ទឹកដោះគោស្រស់ ជាធម្មតាមានកាលបរិច្ឆេទផុតកំណត់របស់វា ចន្លោះតែមួយសប្តាហ៍ ទៅពីរសប្ដាហ៍អីប៉ុណ្ណោះ វាស៊ីសងលើចំណុះផ្ទុកនិងម៉ាកផលិតផលនីមួយៗដែរ។ សង្កេតឃើញបងប្អូនយើងជាច្រើន ឲ្យតែឃើញហួសដឺឡេគឺបោះចោលហើយ ដែលវាជារឿងត្រឹមត្រូវមិនខុសនោះទេ តែគ្រាន់ថាជាការខ្ជះខ្ជាយ ព្រោះវានៅមានប្រយោជន៍ដែលយើងអាចច្នៃមកធ្វើជារឿងផ្សេង ហើយមិនពាក់ព័ន្ធនឹងសុខភាពរាងកាយរបស់យើងឡើយ៖
៥) ប្រើមកលាងមុខ
យើងទទួលទានគឺខុស តែបើយកមកលាបលើស្បែក គឺជារឿងល្អទៅវិញ។ ដោយសារតែសារធាតុចិញ្ចឹមក្នុងទឹកដោះគោនោះ នៅមិនទាន់ខូចគុណភាពនៅឡើយ ពោលយើងអាចច្នៃមកលាយជាមួយទឹកដើម្បីលាងមុខ ឬប្រើគួបជាមួយម៉ាសបិទមុខ ដែលវាអាចជម្រុះកោសិកាងាប់ ធ្វើឲ្យស្បែកតឹងណែនបានយ៉ាងល្អ។
៤) ដាក់ឲ្យសត្វចិញ្ចឹម
សត្វចិញ្ចឹមដូចជាឆ្កែ ឆ្មាវាទទួលទានបានមិនប៉ះពាល់អីនោះទេ ហើយជាតិកាល់ស្យូមនិងប្រូតេអ៊ីនមួយចំនួន គឺនៅតែល្អសម្រាប់ពួកវា។ ប៉ុន្តែនេះយើងលើកឡើងសម្រាប់តែប្រភេទទឹកដោះគោ ដែលទើបតែហួសថ្មីថ្មោង ២-៣ ថ្ងៃនៃកាលបរិច្ឆេទប៉ុណ្ណោះ មិនមែនទុកដល់ដុះផ្សិតឡើយ។
៣) ស្រោចដំណាំ
ដោយសារតែទឹកដោះគោមានសារធាតុចិញ្ចឹមច្រើន ដូច្នេះហើយបើយើងចេះច្នៃមកស្រោចរុក្ខជាតិ វានឹងកាន់តែបានផលល្អ។
២) យកស្នាមប្រឡាក់ចេញពីសំលៀកបំពាក់
ស្នាមប្រឡាក់ដោយសារទឹកថ្នាំនៅលើសំលៀកបំពាក់ ក៏យើងអាចប្រើទឹកដោះគោមកលាងសម្អាតបានដែរ ដោយយកក្រណាត់ទៅជ្រលក់ទឹកដោះគោ ហើយមកជូតថ្នមៗលើផ្ទៃដែលប្រឡាក់ ឬត្រាំវាចោលក្នុងទឹកដោះគោនោះមួយយប់ សឹមលាងវាចេញក៏បានដូចគ្នា។
១) សម្អាតវត្ថុមានជាតិប្រាក់
របស់លោហៈដែលមានជាតិប្រាក់ ពេលទុកយូរវាងាយពុកផុយ ឬច្រេះ ដែលយើងអាចយកវាមកត្រាំក្នុងទឹកដោះគោដែលផុតកំណត់នោះបាន ហើយលាយជាមួយទឹកខ្មេះបន្តិច ក្រូចឆ្មាប៉ុន្មានចំណិតដើម្បីបន្ថែមជាតិអាស៊ីដ។ ក្រោយត្រាំវារួច យកមកលាងជាមួយទឹកស្អាតធម្មតា អ្នកនឹងឃើញលទ្ធផល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក