិត្តប្រើមនោសញ្ចេតនា មិនងាយស្រឡាញ់នរណាផ្ដេសផ្ដាសឡើយ ប៉ុន្តែបើបានជាស្រឡាញ់អ្នកណាហើយ គឺស្រលាញ់ងប់ ស្មោះត្រង់មិនវៀចវេរ ទោះគេមិនស្រឡាញ់ខ្លួនវិញក៏មិនថ្វីដែរ។
៨. ផ្កាឈូករ័ត្ន ៖ ផ្កាតំណាងឱ្យខែ សីហា
ផ្កាឈូករ័ត្ន ជាផ្កាដែលពោរពេញដោយមិត្តភាព ភាពរួសរាយ ការសប្បាយរីករាយ។ អ្នកដែលកើតក្នុងខែសីហានេះ ច្រើនតែជាមនុស្សមិនចេះស៊ាំញាំច្រើនទេ មិនចូលចិត្តទាមទារការចាប់អារម្មណ៍ពីអ្នកណាឡើយ ព្រោះគេត្រូវការស្វែងរកសុភមង្គលដោយខ្លួនគេ ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ ចេះការពារខ្លួនបានយ៉ាងល្អ នៅពេលដែលគេចូលក្នុងចំណោមមនុស្សជាច្រើន ជាពិសេសគឺ មនុស្សដែលមិនស្គាល់គ្នា គេមិនងាយនឹងជឿជាក់ ឬទុកចិត្តលើអ្នកណាងាយឡើយ។
ជាបុគ្គលដែលស្រឡាញ់ធម្មជាតិ ល្អិតល្អន់ មិនចូលចិត្តភាពខ្ជះខ្ជាយទេ។ មុខរបរដែលសក្តិសមចំពោះមនុស្សក្រុមនេះគឺ គួរតែជាអ្នកនិពន្ធ មេធាវី ឬវាគ្មិនជាដើម។
ចំណែកស្នេហាវិញ គេតែងតែមិនចូលចិត្តចំណងដែលមានការចងរឹតចំពោះគ្នានោះឡើយ តែចូលចិត្តបង្ហាញរឿងស្នេហា និងជាមនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅ អាចហៅថាជាព្រានកម្រិតទាប ឬកូនព្រានក៏បានដែរ។
៩. ផ្កាធូលីប ៖ ផ្កាតំណាងឱ្យខែ កញ្ញា
ផ្កាធូលីប ជាផ្កាដែលតំណាងឱ្យភាពទន់ភ្លន់ និងត្រូវការការដុសខាត់ដ៏ល្អ ដូច្នេះហើយទើបបុគ្គលដែលកើតក្នុងខែកញ្ញនេះ គឺជាមនុស្សដែលមានការយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នកដទៃជាខ្លាំង ចូលចិត្តអាណិតអ្នកដទៃ និងឆ្លាតវៃ ហើយក៏ជាមនុស្សមានរបៀប វិន័យច្បាស់លាស់ដែរ ជាពិសេសគឺទៀងទាត់ និងគោរពពេលវេលាបំផុត។
ភាពលេចធ្លោមួយទៀតសម្រាប់អ្នកកើតខែនេះ ដែលធ្វើឱ្យអ្នកដទៃមានចិត្តច្រណែនគាត់នោះគឺ គាត់ជាមនុស្សពូកែសន្សំ និងរៀបចំទុកដាក់ប្រាក់កាសបំផុត។ មុខរបរដែលសក្តិសមចំពោះគាត់គួរតែជា វេជ្ជបណ្ឌិត បណ្ណារក្ស អ្នកវិភាគល្ខោន និងការងារសិល្បៈផ្សេងៗ។
ចំណែករឿងស្នេហាវិញ ពោរពេញដោយភាពផ្អែមល្ហែម និងចេះយកចិត្តយកថ្លើម ផ្គាប់ចិត្តដៃគូយ៉ាងកាប់ប្រសើរ អ្នកណាបានគាត់ គឺពិតជាសំណាងណាស់។
១០. ផ្កាកុលាប ៖ ផ្កាតំណាងឱ្យខែ តុលា
កុលាប គឺជាផ្កាដ៏ប្រណីត មានសម្រស់ស្អាត លេចធ្លោ គួរឱ្យទាក់ទាញជាងគេ ទើបបុគ្គលដែលកើតក្នុងខែតុលានេះ ច្រើនតែមានមន្តស្នេហ៍ ប៉ុន្តែគេមិនមែនជាមនុស្សដែលមានរបៀបរៀបរយនោះឡើយ។
ជំនាញ ឬការងារដែលសក្តិសមនឹងពួកគេគួរតែជា តន្រ្តីករជាន់ខ្ពស់ អ្នកជំនាញផ្នែកក្រាហ្វិចកុំព្យូទ័រ អ្នកតុបតែងលម្អ អ្នកជំនាញផ្នែកសម្រស់ ទីប្រឹក្សាផ្នែកលក្ខណៈសម្បត្តិជាដើម។
រឿងស្នេហាវិញ គេជាមនុស្សដែលមានជំនឿលើមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ទើបស្នេហារបស់គេពោរពេញទៅដោយអារម្មណ៍មនោសញ្ចេតនា និងផ្អែមល្ហែម តែក៏ឱ្យសេរីភាពទៅលើផ្នែកគំនិតដល់ដៃគូដែរ មិនចូលចិត្តគ្រប់គ្រង លើប្រចណ្ឌ ហួងហែងច្រើនទេ។
១១. ផ្កាដំបងយក្ស ៖ ផ្កាតំណាងឱ្យខែ វិច្ចិកា
ដើមផ្កាដំបងយក្ស ជាប្រភេទផ្កាដែលមានភាពអាថ៌កំបាំងទាំងផ្នែកកំណើតកើតជា និងត្របកផ្កា ទើបបុគ្គលដែលកើតក្នុងខែនេះ ច្រើនតែជាមនុស្សដែលមានអាថ៌កំបាំងច្រើន ដែលរឿងនេះហើយធ្វើឱ្យគេមានមន្តស្នេហ៍ដែលធ្វើឱ្យមនុស្សជាច្រើនកាន់តែព្យាយាមចង់ស្វែងយល់ពីគាត់។
ក្រុមអ្នកកើតខែវិច្ចិកាជាមនុស្សមឹះៗ ចូលចិត្តលាក់បាំងរឿងរ៉ាវរបស់ខ្លួនឯងដោយមិនប្រាប់ឱ្យអ្នកណាដឹង មិនចូលចិត្តចូលរួមកម្មវិធីក្នុងសង្គមផ្សេងៗឡើយ។
ការងារដែលសក្តិសមក្រុមនេះបំផុតគឺ អ្នកបុរាណវិទ្យា មេធាវី ទីប្រឹក្សាអ្នកធ្វើវិនិយោគទុន ឱសថការី វេជ្ជបណ្ឌិតផ្នែកវះកាត់ជាដើន។ ចំណែករឿងស្នេហាវិញ គេគឺជាមនុស្សម៉ត់ចត់ តឹងរឹង ឆេវឆាវ តែក៏មានភាពទន់ភ្លន់ និងមនោសញ្ចេតនាជ្រាលជ្រៅច្រើនដែរ ហើយក៏មានមន្តស្នេហ៍ទាក់ទាញរឿងលើគ្រែ ថែមទាំងជាគូស្នេហ៍ដែលពោរពេញដោយអារម្មណ៍ពុះកញ្ច្រោល និងបំណងប្រាថ្នាច្រើនថែមទៀតផង។
១២. ផ្កាបក្សីសួគ៌ ៖ ផ្កាតំណាងឱ្យខែ ធ្នូ
ផ្កាបក្សីសួគ៌ ជាផ្កាតំណាងឱ្យភាពសុខសប្បាយក្នុងជីវិត។ ដូច្នេះហើយទើបអ្នកដែលកើតក្នុងខែនេះ ច្រើនតែមានឆាកជីវិតពោរពេញដោយការព្យាយាម និងពុះពារ ប៉ុន្តែក៏មានអារម្មណ៍ធូរស្រាល ទើបក្លាយជាមនុស្សមានគំនិតសុទិដ្ឋិនិយម ។
គេសក្តិសមធ្វើជាទេសចរ អ្នកគូររូបតុក្កតា អ្នកកំប្លែង ពេទ្យសត្វ និងអ្នកបើកបរយន្តហោះ ។ ចំណែករឿងស្នេហាជាមនុស្សទន់ភ្លន់ ស្មោះត្រង់ តែគេចង់រស់នៅក្នុងជីវិតជាខ្លួនឯង បែបផ្សងព្រេងច្រើនជាងគិតគូររឿងគូស្រករ៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)