ការជួយគ្នាទៅវិញទៅមក គឺជារឿងល្អនៅក្នុងសង្គមមួយនេះ ដែលយើងគួរតែធ្វើ និងគាំទ្រឱ្យមានទង្វើល្អៗឱ្យបានច្រើន។ ប៉ុន្តែយ៉ាងណាមិញ សម្រាប់ខ្លួនយើងផ្ទាល់ ក៏មិនគួរទៅពឹង ឬរំខានអ្នកណាឡើយ ជាពិសេស នៅពេលដែលយើងស្ថិតក្នុងស្ថានភាពទាំង៣ខាងក្រោមនេះ សូម្បីតែទៅពឹង ឬរំខានបងប្អូន ក្រុមគ្រួសារ ឬមនុស្សដែលជិតស្និទ្ធបំផុត។
១. នៅពេលដែលយើងគ្មានលុយ
ដូចពាក្យគេថា "អ្នកមាន ទោះបីលាក់ខ្លួន ទៅរស់នៅលើភ្នំ ព្រៃជ្រៅ ក៏នៅតែមានអ្នកតាមស្គាល់ ប៉ុន្តែអ្នកក្រ ទោះបីនៅតាមផ្លូវគេដើរទៅមក ក៏គ្មានអ្នកណារាប់រក អើពើ ធ្វើស្គាល់នោះដែរ"។ ដូច្នេះហើយ អ្នកត្រូវចាំថា នៅពេលដែលអ្នកក្រ គ្មានលុយ គ្មានទ្រព្យ គ្មានមុខមាត់ កុំថាឡើយទៅពឹងអ្នកដទៃឱ្យជួយ ការធ្វើខ្លួនទន់ជ្រាយ នៅពេលដែលយើងក្រ គេមិនជួយយើងហើយ ថែមទាំងសើចចំអក មើលងាយ ស្ដីបន្ទោសថាមកពីយើងខ្ជិល យើងមិនប្រឹង យើងមិនកំណើត ទើបក្របែបហ្នឹង។
ត្រូវចាំថា អ្នកមាន ដែលជួយអ្នកក្រខ្វះខាត គេជួយតែម្ដងពីរដងតែប៉ុណ្ណោះ ព្រោះវាជាសន្ដានចិត្តរបស់គេ តែគេមិនអាចជួយមនុស្សដដែលៗមួយជីវិតនោះឡើយ។ ហើយត្រូវចាំថា បើអ្នកក្រ គញមានលុយ គ្មានទ្រព្យ កុំថាឡើយអ្នកដទៃ សូម្បីតែបងប្អូន សាច់ញាតិខ្លះរបស់យើង ក៏គេមិនជួយ មិនស្គាល់យើងដែរ។ ដូច្នេះ ជីវិតទោះបីជាក្រ ខ្វះទ្រព្យប៉ុនណា ក៏ត្រូវតែខំប្រឹងប្រែងដោយខ្លួនឯង រើបម្រះពីភាពក្រលំបាកទាំងអស់ឱ្យបាន។
២. ពេលដែលអ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់
មែនហើយ រឿងខ្លះ មិនមែនយើងធ្វើមិនបានទេ តែមកពីយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវា យ៉ាងណាមិញ បើអ្នកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ កុំទាន់អាលអស់សង្ឃឹម កុំទាន់អាលទៅពឹង ឬសុំជំនួយពីអ្នកណា ព្រោះវេលានេះ បើអ្នកទៅពឹងអ្នកដទៃ ពឹងប៉ះចំមនុស្សដែលមិនអាចជួយអ្នកបាន គេមានតែសើចចំអកដាក់អ្នកតែប៉ុណ្ណោះ ដូច្នេះហើយ កុំទៅពឹងអ្នកណាម្នាក់អី។
ត្រូវខំប្រឹងប្រែង អភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀត ខំប្រឹងជួយខ្លួនឯងសិន ប្រឹងកែច្នៃខ្លួនឯងឱ្យបានល្អ ទោះតែយើងល្អ ខ្លាំង មានសមត្ថភាពដោយខ្លួនឯង ទើបអ្នកផ្សេងគេមើលឃើញ ទើបគេមានចិត្តចង់ជួយយើងតាមក្រោយ។ ហើយត្រូវដឹងថា ផែនដីនេះ មនុស្សបើទន់ជ្រាយ អសមត្ថភាពហើយ គ្មានកន្លែងសម្រាប់ឈរជើងនោះឡើយ។
៣. ពេលអ្នកបរាជ័យ
នៅពេលអ្នកជួបបញ្ហា ការបរាជ័យ មិនថារឿងស្នេហា ឬការងារនោះឡើយ ដាច់ខាតកុំអាលទៅរំខាន ឬពឹងសុំជំនួយពីអ្នកណា ត្រូវដឹងថា ការត្អូញត្អែរ ទួញសោករបស់អ្នក នឹងក្លាយជាផលរំខានចំពោះមនុស្សដែលកំពុងតែនៅក្បែរអ្នក។ អ្នកត្រូវដឹងថា នៅពេលដែលអ្នកមានបញ្ហា ជួបរបួសប្រេះស្រាំ រឿងដែលសំខាន់បំផុត គឺព្យាយាមយល់ពីខ្លួនឯងឱ្យបានច្បាស់ ព្យាយាមព្យាបាលរបួសខ្លួនឯងឱ្យជាសះស្បើយ កុំទៅត្អូញត្អែរ ទួញសោក រំខានអ្នកណាម្នាក់ឱ្យសោះ។
ត្រូវចាំថា មនុស្សទោះបីជាស្និទ្ធនឹងយើងប៉ុនណា បារម្ភពីយើងខ្លាំងប៉ុនណា តែបើយើងនៅតែជាមនុស្សទួញសោកឥតល្ហែ នៅតែទន់ជ្រាយ ធ្វើខ្លួនសាំញុំាខ្លាំង គ្មានអ្នកណាអាចនៅស្ដាប់រឿងដដែលៗរបស់យើងនោះឡើយ ដូច្នេះហើយ កុំធ្វើឱ្យគេធុញទ្រាន់ ជាមួយនឹងបញ្ហា ការបរាជ័យរបស់យើងឱ្យសោះ។ មនុស្សខ្លះ គេមិនចង់ស្ដាប់រឿងមិនល្អរបស់យើងទេ គេខ្លាចនាំស៊យ កាត់លាភសំណាងរបស់គេ ដូច្នេះហើយ រៀនមើលថែខ្លួនឯងឱ្យបានល្អទៅ ជួយខ្លួនឯងសិន ទើបជារឿងប្រសើរ៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក