ទម្លាប់មិនល្អខាងក្រោម ប្រសិនអ្នកកំពុងអនុវត្ត គួរតែបោះបង់វាចោល ព្រោះអីវាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់សុខភាពតម្រងនោម ឬក្រលៀន៖
១) ទទួលទានទឹកមិនគ្រប់គ្រាន់
ជារៀងរាល់ថ្ងៃ មនុស្សយើងត្រូវការផឹកទឹកឲ្យបានគ្រប់គ្រាន់ពី ២ ទៅ ២,៥ លីត្រ ព្រោះប្រសិនរាងកាយមានជាតិទឹកគ្រប់គ្រាន់នោះ វានឹងជួយតម្រងនោមបញ្ចេញជាតិពុលបានល្អដូចគ្នា។
ផ្ទុយទៅវិញបានរាងកាយធ្លាក់ទៅក្នុងស្ថានភាពខ្វះជាតិទឹក នោះជាហេតុផលចម្បងមួយដែលងាយឲ្យកើតជំងឺគ្រួសក្នុងតម្រងនោម ឬខ្សោយតម្រងនោម អាចប្រឈមគ្រោះថ្នាក់ខ្លាំងទៅថ្ងៃមុខ។
២) ទទួលទានអំបិលច្រើន
អាហារដែលសម្បូរទៅដោយអំបិល វាមិនត្រឹមតែបង្កើនសម្ពាធឈាមប៉ុណ្ណោះទេ ជាមួយគ្នានេះវាក៏បង្កផលប៉ះពាល់ដល់តម្រងនោមរបស់យើងផងដែរ។ ជាមធ្យមយើងគួរទទួលទានអំបិលប្រហែល ៥ ក្រាម/ថ្ងៃ គឺល្អបំផុត។
៣) ទទួលទានអាហារកែច្នៃច្រើន
អាហារកែច្នៃដូចជាបឺហ្គឺ អាហារកំប៉ុង សាច់ក្រក ដែលមានជាតិផូរស្វ័យ និងសូដ្យូមច្រើន អាចបណ្ដាលឲ្យខូចតម្រងនោមដូចគ្នា។ ដូច្នេះអ្នកត្រូវតែកាត់បន្ថយជាចាំបាច់នៅទម្លាប់ទទួលទានអាហារប្រភេទនេះ។
៤) លេបថ្នាំបំបាត់ការឈឺចាប់ច្រើន
ការដែលទទួលទានថ្នាំបំបាត់ការឈឺចាប់ច្រើនពេក វាកាន់តែបង្កផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល។ តែគ្រាន់ថាផ្នែកតម្រងនោមនេះ គឺប៉ះពាល់ធ្ងន់ធ្ងរជាងគេហើយ។
៥) កង្វះការគេង
គេងមិនស្កប់ស្កល់ គេងមិនគ្រប់គ្រាន់នោះក៏ជាដើមចមនាំឲ្យខូចតម្រងនោមផងដែរ។ ព្រោះមុខងារតម្រងនោម ក៏វាមានវដ្ដដំណើរការទៅមកដូចផ្នែកដទៃទៀត ដែលមានពេលវេលាសម្រាក ដូច្នេះមិនអាចសកម្មជាប់ម៉ោងរហូតឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក