ឆ្នាំនេះករុណាមានអាយុ២១ឆ្នាំ។ ករុណាជាកូនច្បងនៅក្នុងគ្រួសារហើយក៏មានរយៈពេល១ឆ្នាំផងដែរ ដែលករុណាបានមកធ្វើការងារនៅទីក្រុងភ្នំពេញ។ ករុណាជាមនុស្សឧស្សាហ៍ព្យាយាមម្នាក់ ក្នុងចំណោមក្មេងៗជាច្រើនដែលធ្វើការងារជាមួយគ្នា។ ករុណាជាសន្ដិសុខស្ថាប័នឯកជនមួយកន្លែង។ ថ្ងៃមួយ ខណៈក្នុងកំលុងពេលបិណ្ឌទី៦ នៃការកាន់បិណ្ឌភ្ជុំរបស់ខ្មែរ អ្នកគ្រប់គ្រងរបស់ករុណាបានមកប្រាប់ថា ឆ្នាំនេះករុណាមិនបាច់ទៅលេងផ្ទះទេ ព្រោះគ្មានអ្នកនៅកន្លែង។ ករុណាដែលបំណងប្រាថ្នាចង់ទៅលេងស្រុក ដែលគូដណ្តឹងកំពុងរង់ចាំនៅថ្ងៃភ្ជុំធំនោះ ហាក់ស្រងល់ចិត្តដោយភ្ញាក់ផ្អើល។ ករុណា នៅទ្រឹងបន្តិច ហើយសួរទៅប្រធានរបស់គេវិញថា ហេតុអ្វីត្រូវឃាត់ឱ្យគេនៅ ព្រោះថ្ងៃភ្ជុំធំមិនមែនជាវេនរបស់គេត្រូវប្រចាំការទេ។ ប្រធានរបស់ករុណា ពន្យល់ថា រឿងនេះគេយល់គេដឹង ប៉ុន្តែដោយសារម្ចាស់វេន ដែលត្រូវប្រចាំការថ្ងៃភ្ជុំធំនោះមានធុរៈចាំបាច់តាំងពីថ្ងៃ១៣រោចទៅ ម្ល៉ោះហើយករុណាត្រូវជំនួសគេ ចាប់ពីថ្ងៃ១៣រោចទៅ។ ករុណា បានប្រកែកចំពោះកិច្ចការនេះដោយលើកឡើងថា អ្នកផ្សេងគេចេះមានធុរៈ ចុះខ្លួនមិនអាចមានធុរៈចាំបាច់ទេឬ? ប្រធានរបស់ករុណាតបវិញថា មិនមែនដូចករុណាគិតនោះទេ អ្នកដែលត្រូវយាមនោះពិតជាមានធុរៈមែន ហើយករុណាអាចសម្រាកជំនួសបាននៅថ្ងៃក្រោយភ្ជុំរួច។
ពាក្យដោះសាររបស់ប្រធាន មិនបានធ្វើឱ្យករុណាស្ងប់ចិត្តនោះទេព្រោះករុណាបានណាត់ជាមួយគូដណ្តឹងរួចទៅហើយ ថាថ្ងៃភ្ជុំពួកគេនឹងយកបាយសម្លទៅវត្ត ប្រគេនព្រះសង្ឃទំាងអស់គ្នា ម្យ៉ាងពួកគេទើបតែភ្ជាប់ពាក្យហើយថ្មីៗផង។ ជាពិសេស គឺករុណាចង់ទៅសួរសុខទុក្ខលោកឪពុកដែលមានជំងឺប្រចាំកាយ។ ប្រធានរបស់ករុណានៅតែទទូចថា ករុណាត្រូវតែនៅប្រចាំការ ព្រោះគ្មានអ្នកជំនួសទៀតទេ។ អ្នកផ្សេងៗគេបានសុំច្បាប់ជាមុន ហើយសម្រាប់ករុណា ដែលនៅជំនួសម៉ោងអ្នកផ្សេង នឹងទទួលបានប្រាក់ប្រចាំថ្ងៃគុណនឹងពីរ។
ឮដូច្នេះ ករុណានៅតែមិនសប្បាយចិត្តឡើយ ព្រោះតម្រូវការរបស់ក្រុមហ៊ុន ធ្វើឱ្យគេនិងគូដណ្តឹង អាចឈានទៅរកការអាក់អន់ចិត្តគ្នា ជាពិសេសគេមិនបានទៅសួរសុខទុក្ខលោកឪពុកជាទីគោរព។
ដោយសារឮពាក្យថា នឹងទទួលបានប្រាក់កម្រៃមួយគុណនឹងពីរធ្វើឱ្យករុណារារែកក្នុងចិត្តដែរ ព្រោះគេយល់ថា បើគេទៅស្រុកក្នុងថ្ងៃភ្ជុំបិណ្ឌ គេនឹងអាចជួបជាមួយគូដណ្តឹង និងធ្វើឱ្យគូដណ្តឹងសប្បាយចិត្ត និងឪពុកម្តាយក៏សប្បាយចិត្តដែរ តែគេក៏គិតឃើញដែរថា បើគេមិនទៅស្រុកទេ គូដណ្តឹងនឹងខឹងគេ ឬអាចឈានទៅដល់ផ្តាច់ពាក្យ តែអ្វីដែលធ្វើឱ្យគេគិតឡើងវិញមួយទៀតនោះគឺ បើមិនទៅស្រុក យ៉ាងច្រើនគូដណ្តឹងបានត្រឹមតែខឹង តែគេអាចទទួលបានកម្រៃសម្រាប់ផ្ញើទៅឱ្យម្តាយ និងឪពុកគ្រាន់នឹងទិញថ្នាំ ទិញអាហារឆ្ងាញ់ហូបដែរ។ គិតហើយករុណាសម្រេចថា មិនទៅស្រុកកំណើតទេ។ លុះសម្រេចចិត្តហើយ គូដណ្តឹងរបស់ករុណាក៏ទូរសព្ទមកល្មម។ គូដណ្តឹងរបស់ករុណាបានប្រាប់ឱ្យករុណាទិញនំបុ័ង និងរបស់របរផ្សេងៗទៀតសម្រាប់ពួកគេយកទៅវត្ត។
សំឡេងតាមទូរសព្ទដ៏ពីរោះរបស់គូដណ្តឹង បានធ្វើឱ្យករុណាអល់អែករារែកចិត្ត មិនដឹងឆ្លើយបែបណាដើម្បីកុំឱ្យនាងខឹង ដើម្បីឱ្យនាងអនុគ្រោះដល់រូបគេ។ ករុណានៅទ្រឹងមួយសន្ទុះធំ ទើបដាច់ចិត្តឆ្លើយទៅវិញថា ឱ្យបងសុំទោសផង! ភ្ជុំឆ្នាំនេះបងមិនបានទៅស្រុកទេ ព្រោះត្រូវបំពេញភារកិច្ចជំនួសគេ តែក្រោយភ្ជុំបងនឹងទៅជួបអូន។
ពាក្យនេះមិនបានធ្វើឱ្យគូដណ្តឹងគេពេញចិត្តទេ នាងបាននិយាយបែបគំហកខ្លាំងៗថា រដូវបុណ្យទានមិនទៅលេងស្រុក មិនធ្វើបុណ្យឱ្យជីដូនជីតា តើជាមនុស្សបែបណាទៅ?
សំណួរនេះ ករុណាមិនបានឆ្លើយតបក្រៅពីពាក្យថា សុំទោសទេ។ ករុណាព្យាយាមសុំទោសគូដណ្តឹងម្តងហើយម្តងទៀត ទោះនាងមិនព្រមអធ្យាស្រ័យក្តី។ បន្ទាប់មកនាងក៏ផ្តាច់ទូរសព្ទទំាងកំហឹង ហើយការផ្តាច់ទូរសព្ទពីគូដណ្តឹង ធ្វើឱ្យករុណារសាប់រសល់យ៉ាងខ្លាំង តែដើម្បីបានប្រាក់បន្ថែម យកទៅទិញថ្នាំឱ្យឪពុក គេត្រូវតែធ្វើបែបនេះសិន។ ករុណាបណ្តោយឱ្យនាងខឹងតាមចិត្តសិន ដោយគេគិតថា ពេលក្រោយភ្ជុំ ទៅដល់ស្រុកគេនឹងប្រាប់រឿងរ៉ាវនេះដល់នាង។ ពេលគូដណ្តឹងផ្តាច់ទូរសព្ទ ធ្វើឱ្យចិត្តករុណាអន្ទះអន្ទែង ចង់ពន្យល់នាងឱ្យយល់ តែពេលគេទូរសព្ទទៅនាងវិញ នាងក៏មិនលើក។ ឆាតតាមហ្វេសប៊ុកក៏នាងមិនឆ្លើយ តាមតេលេក្រាមក៏នាងព្រងើយ។ កាយវិការរបស់គូដណ្តឹងធ្វើឱ្យករុណាស្មុគស្មាញកាន់តែខ្លាំង តែគេព្យាយាមធ្វើចិត្តឱ្យស្ងប់ និងសង្ឃឹមថា ក្រោយភ្ជុំនាងនឹងយល់ពីអារម្មណ៍របស់គេ។ ដើម្បីជាការគួរសម ជាមួយម្តាយឪពុក ករុណាក៏បានទូរសព្ទទៅសុំទោសម្តាយឪពុករបស់គេដែរ តែម្តាយ និងឪពុករបស់គេប្រាប់ថា កុំឱ្យគេបារម្ភពីរឿងនេះ ព្រោះធ្វើយ៉ាងណាបំពេញការងារឱ្យគេឱ្យបានល្អ ឯការទៅសួរសុខទុក្ខម្តាយឪពុក ចាំហើយភ្ជុំក៏មិនទាន់ហួសពេលដែរ។ ស្តាប់ប្រសាសន៍ទំាងនេះ ធ្វើឱ្យករុណាស្ងប់អារម្មណ៍។
មិនយូរប៉ុន្មានថ្ងៃភ្ជុំបិណ្ឌបានមកដល់។ ប្រធានរបស់ករុណាបាន ប្រាប់ករុណាថា គេមិនមែនយាមនៅកន្លែងចាស់ទេ គឺត្រូវមកបំពេញការងារនៅក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយ នោះគឺសាលារៀន អន្ដរទ្វីប អាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី។
ដោយសារមានភារកិច្ចត្រឹមតែជាអ្នកយាម ករុណាមិនបានចាប់អារម្មណ៍ចំពោះឈ្មោះសាលាដ៏ល្បីល្បាញនេះទេ ប៉ុន្តែពេលប្រធានរបស់គេបើករថយន្តជូនគេមកដល់ទើបគេលាន់មាត់ថា សាលានេះពិតជាអស្ចារ្យមែន។ អគារខ្ពស់ជ្រងោជិត២០ជាន់ និងមានទំហំធំ ដែលគេមិនធ្លាប់ជួបពីមុនមក។ អគារសាលាពណ៌សលាយក្រហម និងមានឆ្លាក់អក្សរធំៗនៅខាងលើថា អេ អាយ អេស និង អេ អាយ អាយ បើមើលពីចម្ងាយទៅ គឺជាអគារភ្លោះដ៏គួរឱ្យស្ញប់ស្ញែងនៅប្របផ្លូវម៉ៅសេទុង។ ឯផ្លូវនៅទីនេះមានសភាពស្អាតបាតគ្មានសំរាម វាប្រៀបបាននឹងសង្កាត់ឬតំបន់បរទេសមួយក្នុងរាជធានីភ្នំពេញ។ ករុណានៅយាមអគារតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ព្រោះមិនសូវមានមនុស្សធ្វើចរាចរណ៍ទៅមកតាមផ្លូវដូចសព្វដងទេ ហើយរាល់ពេលបាយប្រធានរបស់ករុណាតែងបើករថយន្តយកបាយសម្លមកឱ្យ។ នៅថ្ងៃ១៤រោចនេះ ខណៈកំពុងផ្ចង់អារម្មណ៍លើការបំពេញការងារ ស្រាប់តែរថយន្តសេរីទំនើបពណ៌ខ្មៅបានបើកមកដល់។
ពេលរថយន្តឈប់ បុរសវ័យជាង៤០ឆ្នាំបានដើរមករកគេ។ ក្នុងនាមជាឆ្មាំក្រុមហ៊ុន ករុណាសួរទៅបុរសនេះថា សុំអធ្យាស្រ័យ តើលោកពូមកមានការអ្វីដែរ?
បុរសចំណាស់ដែលមើលទៅសាច់ឈាមជាកូនចៅចិន បានឆ្លើយវិញថា គឺសុំចូលក្នុងអគារសាលាបន្ដិច។ ករុណា ដែលជាមនុស្សម៉ិតប្រាយក្នុងការងារបានសួរទៀតថា តើលោកពូចូលមានការអ្វីដែរ? បុរសចំណាស់នេះសើច ហើយប្រាប់ថា ពូចូលទៅសម្រាកនៅការិយាល័យពូ។
ការិយាល័យ! ពូជាអ្នកណា? ម៉េចខ្ញុំមិនដឹង? គ្មានអ្នកណាប្រាប់ខ្ញុំ?
ពូជាម្ចាស់ក្រុមហ៊ុននេះ! (បុរសចំណាស់ឆ្លើយ)
ទេ! ខ្ញុំមិនអាចឱ្យពូចូលបានទេ បើគ្មានការអនុញ្ញាតពីប្រធានខ្ញុំ!
បុរសចំណាស់នៅតែញញឹម ហើយហុចនាមប័ណ្ណឱ្យករុណា និងនិយាយពាក្យដដែលថា មិនអីទេ មានរឿងអី ពូធានាខុសត្រូវ។ នេះគឺជានាមប័ណ្ណរបស់ពូ...
ទេ! បើមេខ្ញុំមិនប្រាប់ឱ្យចូល ខ្ញុំមិនឱ្យពូចូលទេ!
បុរសដដែលនៅតែញញឹម ហើយដកទូរសព្ទទាក់ទងទៅប្រធានរបស់ករុណា ប្រាប់ពីរឿងករុណា មិនឱ្យចូលក្នុងការិយាល័យ។ បន្តិចក្រោយមក បុរសចំណាស់នេះបានហុចទូរសព្ទមកឱ្យករុណា ដើម្បីនិយាយជាមួយប្រធានរបស់គេ។ គ្រាន់តែដាក់ទូរសព្ទក្បែរត្រចៀកបានបន្តិច ករុណាបើកភ្នែកធំៗបបូរមាត់ចាប់ផ្តើមស្លេក ដោយការភ័យព្រួយ រួចលេបទឹកមាត់បំបាត់ការភ័យ។
ស្តាប់បណ្តើរ ករុណាមើលទៅបុរសចំណាស់បណ្តើរ បន្ទាប់គេក៏ហុចទូរសព្ទទៅឱ្យបុរសចំណាស់វិញ។ បុរសចំណាស់ទទួលយកទូរសព្ទទំាងញញឹម រួចលូកដៃទះស្មាករុណាបណ្តើរ ហើយក៏បានពោលលួងចិត្តករុណាបណ្តើរ៖
មិនអីទេ ក្មួយកុំបារម្ភអី។ ក្មួយធ្វើតាមភារកិច្ចក្មួយ គឺត្រឹមត្រូវហើយ ពូទេដែលជាអ្នកខុសនោះ ព្រោះមកទីនេះខុសម៉ោងធ្វើការ ហើយមិនបានប្រាប់មុន។ ក្មួយពិតជាធ្វើការបានហ្មត់ចត់ណាស់ ពូចង់បានមនុស្សហ្មត់ចត់ដូចក្មួយ មកធ្វើការឱ្យពូ។
ដោយឃើញទឹកមុខករុណាមិនសប្បាយចិត្ត បុរសចំណាស់បានលូកហោប៉ៅដកយកថវិកា១០០ដុល្លារហុចទៅឱ្យករុណា ដើម្បីជាការលើកទឹកចិត្ត។
នែ...! ពូឱ្យក្មួយចាយថ្ងៃភ្ជុំ...
ករុណាមិនព្រមទទួលយកទេ តែបុរសចំណាស់នៅតែតឿន
យកទៅ...! ពូឱ្យមែនណា៎...!
ដោយមើលទៅបុរសនេះ ពិតជាឱ្យដោយស្មោះមែន ករុណាលំឱនកាយបន្តិច រួចទទួលយកថវិកាពីបុរសនេះ។ ភ្លាមនោះ ប្រធានរបស់ករុណាក៏មកដល់។ ករុណា គ្រាន់តែឃើញរថយន្តរបស់ប្រធានខ្លួនមកដល់ បបូរមាត់របស់គេឡើងស្លេកគ្មានឈាមម្តងទៀត។ ប្រធានរបស់ករុណា ចុះពីលើរថយន្តដើរយ៉ាងលឿនមករកបុរសចំណាស់ និងករុណាដែលកំពុងឈរទន្ទឹមគ្នា។ ប្រធានរបស់ករុណាលើកដៃសំពះដោយបន្ទន់ខ្លួនបន្តិចផង រួចនិយាយទៅកាន់បុរសចំណាស់៖
ខ្ញុំសុំទោសបងឧកញ៉ា...! គាត់ជាសន្តិសុខយាមនៅគោលដៅផ្សេងទេ តែដោយសារអ្នកផ្សេងរវល់ ខ្ញុំក៏ឱ្យគាត់មកជំនួសនៅទីនេះម្តងទៅ។
បុរសចំណាស់លើកដៃសំពះប្រធានករុណាវិញ រួចតប៖
បាទមិនអីទេ! ការពិតគាត់ល្អណាស់។ គាត់ហ្មត់ចត់នឹងការងារ គាត់ធ្វើអ៊ីចឹង គឺត្រូវហើយ។
ប្រធានករុណាងក់ក្បាល រួចប្រាប់ឱ្យករុណា សូមអភ័យទោសបុរសចំណាស់៖
សូមអភ័យទោសបងឧកញ៉ាទៅ! គាត់គឺឧកញ៉ា គួច ម៉េងលី ជាប្រធានក្រុមហ៊ុននេះ។
គ្រាន់តែបានឮថា លោកឧកញ៉ា គួច ម៉េងលី ជាប្រធានក្រុមហ៊ុននៃសាលារៀន អន្តរទ្វីប អាមេរិកាំង ករុណាភ័យឡើងញ័រដៃញ័រជើងទប់ខ្លួនសឹងមិនជាប់។ ឃើញករុណាដូច្នេះ លោកឧកញ៉ា បានមកឈរក្បែររួចនិយាយលួងចិត្តដូចមុនទៀត៖
មិនអីទេ កុំភ័យអី ឈប់ភ័យទៅ ខ្ញុំមិនយកទោសពៃអីទេ។ ក្មួយធ្វើត្រូវហើយ។ បន្ទាប់មកលោកឧកញ៉ា ងាកទៅនិយាយជាមួយប្រធាន របស់ករុណា៖
សូមកុំខឹងគាត់អីណា... គាត់ធ្វើត្រូវហើយ។ ភារកិច្ចអ្នកយាម បើមិនស្គាល់គេ ហើយចេះតែឱ្យចូលក្រុមហ៊ុន នោះគឺមិនល្អឡើយ ហើយបើលោកប្រធានមិនសប្បាយចិត្ត ខ្ញុំសុំយកគាត់មកធ្វើជាបុគ្គលិកផ្ទាល់របស់ខ្ញុំវិញ។
ប្រធានរបស់ករុណា ងក់ក្បាលតិចៗ
បាទមិនអីទេបងឧកញ៉ា! ខ្ញុំក៏មិនបន្ទោសគាត់ដែរ តែខ្ញុំបារម្ភថា បងឧកញ៉ាមិនសប្បាយចិត្ត។
លោកឧកញ៉ាទះស្មាប្រធានរបស់ករុណាដោយញញឹម
មិនអីទេ! ដូចខ្ញុំនិយាយដដែលអ៊ីចឹង ខ្ញុំទេជាអ្នកមានកំហុស ព្រោះមកទីនេះ ក្នុងថ្ងៃគេសម្រាក។
បន្ទាប់មកទំាងអស់គ្នាក៏ផ្ទុះសំណើចដោយរីករាយ។ ឯករុណាក៏នឹកក្នុងចិត្តថា លោកឧកញ៉ា គួច ម៉េងលី មើលទៅខុសពីឧកញ៉ាមួយចំនួនតូចផ្សេងទៀត ដែលមានចរិតកោងកាច ឃោរឃៅ គ្មានក្តីសន្តោសប្រណីគ្មានការអធ្យាស្រ័យ សន្តិសុខឬអង្គរក្សធ្វើខុសឆ្គងបន្តិចបន្តួច គ្មានការអនុគ្រោះ បែរជេរប្រទេចប្រមាថ បណ្តេញចេញដូចសត្វធាតុ តែលោកឧកញ៉ាម្នាក់នេះ បែរជាទទួលថាជាកំហុសរបស់ខ្លួនទៅវិញ។ តើនៅមានឧកញ៉ាប៉ុន្មាននាក់ទៀត មានចរិតដូចឧកញ៉ា គួច ម៉េងលី ដែលចិត្តទូលាយ ចេះយោគយល់ដល់អ្នកតូចតាចទៅ? ម្ចាស់បែបនេះទើបគេហៅថា ម្ចាស់ចិត្តល្អ ចិត្តសប្បុរស ព្រោះចេះយល់ពីទុក្ខលំបាក និង
ឧបសគ្គរបស់អ្នកក្រោមបង្គាប់។
បន្ទាប់មកប្រធានរបស់ករុណា ក៏លាលោកឧកញ៉ាត្រឡប់ទៅវិញឯលោកឧកញ៉ា ក៏ឡើងទៅកាន់ការិយាល័យរបស់លោក ដើម្បីបំពេញការងារ។ ចំណែកករុណា ក៏នៅបន្តការងាររបស់គេបន្តទៀត៕
................................................
ដកស្រង់ពីសៀវភៅ #កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ/A Collection of Stories My Role Model,Oknha Dr. Mengly J. Quach
បោះពុម្ពផ្សាយខែមករា គ.ស.២០២០
និពន្ធដោយ៖ អឿ ស៊ីណា
#MJQUP #A Collection of Stories My Role Model,Oknha Dr. Mengly J. Quach #ប្រិយមិត្តអ្នកអានអាចរកជាវសៀវភៅនេះបាននៅតាមបណ្ណាគារដែលមានរាយនាមនៅក្នុងតំណភ្ជាប់ខាងក្រោម៖
https://www.mjquniversitypress.com/my-role-model-oknha…/
ឬអាចទាក់ទងមកកាន់ក្រុមការងារផ្នែកលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ៖ 070 489 002 (smart), 099 222 397 (Cellcard)
បន្ថែមពីនេះ ក៏មានលក់តាម page L192 ដូចនៅក្នុងតំណភ្ជាប់ខាងក្រោមនេះ៖
https://www.l192.com/search?search=keyword…