កាលនៅជាក្មេងៗ នៅពេលឮចាស់ៗនិយាយគ្នាថា «ឆ្នាំនេះលើកខែមួយខែគឺមានអាសាធតូច និងអាសាធធំ» ខ្ញុំចេះតែនឹកឆ្ងល់ក្នុងចិត្តហេតុអ្វីមានជាគេលើកខែ ? ប៉ុន្តែហាក់មិនបានចាប់អារម្មណ៍នឹងសួរចាស់ៗសោះ គ្រាន់តែគិតថានេះជាច្បាប់ទម្លាប់ទំនៀមបុរាណ ។ រហូតមកទល់ប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះដែលខ្ញុំមានចម្លើយជាក់ លាក់ពាក់ព័ន្ធនឹងការលើកខែនេះ ។
អ្វីដែលអាចធ្វើឲ្យខ្ញុំមិនចាប់អារម្មណ៍ពីការខុសគ្នានៃថ្ងៃចន្ទគតិ និងយុរិយគតិគឺ ចន្ទគតិមានរាប់ «រនោច» និង «ខ្នើត» និងមិនបានសង្កេតថា ថ្ងៃរនោចអាចមាន១៤ ឬ ១៥ថ្ងៃ មិនដូចថ្ងៃខ្នើតដែលមាន១៥ថ្ងៃរហូតនោះទេ ។
ម្យ៉ាងទៀត ការណ៍នេះក៏មកពីមិនបានយកចិត្តទុកដាក់ឲ្យគត់មត់ ស្វែងយល់អំពីខែចន្ទគតិរបស់ខ្មែរ (តែងតែធុញទ្រាន់នឹងចាស់ៗនិយាយអំពីមិគសិរ បុស្ស ផល្គុន ចេត្រ…ព្រោះមិនចេះមិនចាំ ។ល។) ។
បញ្ហានេះក៏អាចបណ្ដាលមកពីការខ្វះចន្លោះ ក្នុងវិស័យអប់រំដែរ ព្រោះតាំងពីថ្នាក់ទាបដល់ថ្នាក់ខ្ពស់ខែដែលបានរៀនទន្ទេញចាំមាត់ គឺមានតែ មករា កុម្ភៈ មីនា…ប៉ុណ្ណោះ ។ រីឯចន្លោះប្រហោងមួយទៀតសម្រាប់ការអបរំខ្មែរដែរគឺការកំណត់ កាលបរិច្ឆេទតាមពុទ្ធសករាជ ធៀបនឹងគ្រិស្តសករាជ ។
រាល់កំណត់ត្រាដែលបានរៀន និងដឹង ជាពិសេសអត្ថបទប្រវត្តិសាស្ត្រ មានតែគ្រិស្តសករាជប៉ុណ្ណោះ ។ ខ្ញុំមានបញ្ហាលំបាកមិនស្រណុកចិត្តសោះនៅពេលអានសៀវភៅ “មគ្គុទ្ទេសក៍នគរ” របស់លោកអាចារ្យ ប៉ាង ខាត់ ចេញផ្សាយនៅព.ស២៥០០ ដែលកាលបរិច្ឆេទទាំងអស់កត់ត្រាជាពុទ្ធសករាជ ។
គ្រាន់តែឆ្នាំបោះពុម្ពសៀវភៅប៉ុណ្ណោះ ធ្វើឲ្យខ្ញុំចំណាយពេលផ្ទៀងផ្ទាត់ទម្រាំតែដឹងថាត្រូវនឹងឆ្នាំ ១៩៥៥នៃគ្រិស្តសករាជ (មិនគួរឲ្យកើតមានសោះចំពោះបុគ្គលមួយរូបដែលប្រកាសខ្លួនឯងថាជាពុទ្ធសាសនិក) ។
ដូច្នេះតាមបទពិសោធន៍ផ្ទាល់ខ្លួនប្រហែលជាយុវវ័យខ្មែរជំនាន់ក្រោយមិនតិចទេដែលជួបបញ្ហាដូចខ្ញុំ ។
បើពិនិត្យជារួមឃើញថា ខែទាំង១២នៃចន្ទគតិបូករួមជាមួយគ្នាមានចំនួនថ្ងៃតិចជាងខែនៃ ប្រតិទិនសុរិយគតិ (៣៦៥ ឬ៣៦៦ថ្ងៃ) ដូច្នោះហើយបានជារៀងរាល់បួនឆ្នាំម្ដង គេតែងតែលើកខែអាសាធជាពីរគឺ ៖ បឋមាសាធ និង ទុតិយាសាធ ៕