ក្រសួងធនធានទឹកបានប្រកាស់ថាអាកាសធាតុក្ដៅ និងរាំងស្ងួតនឹងនៅឆ្នាំ២០១៩នេះ នឹងអូសបន្លាយរយៈពេលយូទៅមុខទៀត ពោលគឺអាចរហូតដល់ដើមខែមិថុនា ហើយរដូវវស្សានឹងមកដល់យឺត និងមានភ្លៀងកក់ខែធ្លាក់ក្នុងកំរិតតិចតួច។
ក្រសួងធនធានទឹកសរសេរថា សីតុណ្ហភាពនៅក្រមខណ្ឌទូទាំងប្រទេសមានក្នុងរង្វង់៣៦ ទៅ៣៨អង្សាសេ ប៉ុន្តែនៅខែមេសា និងឧសភា ពេលខ្លះសីតុណ្ហភាពនឹងឡើងដល់៤០ឬ៤២អង្សាសេ ហើយរដូវប្រាំងឆ្នាំនេះនឹងអូសបន្លាយដល់ពាក់កណ្ដាលខែឧសភា។
ក្រសួងធនធានទឹកក៏បានបញ្ជាក់ថាភ្លៀងកក់ខែមានកំរិតតិចតួច ហើយអាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាដើមនៅខែមេសា និងឧសភា។ ដោយឡែកនៅខែឧសភា អាចមានភ្លៀងធ្លាក់តិចតួចតែរាយប៉ាយមិនបានល្អ ហើយអាកាសធាតុក្ដៅអាចនឹងបន្តអូសបន្លាយរហូតដល់ដើមខែមិថុនា។
ទឹកភ្លៀងអាចចាប់ផ្ដើមធ្លាក់ពីមធ្យម ទៅបង្គួរពីដើមខែមិថុនា ដល់ពាក់កណ្ដាលខែកក្កដា ហើយទឹកភ្លៀងប្រចាំឆ្នាំ២០១៩ អាចមានបរិមាណតិចជាងមធ្យមភាគច្រើនឆ្នាំ។
អាកាសធាតុក្តៅ និងរាំងស្ងួតដែលមានរយៈពេលវែងនៅក្នុងឆ្នាំ២០១៩ នឹងធ្វើឲ្យខ្វះទឹកប្រើប្រាស់ ក៏ដូជជាទឹកសំរាប់ការដាំដុះ ស្រែចំការរបស់កសិករនានានៅទូទាំងប្រទេសផងដែរ។